អង្គការចំនួន៦ បារម្ភពីការបំភិត បំភ័យលើពលរដ្ឋ ដោយសារការ ប្រកាន់គណបក្ស នយោបាយ
ក្រុមអង្គការសង្គមស៊ីវិលចំនួន៦ នៅថ្ងៃចន្ទនេះ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាបំភិតបំភ័យ ការគុំគួន និងការគំរាមកំហែងទៅលើប្រជាពលរដ្ឋមួយចំនួន ពីសំណាក់អាជ្ញាធរ ដោយសារប្រជាពលរដ្ឋទាំងនោះ មិនបានបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា។
អង្គការទាំងនោះ រួមមានគណៈកម្មាធិការប្រព្រឹត្តិកម្ម(CHRAC) ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) សមាគម អាដហុក(ADHOC) ខុមហ្វ្រែល(COMFREL) និកហ្វិច(NICFEC) និងសមាគម យុវជនខែ្មរ។
សេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី០៥ ខែសីហានេះ ឲ្យដឹងថា អង្គការទាំង៦ បារម្ភពីបញ្ហាហិង្សាដោយពាក្យសម្ដី ពីក្រុមគាំទ្រគណបក្សនយោបាយមួយ ទៅគណបក្សនយោបាយមួយផ្សេងទៀត ពិសេសការគំរាមកំហែងពីមន្ត្រីថ្នាក់មូលដ្ឋាន ដូចជា មេភូមិ មេឃុំ និងអាជ្ញាធរ មួយចំនួនដែលមាននិន្នាការនយោបាយ គាំទ្រគណបក្សកំពុងកាន់អំណាច ទៅលើសកម្មជនគណបក្សប្រឆាំង។
ក្រុមអង្គការសង្គមស៊ីវិល បានសង្កេតឃើញថា ប្រជាពលរដ្ឋនៅតំបន់មួយចំនួនកំពុងទទួលរងនូវការគំរាមកំហែង និងការវាយប្រហារពាក្យសំដីពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដោយសារតែអាជ្ញាធរទាំងនោះបានចោទប្រកាន់ថា មិនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
អង្គការទាំងនោះចាត់ទុកទង្វើបែបនេះ ជាសកម្មភាពរំលោភច្បាប់ និងរំលោភសិទ្ធិរបស់ពលរដ្ឋ ដែលស្ថាប័នពាក់ព័ន្ធត្រូវតែចាត់វិធានការជាបន្ទាន់ ក្នុងការទប់ស្កាត់ក៏ដូចជាការដាក់ពិន័យដល់ជនដែលបានប្រព្រឹត្ត។
ក្រុមអង្គការសង្គមស៊ីវិល ស្នើឲ្យគណបក្សដែលបានជាប់ឆ្នោតទាំងពីរ ចេញប្រកាសសេចក្តីណែនាំជាសាធារណៈ ទៅដល់អ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអាជ្ញាធរសាធារណៈ កុំឲ្យប្រព្រឹត្តអំពើដែលបង្កនូវភាពភ័យខ្លាច ភាពរំជើបរំជួលក្នុងសង្គម និងបង្កើតឧបសគ្គផ្សេងៗ។
ក្រុមអង្គការសង្គមស៊ីវិល សូមសំណូមពរដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដាក់ចេញនូវវិធានការដើម្បីបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង តាមគ្រប់រូបភាព ការគុំគួន និងការរើសអើងគ្នាទៅវិញទៅមក ដោយសារនិន្នាការនយោបាយ និងសូមឲ្យអាជ្ញាធរចាត់វិធានការ ទៅលើជនណាដែលប្រើរូបភាពជាអាជ្ញាធររដ្ឋ ក្នុងការគំរាមកំហែងប្រជាពលរដ្ឋ។
កន្លងទៅ ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីមានសមត្ថកិច្ចនៅតាមមូលដ្ឋាន រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជូនប្រជាពលរដ្ឋ មុន អំឡុងពេល និងក្រោយការបោះឆ្នោត ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានការភិតភ័យ។
ក្រុមអង្គការសង្គមស៊ីវិល ក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឲ្យមានការរើសអើងនិន្នាការគណបក្សនយោបាយ កុំឲ្យគុំគួនគ្នា ដោយប្រកាន់នូវគុណធម៌ និងការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលមានចរិកថ្លៃថ្នូរ ស្រឡាញ់ជាតិ និងសន្តិភាព៕ប្រភព វីអូឌី
(លិខិតថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ស្តីពីការបំភិតបំភ័យលើពលរដ្ឋ)