ឆ្កែ​ព្រុស​ខ្លាំង​ម្ចាស់​ស្រែក​ ស្រាប់តែ​ឮ​សំឡេង​ មនុស្ស​ឆ្លើយ​វិញ​ថា​ អញ​មិនមែន​ឆ្កែ​ទេ​គឺ​មក​ប្លន់​

9/18/2013 0 Comments A+ a-

ខេត្ដព្រះវិហារ​ ៖​ សមត្ថកិច្ច​នៅ​ខេត្ដព្រះវិហារ​កំពុង​តែ​បើក​ការ​ស៊ើប​ អង្កេត​ទៅ​លើ​ករណី​ប្លន់​ប្រដាប់​អាវុធ​ មួយ​លើ​គ្រួសារ​ជន​រង​គ្រោះ​ដែល​មាន​ លំនៅ​ឋាន​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមខេត្ដ​ដោយ​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​ ជន​សង្ស័យ​បាន​ប្រើប្រាស់​កាំភ្លើង​ប្រភេទ​ អាកា​ស្វាយ​បត់​៣​ដើម​ចូល​ទៅ​ក្នុងផ្ទះ​ ជន​រង​គ្រោះ​ហើយ​បាន​វាយ​ និង​គំរាម​ កំហែង​យក​លុយ​ និង​គ្រឿងអលង្ការ​ម្ចាស់​ផ្ទះ​អស់ពី​ខ្លួន​ ។​
​មុន​ឈាន​ទៅ​ដល់​ការ​ភ្ញាក់ផ្អើល​នៃ​ អំពើ​ប្លន់​នេះ​ បើ​តាម​កូនស្រី​ជន​រង​គ្រោះ​ ឈ្មោះ​ហេង​ វិច្ឆិកា​ បាន​ប្រាប់​សមត្ថកិច្ច​ ឱ្យ​ដឹង​ថា​ នៅ​វេលា​យប់​នោះ​ឆ្កែ​របស់​ខ្លួន​ បាន​ព្រុស​យ៉ាង​ខ្លាំង​ ហើយ​ឪពុក​ក៏​បាន​ ស្រែក​ចេញពី​ក្នុងផ្ទះ​ “​ឈប់​ព្រុស​ទៀត​ ទៅ​អា​ឆ្កែ​”​ ស្រាប់តែ​ឮ​សំឡេង​ឆ្លើយ​តប​ មក​វិញ​ថា​ “​អញ​មិនមែន​ឆ្កែ​ទេ​ គឺ​មក​ ប្លន់​”​ ពេល​នោះ​ជនសង្ស័យ​ដែល​មាន​គ្នា​ ៦​នាក់​នោះ​បាន​ចូល​ទៅ​ដល់​ក្នុងផ្ទះ​របស់​ នាង​ទៅ​ហើយ​ ។​
​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ខាង​ លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៩​យប់​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ស្ថិត​ នៅផ្ទះ​ជន​រង​គ្រោះ​ដែល​នៅ​តំបន់​នោះ​ គេ​ហៅ​ថា​ ទំនប់​៩៥​ ជា​តំបន់​រមណីយ​ ដ្ឋា​ន​ធម្មជាតិ​ ក្នុងភូមិ​ទំនប់​ សង្កាត់​ប៉ា​ល​ ហាល​ ក្រុង​-​ខេត្ដព្រះវិហារ​ ។​
​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ ក្រុម​ចោរ​ប្លន់​ ដែល​ចូល​មក​ប្លន់​ និង​វាយ​ទៅ​លើ​ ឪពុក​ម្ដាយ​ និង​យាយ​របស់​នាង​ ដើម្បី​ឱ្យ​ ប្រមូល​គ្រឿងអលង្ការ​ និង​លុយកាក់​ឱ្យ​ ពួក​វា​នោះ​ ក៏​បាន​ចាកចេញ​ឆ្ពោះទៅ​ កាន់ជើង​ភ្នំ​ត្បែង​ដោយ​សុវត្ថិភាព​ តែ​ គ្រួសារ​របស់​នាង​ពុំ​មាន​នរណា​ម្នាក់​បាត់​ បង់​អាយុជីវិត​ឡើយ​ ។​
​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ព័ត៌មាន​នេះ​បាន​លេចឮ​ទៅ​ដល់​សមត្ថ​ កិច្ច​ខេត្ដព្រះវិហារ​ក៏​នាំ​គ្នា​ចុះ​មក​ដល់​ផ្ទះ​ ជន​រង​គ្រោះ​ដើម្បី​សួរនាំ​ និង​ធ្វើ​កំណត់​ ហេតុ​រាយការណ៍​ជូន​ថ្នាក់លើ​របស់​ខ្លួន​ យកគុណ​សម្បត្ដិ​ ។​
​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា​ គឺជា​ អ្នក​លក់ដូរ​គ្រឿងក្លែម​ និង​ភេសជ្ជៈ​គ្រប់​ មុខ​ ឈ្មោះ​ហេង​ ហួង​ ភេទ​ប្រុស​ អាយុ​ ជាង​៥០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ដ​ កំពង់ធំ​ និង​មាន​ប្រពន្ធ​ឈ្មោះ​ជា​ សុវណ្ណ​ មានកូន​នៅ​ក្នុង​បន្ទុក​២​នាក់​ រួម​ជាមួយ​ ម្ដាយក្មេក​ និង​បងស្រី​២​នាក់​ទៀត​ ដែល​ ស្នាក់​នៅ​ក្នុងផ្ទះ​លក់ដូរ​ទាំងអស់​គ្នា​ ។​
​នារី​ជា​កូនស្រី​ជន​រង​គ្រោះ​ឈ្មោះ​ហេង​ វិច្ឆិកា​ បាន​ឆ្លើយ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​កើតហេតុ​ នាង​ កំពុង​ដេក​ក្នុង​មុង​ជុំ​គ្នា​ ទាំងអស់​៦​នាក់​ បាន​មួយសន្ទុះ​ស្រាប់តែ​ឮ​សំឡេង​ឆ្កែ​ ព្រុស​យ៉ាង​ខ្លាំង​ ហើយ​ភ្លាម​នោះ​ឪពុក​ របស់​នាង​បាន​ស្រែក​ទៅ​កាន់​ឆ្កែ​ ស្រាប់​ តែ​លេចមុខ​ជនសង្ស័យ​ទាំង​៦​នាក់​ ខ្លះ​ ស្លៀកខោ​ប៉ា​រ៉ា​ បិទមុខ​ដោយ​ក្រមា​ ឃើញ​ តែ​រង្វង់​ភ្នែក​ កាន់​កាំភ្លើង​អាកា​ចូល​ទៅ​ ដល់​ក្នុងផ្ទះ​របស់​នាង​ ហើយ​យក​កាំភ្លើង​ ភ្ជង់​គំរាម​មិន​ឱ្យ​ស្រែក​ ហើយ​បញ្ជា​ឱ្យ​ យក​របស់របរ​ជា​គ្រឿងអលង្ការ​ប្រគល់​ ឱ្យ​ពួក​វា​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ពួក​ចោរ​ ដាច់​យ៉ៃ​ទាំង​៦​នាក់​នេះ​ក៏​ប្រមូល​យក​ សម្ភារ​ជា​ភេសជ្ជៈ​រួម​ជាមួយនឹង​បារី​ទៅ​ ជាមួយ​ផង​ដែរ​ ។​
​នារី​រង​គ្រោះជា​កូន​អាយុ​១៧​ឆ្នាំ​រូប​ នេះ​បាន​បញ្ជាក់​ថា​ ក្រុម​ចោរ​ទាំងនោះ​ បាន​វាយ​ធ្វើបាប​ទៅ​លើ​ឪពុក​ម្ដាយ​ និង​ យាយ​របស់​នាង​ ដោយ​ប្រើ​ដំបង​ឈើ​មូល​ និង​ស្វាយ​កាំភ្លើង​ ហើយ​ពួក​វា​ក៏​មាន​ បក្ខពួក​នៅ​ចាំ​ខាងក្រៅ​ផង​ដែរ​ ។​
​ចំពោះ​ករណី​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​ផ្ទះ​អ្នកលក់​គ្រឿងក្លែម​ និង​ភេសជ្ជៈ​ មួយ​នេះ​គឺជា​លើក​ទី​១​ហើយ​ ដែល​ក្រុម​ ចោរប្លន់​ដាច់​យ៉ៃ​ចេញ​មុខ​ប្លន់​មិន​ខ្លាច​ញញើត​នឹង​កម្លាំង​សមត្ថកិច្ច​ឡើយ​ ហើយ​ទីតាំង​រង​គ្រោះ​ស្ថិត​មិន​ឆ្ងាយ​ពី​ទី​ រួម​ខេត្ដព្រះវិហារ​ប៉ុន្មាន​នោះ​ទេ​ ។​
​ករណី​ខាងលើ​នេះ​គេ​សង្ឃឹមថា​ សមត្ថ​កិច្ច​ខេត្ដព្រះវិហារ​នឹង​ស្រាវជ្រាវ​បំបែក​ សំណុំរឿង​មួយ​នេះ​ រហូត​ឈាន​ទៅ​ដល់​ការ​ ចាប់ខ្លួន​ជនល្មើស​យក​មក​ឱ្យ​ច្បាប់​ផ្ដន្ទា​ទោស​ ៕
ប្រភពពីនគរវត្ត