លោក សម រង្ស៊ី ប្រកាសសុំ ជំនួយពីអង្គការ សហប្រជាជាតិ អន្តរាគមន៍លើ ការបោះឆ្នោត នៅកម្ពុជា
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ប្រកាសទៅកាន់អ្នកគាំទ្រថា គណបក្ស នឹងជំរុញឲ្យអង្គការសហប្រជាជាតិ ចូលមកដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោត នៅកម្ពុជា។ លោកសម រង្ស៊ី ប្រកាសដូចនេះ នៅមុខប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅបឹងកក់ និងខណៈដែលការស្នើសុំឲ្យអង្គការសហប្រជាជាតិ ធ្វើជាអាជ្ញាកណ្តាល នៃគណៈកម្មការត្រួតពិនិត្យការបោះឆ្នោត ត្រូវបានគជប បដិសេធ។ លោក សម រង្ស៊ី បានថ្លែងថា៖«នៅទីលានប្រជាធិបតេយ្យ យើងនឹងធ្វើមហាមេទ្ទិញមួយយ៉ាងធំ ទាមទារឲ្យអង្គការសហប្រជាជាតិ ចូលមកដោះស្រាយបញ្ហាបោះឆ្នោត ដើម្បីការពារជ័យជម្នះប្រជារាស្ត្រខ្មែរ»។ នៅវេលាម៉ោង៤ ល្ងាចថ្ងៃអង្គារនេះ លោក សម រង្ស៊ី និងអនុប្រធានគណបក្ស លោក កឹម សុខា នឹងជួបជុំជាមួយអ្នកគាំទ្រ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ លោក សម រង្ស៊ី មានប្រសាសន៍នៅលើហ្វេសប៊ុកថា៖«ពេលនេះយើងត្រូវតែច្បាស់ក្នុងចិត្តថា យើងត្រូវតែរួមគ្នាក្រោកឡើង ទាមទារឲ្យមានការផ្លាស់ប្តូរ ដើម្បីសង្គ្រោះជាតិយើង ឲ្យទាល់តែបានក្នុងឆ្នាំ២០១៣នេះ»។ មិនទាន់មានការឆ្លើយតបយ៉ាងណាពីអង្គការសហប្រជាជាតិ លើបញ្ហានេះ នៅឡើយទេ។ កាលពីថ្ងៃទី០៣ខែសីហា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន បានជំរុញឲ្យអាជ្ញាធរកម្ពុជា ដោះស្រាយពាក្យបណ្តឹងរបស់គណបក្សនយោបាយ ដោយត្រឹមត្រូវ និងមានតម្លាភាព។លោកបន្តថា ចំពេលដែលមានរបាយការណ៍លើភាពមិនប្រក្រតី អង្គការសហប្រជាជាតិ ជំរុញឲ្យសមត្ថកិច្ចមានសមត្ថភាព ដោះស្រាយបណ្តឹងដោយត្រឹមត្រូវ និងមានតម្លាភាព ជាមួយគោលដៅចុងក្រោយនៃការធានាថា ការបេ្តជ្ញា និងការគោរពឆន្ទៈរបស់ប្រជាជនកម្ពុជា។ នាយក ប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ លែងទុកចិត្ត គ.ជ.ប ហើយនោះ គួរតែមានភាគីដទៃ ដែលអាចទុកចិត្តបានទាំងអស់គ្នា មកធ្វើអាជ្ញាកណ្តាលក្នុងការស្វែងរក ភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដែលទើបនឹងបញ្ចប់ទៅនេះ ៖«ប្រសិនជារកច្រកមិនចេញទេ យើងប្រហែលជា ត្រូវការភាគីំមួយបន្ថែមទៀត ឬក៏លើសពីមួយដើម្បីស្វែងរកដំណោះស្រាយរួម ពីព្រោះខ្ញុំគិតថាយ៉ាងណាក៏ដោយ ការដោះស្រាយខាងនយោបាយ ហើយនឹងការបង្ហាញនូវលទ្ធផល ជាក់ស្តែងខាងបច្ចេកទេសនោះ អាចជួយឲ្យភាគីទាំងអស់អាចទុកចិត្តបាន»។