មនុស្សប្រមាណ៣០ម៉ឺន នាក់ត្រូវចុះឈ្មោះ បោះឆ្នោតថ្មីឆ្នាំ២០១៣នេះ
ចាប់ពីថ្ងៃទី១ដល់ថ្ងៃ២០តុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងផ្តើមធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកទេព នីថា បានអះអាងអោយដឹងថា មានពលរដ្ឋប្រមាណ៣០ម៉ឺននាក់ដែលត្រូវមានឈ្មោះ សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មី។ គួរបញ្ជាក់ថា ទឹកជំនន់ក៏កំពុង យាយីរំខានការិយាល័យឃុំសង្កាត់ជាច្រើន ដែលត្រូវផ្តើមការចុះឈ្មោះបោះឆ្នោតថ្មីនៅពេលនេះផងដែរ។
មានពលរដ្ឋប្រមាណ៣០ម៉ឺននាក់ ដោយរាប់បញ្ចូលទាំងអ្នកគ្រប់អាយុបោះឆ្នោតថ្មី និងអ្នកផ្លាស់ប្តូរលំនៅដ្ឋានផង ដែលត្រូវមានឈ្មោះ ចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងឆ្នាំ២០១៣នេះ។ ដូចរៀងរាល់ឆ្នាំដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប តែងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយបើកអោយមានការចុះឈ្មោះថ្មី និងការពិនិត្យបញ្ជីឈ្មោះឡើងវិញ ពីថ្ងៃទី១ដល់ថ្ងៃទី២០ខែតុលា។
អគ្គលេខាធិការនៃ គជប លោកទេព នីថា បានអំពាវនាវអោយពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ បើតាមការបញ្ជាក់របស់អគ្គលេខាធិការ គជប ដដែល ជារៀងរាល់ឆ្នាំដែលមិនមានការបោះឆ្នោតនោះ ពលរដ្ឋទូទៅមិនសូវចាប់អារម្មណ៍ទៅចុះឈ្មោះបោះឆ្នោតឡើយ។ លោកពន្យល់ថា រាល់ឆ្នាំដែលមិនមានការបោះឆ្នោតនេះ ការអប់រំអោយពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត សកម្មភាពរបស់គណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើការបោះឆ្នោតនេះ សុទ្ធតែមានកម្រិត និងមិនផុសផុល។ ការនេះ វាបានធ្វើអោយពលរដ្ឋមិនចាប់អារម្មណ៍ចុះឈ្មោះបោះឆ្នោត។
គួរបញ្ជាក់ផងដែរថា ក្រៅពីភាពអសកម្មទាំងនេះ នៅពេលនេះ ការិយាល័យឃុំសង្កាត់ដែលត្រូវបម្រើដល់ការចុះឈ្មោះបោះឆ្នោត ជាច្រើនកន្លែង ពិសេស ការិយាល័យនៅតាមដងទន្លេមេគង្គ កំពុងត្រូវរំខានដោយ ទឹកជំនន់។ ប៉ុន្តែបើតាមការអះអាងរបស់លោកទេព នីថា មន្ត្រីឃុំសង្កាត់ទាំងនោះ នឹងស្វែងរកទីតាំងថ្មីដើម្បីរៀបចំការចុះឈ្មោះបោះឆ្នោត ដោយមិនត្រូវអាក់ខានឡើយ។
សូមរម្លឹកថា ទាក់ទងនឹងកាលបរិច្ឆេទនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតជារៀងរាល់ឆ្នាំនេះ គណបក្សប្រឆាំង និងសង្គមស៊ីវិលតែងបានស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អោយផ្លាស់ប្តូរកាលបរិច្ឆេទ ទៅពេលវេលាផ្សេង ក្រោយរដូវទឹកជំនន់ និងរដូវភ្លៀងនេះ ដែលតែងតែរំខានដល់ដំណើរការចុះឈ្មោះបោះឆ្នោតនេះ។
បញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះបង្ហាញថា អ្នកបោះឆ្នោតមានចំនួនជាង៩លាន៦សែននាក់៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ