មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើការដោះដូរនៅថ្ងៃនេះ
ភ្នំពេញៈ តាមមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងកាលពីម្សិលមិញថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការប៉េអឹមខេត្តបន្ទាយមានជ័យត្រូវផ្ទេរភារកិច្ចមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី ដែលត្រូវទៅបំពេញ ភារកិច្ចដើម ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ។
ចំណែកលោក ឧត្តមសេនីយ៍ទោ ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងផ្ទេរទៅជំនួសកន្លែងលោក រ័ត្ន ស្រ៊ាង នៅខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា៖ «ការផ្ទេរភារកិច្ចនេះគឺជារឿងធម្មតារបស់មេបញ្ជាការកងរាជអាវុធក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងដល់ការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានព្រឹត្តិការណ៍មិនប្រក្រតី បានកើតឡើងនៅក្រោយការបោះឆ្នោតជាតិនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣»។
លោកមានប្រសាសន៍ថា ចំណែកឯលោកឧត្តមសេនីយ៍ ឯក វង្ស ពិសេន មេបញ្ជាការរងកង រាជអាវុធហត្ថលើផ្ទៃប្រទេសដែលត្រូវបានតែងតាំងកាលពីពេលថ្មីៗនេះឲ្យទៅជួយមើលការខុសត្រូវត្រួតពីលើលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី នោះនឹងនៅបន្តការងារសហការជាមួយមេបញ្ជាការថ្មីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដដែល ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ។
លោកបានបន្ថែមថា ពិធីផ្ទេរភារកិច្ចរវាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី នឹងត្រូវប្រព្រឹត្តទៅនៅរសៀលថ្ងៃចន្ទ ទី ២៣ ខែកញ្ញា ២០១៣ នេះ នៅឯបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញដែលមានទីតាំង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ ផ្កាយមាស ៤ សៅ សុខា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
ទាំងលោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង និង លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយ បានឡើយ ចំពោះការផ្ទេរភារកិច្ចរបស់ពួកគាត់ខាងលើនេះ។ ចំណែកលោក ឧត្តមសេនីយ៍ទោ ឱ បូរិន្ទ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា៖ «ខ្ញុំមិនទាន់ បានទទួលដំណឹងនេះនៅឡើយទេ។ ខ្ញុំមិនទាន់ហ៊ាននិយាយអ្វីទេ ចំពោះបញ្ហានេះ»។
គួររំឭកថា លោក យ៉ា គឹមអ៊ី ត្រូវបានព្យួរ និងដកហូតពីតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែកក្កដា បន្ទាប់ពីគាត់មានកំហុសដែលមិនអាចទប់ស្កាត់និងបង្ក្រាបលើក្រុមអ្នកតវ៉ាគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានបង្កអំពើហិង្សាឈានដល់ការដុតរថយន្តរបស់កងរាជអាវុធហត្ថចំនួន ២ គ្រឿង ឲ្យខូចខាតទាំងស្រុង នៅខាងមុខ វត្តស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ កាលពីរសៀល ថ្ងៃទី ២៨ ខែកក្កដា៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍