អាង​ខ្លួន​ជា​កូន​ ឧ​ត្ត​ម​សេនីយ៍ ដក​កាំភ្លើងខ្លី​គំរាម​ អ្នកជិតខាង​ព្រោះ​រឿង​ជម្លោះ​តិចតួច​

9/23/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ បុរសទំនើង​​ម្នាក់ ​ដែល​គេ​ស្គាល់​ថា​ជា​ប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម្នា​ក់នៅ​ក្រសួងមហាផ្ទៃ និង​មាន​តួនាទី​ជា​វរសេនីយ៍ឯក​នៅ​ក្រ​សួងមហាផ្ទៃ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​លំនៅដ្ឋាន​នៅជាប់​គ្នា  ​ដាក់​ពាក្យ​ប្តឹង​ពីបទ​ជេរប្រមាថ និង​ប្រើប្រាស់​អាវុធខ្លី​គំរាមកំហែង​កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នា​២០១៣ ស្ថិតនៅ​ផ្ទះ​លេខ​១៥៥ វិថី​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ​២១៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​
​បើតាម​ការរៀប​រាប់​ពី​​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ដែលជា​កូន​ឧ​ត្ត​ម​សេនីយ៍​ទំនើង​ខាងលើនេះ​មានឈ្មោះ ស ម៉ូ​លី​នី​ន មាន​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ឯក​នៅ​ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ផ្ទះ​លេខ​៦២ នៅជាប់​នឹង​លំនៅដ្ឋាន​កើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើត​ហេតុ​ជនបង្ក​បាន​វាយ​ទាត់​ធាក់​អិដ្ឋ ព្រមទាំង​យក​កាំភ្លើងខ្លី​ម៉ា​កឡុក​ចង្អុល និង​គំរាម​ដល់​ក្រុមគ្រួសារ និង​ជាងសំណង់​ដោយសារ​ខឹង​ម្ចាស់ផ្ទះ​ឱ្យ​ជាងសំណង់​សាងសង់​ផ្ទះ​ដោយមាន​ដាក់​ទរ​ទឹក​គង​លើ​ព្រំដី​របស់គេ​។​
​បច្ចុប្បន្ន​សំណុំរឿង​ខាងលើនេះ ខាង​សមត្ថកិច្ច​មូលដ្ឋាន​កំពុងតែ​ព្យាយាម​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​២ ដោយបាន​កោះហៅ​ភាគី​ទាំង​២​ចូលខ្លួន​មក​ធ្វើការ​ចរចា​គ្នា​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ នេះ​។ មជ្ឈ​ដ្ឋាន​ទូទៅ​កំពុង​តែ​ទន្ទឹង​រង់​ចាំមើល​ថា តើ​សមត្ថកិច្ច​ហ៊ាន​ចាត់វិធានការ​ដាក់ទោស​លើ​កូនប្រុស​អ្នកមាន​លុយ មានអំណាច​ ដែល​អាង​ស្បែកឪពុកជា​ឧត្តម​សេនីយ៍​ដើរ​គំ​រាម​កំហែង​គេ​ដែរ​ឬអត់៕

១
_______________________
ប្រភពពីវត្តភ្នំ