លោកសមរង្ស៊ី និងលោក កឹមសុខា ប្រកាសរំសាយ បាតុកម្ម នៅទីលាន ប្រជាធិបតេយ្យ
ប្រភព CENភ្នំពេញ: នៅល្ងាចថ្ងៃទី១៧កញ្ញានេះ លោកសមរង្ស៊ី និងលោក កឹមសុខា បានប្រកាសរំសាយមហាបាតុកម្មអហិង្សា រយៈពេល ៣ ថ្ងៃ ២យប់ ចាប់ពីថ្ងៃអាទិត្យ ទី១៥កញ្ញា នៅទីលានប្រជាធិបតេយ្យ។ ក៏ប៉ុន្តែមេដឹកនាំបក្សប្រឆាំងទាំងពីរ ក៏មិនភ្លេចរម្លឹកដល់បាតុករ ឲ្យត្រៀមខ្លួនមកចូលរួមបាតុកម្មជាថ្មី បើសិនជាបញ្ហាបោះឆ្នោត មិនត្រូវបានដោះស្រាយទេនោះ។
មុននឹងប្រកាសរំសាយបាតុកម្ម លោក សមរង្ស៊ី បានប្រកាសពីលទ្ធផលនៃកិច្ចចរចា ជាមួយថ្នាក់ដឹកនាំកំពូលជាមួយគណបក្សប្រជាជនកម្ពុជា រយៈពេល ៣ ម៉ោង នៅព្រឹកថ្ងៃទី១៧កញ្ញានេះ។ ទោះជាកិច្ចប្រជុំនៅព្រឹកមិញ មិនទទួលបានលទ្ធផលដូចថ្ងៃម្សិលមិញ តែលោកបានប្រកាសពីជោគជ័យនៃការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឲ្យដោះស្រាយបញ្ហាបោះឆ្នោត។
លោកសមរង្ស៊ី និងលោកកឹមសុខា ក៏បានប្រកាសនៅបន្តរួមគ្នាជានិច្ច ដើម្បីការពារ និងមិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ជាដាច់ខាត ទោះបីជាមានបញ្ហាចរចាខ្លះ ដែលលោកមិនទាន់អាចលើកបង្ហាញនៅពេលនេះបានក៏ដោយ។
លោកសមរង្ស៊ី បានវាយតម្លៃខ្ពស់ ដោយចាត់ទុកជាមោទនភាពរបស់បាតុករ ដែលបានចូលរួមបាតុកម្មរយៈពេល ៣ ថ្ងៃមកនេះ ដោយមិនមានអំពើហិង្សា។
យ៉ាងណាក៏ដោយ លោកសមរង្ស៊ី បានបញ្ជាក់ជំហររបស់គណបក្សសង្គ្រោះជាតិ នៅចំពោះមុខបាតុករថា នៅដដែល នោះគឺបេក្ខជនជាប់តំណាងរាស្ត្រទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមប្រជុំសភាទេ បើមិនមានដំណោះស្រាយលើអ្វីដែលបក្សប្រឆាំងទាមទារឲ្យមានកំណែទម្រង់ រាប់ទាំងកំណែទម្រង់គជប ជាដើម៕

