មូលហេតុ៧យ៉ាង ដែលស្ដ្រីមិនព្រមរៀបការ

9/13/2013 0 Comments A+ a-


ធម្មជាតិ បង្កើតមនុស្ស លោកមកតម្រូវ ឱ្យមានគូ ហើយនរណាក៏ទន្ទឹង ការមកដល់នៃថ្ងៃរៀបការ ដើម្បីបានបុរស ម្នាក់មករួមសុខ រួមទុក្ខជាមួយគ្នា អស់មួយ ជីវិតដែរ។ ប៉ុន្ដែមានស្ដ្រីមួយ ចំនួនសុខចិត្ដ ជ្រើសរើស យកការរស់ម្នាក់ឯង ទៅវិញ។ មានហេតុផលជាច្រើន ដែលជាកត្ដាលីករ ជំរុញឱ្យស្ដ្រី មួយចំនួនព្រមទទួល យកជីវិតនៅលីវអស់មួយ ជីវិតទៅតាមព្រេងវាសនា ព្រហ្មលិខិតចារមក។
តាមស្ថិតិស្រាវជ្រាវបានឱ្យដឹងថា មានស្ដ្រីរហូតដល់ទៅ២៧.៦ ភាគរយ ឬច្រើនជាង១ភាគ៤ នៃស្ដ្រីអាយុ៥០ឆ្នាំ ពុំមាន គូគ្រង។ អ្នកខ្លះសម្លឹងរកបុរសក្នុង សុបិនដែរ តែមិនជួបទាល់ តែសោះ។ តើមកពីមូលហេតុអ្វីទៅ? សូមលោកអ្នកតាមដានគេហទំព័រសុខភាពកម្ពុជា អំពីមូលហេតុមួយចំនួនដែលស្ដ្រីមិនព្រមរៀបការ។
មូលហេតុដែលស្ដ្រីមិនព្រមរៀបការ
មិនមែនជាការមិនព្រមឬមិនចង់រៀបការនោះទេ ស្ដ្រីមួយចំនួនចង់ណាស់ តែគ្មានឱកាសដើម្បីរៀបការទាល់តែសោះ។ នៅលើលោកយើងទោះបីជាស្ដ្រីដែលមានរូបរាងអាក្រក់ យ៉ាងណាក៏ទីបំផុតនៅតែមានបុរសម្នាក់ព្រមរួមរស់ជាមួយនាងដែរ គ្រាន់តែបុរសនោះសមបំណង សមចិត្ដនាងដែរឬអត់ប៉ុណ្ណោះ។ ខាងក្រោមនេះជាការសិក្សាស្រាវជ្រាវអំពីមូលហេតុមួយចំនួន ដែលជាដើម ចមឱ្យស្ដ្រីព្រមរស់នៅម្នាក់ឯង ៖
១ . ឈឺហើយរាងមួយជីវិត ៖ មានស្ដ្រីមួយចំនួនក្រោយពីបានឆ្លងកាត់ ទុក្ខសោកនិងការឈឺចាប់ចំពោះរឿងស្នេហា ធ្វើឱ្យមានការរាងចាលជារៀងរហូត។ ស្នេហាបែកបាក់បានធ្វើឱ្យស្ដ្រីខ្លាចស្នេហា ខ្លាចប្រវត្ដិសាស្ដ្រច្រំដែល ហេតុនេះធ្វើឱ្យនាងពិបាកក្នុងការ សម្លឹងរកស្នេហាថ្មី ឬក៏បើកបេះដូងសេពគប់នរណាឱ្យអស់ពីចិត្ដឡើយ។
២ . គ្មានជំនឿលើខ្លួនឯង ៖ ដោយសាររូបរាងមិនស្អាត ការងារមិនសូវល្អ ប្រាក់ចំណូលតិច បានធ្វើឱ្យស្ដ្រីមួយចំនួនខ្សឹប ប្រាប់ខ្លួនឯងថា “តើមាននរណាមកស្រឡាញ់ខ្ញុំទៅ បើខ្ញុំមិនមានអ្វីសោះបែបនេះ”។ សូមសុភាពនារីគិតថា នាងត្រូវតែមានការជឿ ជាក់លើខ្លួនឯង ដើម្បីស្វែងរកស្នេហាមួយដែលសមបំណង។
៣ . គំនិតអគតិប្រុសល្អគ្មានទេ ៖ គំនិតអាចកើតចេញពីហេតុផល ដំបូងដែលនាងមានការឈឺចាប់ក្នុងអតីតកាល។ ប៉ុន្ដែក៏នៅមានហេតុផលផ្សេងៗទៀតដែរ ដូចជានាងលើកតម្កើងខ្លួនឯងហួសហេតុពេក អ្នកក្រមិនហ៊ានអ្នកមានមិនមក។ តាមពិតទៅបុរសល្អមានច្រើនណាស់ គ្រាន់តែនាងសម្លឹងមិនទាន់ចំតែប៉ុណ្ណោះ។
៤ . គ្មានពេលសម្រាប់ស្នេហា ៖ ជាស្ដ្រីសម័យថ្មីដែលត្រូវក្រោកពីព្រឹក ទៅធ្វើការមកដល់ផ្ទះនៅពេលយប់ មានអារម្មណ៍ អស់កម្លាំងល្ហិតល្ហៃ ជាដើមហេតុធ្វើឱ្យស្ដ្រីគ្មានពេលចេញទៅសង្គមខាងក្រៅ ដើម្បីសេពគប់នរណាម្នាក់ឱ្យដល់ឫសគល់ពិតប្រាកដ នោះទេ។
៥ . ព្រហ្មលិខិតជាអ្នកសម្រេច ៖ ស្ដ្រីមួយចំនួនគិតគូព្រេង មិនចាំបាច់ដើររកទេ ឱ្យតែដល់ពេលនឹងមកដោយខ្លួនឯង ព្រោះទេវតាឬព្រហ្មលិខិតបានកម្រិតពីធម្មជាតិរួចទៅហើយ។ ហេតុនេះហើយទើបបានជាស្ដ្រីមួយចំនួនដេកចាំព្រេងវាសនាធ្លាក់មក ពីលើមេឃ។ ជួនកាលនោះគ្រាន់តែជាសុបិនប៉ុណ្ណោះ ហេតុនេះនាងត្រូវតែរកឱកាសដើម្បីឱ្យការសុបិននោះក្លាយជាការពិត។
៦ . ខ្លាចដូចគេ ៖ មានស្ដ្រីមួយចំនួនដោយតែមើលឃើញ ពីហេតុការណ៍អាក្រក់ផ្សេងដែលកើតមានឡើងនៅក្នុងសង្គម គ្រួសារខ្លួនឯង ដូចជាឪពុកប្រើហិង្សាទៅលើម្ដាយនិងកូនៗ គ្មានសុភមង្គល ការលែងលះ ជាហេតុធ្វើឱ្យរអាក្នុងការរៀបការ ព្រោះ ខ្លាចជីវិតនាងដូចពួកគេទាំងនោះ។
៧ . ចង់បានសេរីភាព ៖ ស្ដ្រីខ្លះយល់ថា ការរស់នៅម្នាក់ឯងអាចធ្វើឱ្យនាងបានសម្រាកកាយ មានសេរីភាព និងអាចត្រួតត្រា ខ្លួនឯងបាន ចង់ទៅណាស្រេចនឹងចិត្ដ។ ការរស់នៅម្នាក់ឯងព្រោះមិនចង់ជាប់ចំណងអាពាហ៍ពិពាហ៍កូនចៅរញ៉េរញ៉ៃច្រើន អាចរស់ យ៉ាងស្ងប់ស្ងាត់តែម្នាក់ឯង។
អ្វីដែលលើកមកជម្រាបជូននៅពេលនេះ គ្រាន់តែជាមូលហេតុខ្លះប៉ុណ្ណោះទេ នៅមានមូលហេតុផ្សេងៗជាច្រើនទៀត ដែលធ្វើឱ្យសុភាពស្ដ្រីទាំងឡាយសុខចិត្ដនៅលីវអស់មួយជីវិត។
រស់នៅម្នាក់ឯងក៏មានសេចក្ដីសុខ
ទោះបីជាអ្នកនាងព្រមទទួលយកការរស់នៅម្នាក់ឯងអស់មួយជីវិត ក៏អ្នកនាងអាចធ្វើឱ្យជីវិតរបស់ខ្លួនមានសេចក្ដីសុខបាន ដែរ។ អ្នកនាងអាចធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកនាងបានរីករាយ ដោយគ្រាន់តែឆ្លៀតពេលសម្រាកពីការងារ ៖
- ហាត់ប្រាណ ៖ ការហាត់ប្រាណនៅតាមទីសាធារណៈ ឬទីធ្លាស្រឡះណាមួយ ដូចជារត់ ដើរ ជិះកង់ វាយកូនគោល ឬជិះសេះ នឹងអាចផ្ដល់ភាពស្រស់ស្រាយយ៉ាងពិសេស ព្រោះវាបានបង្ហាញនូវអារម្មណ៍សេរីភាពមួយយ៉ាងពិតប្រាកដ។
- ដើរមើលរបស់ល្អៗ ៖ ទៅតាមហាងធំៗរកមើល សម្ភារៈតុបតែងផ្ទះស្អាតៗ ឬក៏ម៉ូតខោអាវថ្មីៗ ហើយបើមានអ្វីជក់ចិត្ដ នោះ អ្នកអាចចំណាយពេលធ្វើឬនៅជាមួយវាពេញមួយថ្ងៃក៏បាន ដើម្បីកាត់បន្ថយភាពអផ្សុកបានខ្លះ។
- ចេញទៅជួបមិត្ដភក្ដិ ៖ អ្នកនាងអាចចំណាយពេលដើរកម្សាន្ដជាមួយមិត្ដភក្ដិ ឬក៏ធ្វើទេសចរណ៍ទៅតំបន់ឆ្ងាយៗ ដើម្បី ជួយឱ្យជីវិតរីករាយឡើង។
- រកការងារដែលពេញចិត្ដ ៖ ដើម្បីកាត់បន្ថយអារម្មណ៍ ស្រងេះស្រងោច អ្នកនាងគប្បីរកការងារដែលខ្លួនពេញចិត្ដធ្វើក្នុង គោលដៅធ្វើខ្លួនឱ្យក្លាយទៅជាអ្នករវល់ម្នាក់។ ការទុកខ្លួនឱ្យនៅទំនេរ អ្នកនឹងគិតកាន់តែវែងឆ្ងាយនាំតែពិបាកចិត្ដឥតប្រយោជន៍។
ការប៉ះពាល់នៃការរស់នៅម្នាក់ឯង
បើទោះជានៅពេលបច្ចុប្បន្ននេះមិនទាន់មានការស្រាវជ្រាវណាមួយ អំពីផលប៉ះពាល់នេះក៏ដោយ។ ប៉ុន្ដែមានសិក្សាមួយបាន បង្ហាញថា អ្នកដែលនៅលីវមានអត្រាប្រឈមមុខនឹងជម្ងឺផ្លូវចិត្ដច្រើនជាងអ្នកដែលមានគូ។ ក្រៅពីនេះ បើស្ថានភាពនៃការរស់នៅ ម្នាក់ឯងរបស់វប្បធម៌ខ្មែរយើងគឺពិតជាមានការពិបាក នៅពេលដែលអ្នកនាងមានវ័យកាន់តែចាស់ទ្រុឌទ្រោម ពេលមានជម្ងឺគ្មាន អ្នកមើលថែជាដើម។
បណ្ដាំផ្ញើ
មិនមែនអ្នកដែលមិនមានគូសុទ្ធតែជាជនបរាជ័យនោះទេ ព្រោះមានមនុស្សស្រីមួយចំនួនក៏រស់នៅក្នុងសភាពមេម៉ាយដែរ។ បែបនេះមិនមែនមានន័យថា ជំរុញឱ្យអ្នកនាងរស់នៅម្នាក់ឯងនោះទេ សំខាន់នៅលើការពិចារណាផ្ទាល់របស់អ្នកនាងមាន ឬគ្មានប្ដីល្អជាង៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com