ម៉ោង១២អធ្រាត្រ នៅសង្កាត់លេខ១ (ភាគបញ្ចប់)
ភាគបញ្ចប់
ប៉ូលិសភ័ណរាដៃឃាត់ធ្វើឲ្យវិទូទប់កំហឹងថយទៅអង្គុយកន្លែងដើមវិញ តែលោកកុសលមិនបានបញ្ឈប់ទេគាត់និយាយបន្តរ៉ាវ៖
-មកពីស្រីពុតត្បុតនោះមិនព្រមបញ្ឈប់! នៅបឹងកេងកងពេលដែលវាប្រើជាតិ contamination ecstasyកម្រិត៣ដាក់ក្នុងម្ហូបភីណា យើងបានសម្រេចចិត្តរួចហើយថា ដរាបណាវាមានជីវិត អ្នកដែលស្លាប់គឺភីណា! ពេលនោះយើងដាក់ថ្នាំបន្សាបជាតិញៀនទៅក្នុងមាត់ប្អូនស្រីយើង ស្រីអ្នកបម្រើមិនដឹងខ្យល់នោះបែរជាឃើញហើយនៅមិនស្ងៀមមកសួរនាំយើងថាដាក់អ្វីក្នុងមាត់នាង? ក្នុងពេលប្រថុចញ៉ុចដែលយើងផ្ទុះកំហឹងហើយគិតថាត្រូវសម្លាប់កុលាបចោល យើងក៏មិនចង់ឲ្យអ្នកណាម្នាក់ដឹងថាយើងបានបន្សាបថ្នាំភីណា ហើយដឹងថាយើងយល់អស់ពីឧបាយកលរបស់កុលាបទេ។ ដូច្នេះយើងបង្ខំចិត្តត្រូវតែបំបិទមាត់មីងម៉ាប់។
ប៉ូលិសកត់ត្រាងក់ក្បាលៗផ្ងក់ៗហាក់យល់ការណ៍៖
-លោកឯងចង់បាញ់ព្រួញមួយទទួលសត្វពីរ! មិនត្រឹមតែបំបិទមាត់គាត់ទេ ថែមទាំងធ្វើឲ្យយើងយល់ខុសថា អ្នកស្រីកុលាបប្រើសារធាតុ 3M សម្លាប់គាត់!
ប៉ូលិសភ័ណនិយាយម្ដង៖
-ប៉ុន្តែនៅព្រឹកនោះ នៅពេលលោកឯងលាបជាតិថ្នាំទៅលើចានក្បានដែលបញ្ជាឲ្យគាត់ប្រមូលលាងគាត់បានពុលជាបណ្តើរៗហើយសុំត្រឡប់ទៅសម្រាកផ្ទះ។ នៅពេលគាត់កាន់តែមិនស្រួលខ្លាំងក្រុមគ្រួសារបានបញ្ជូនទៅស្រុកកំណើតដែលនៅទីនោះគាត់មានសំណាងបានជួបគ្រូខ្មែរពូកែៗដែលមានមធ្យោបាយបន្សាបជាតិពុលនេះដោយថ្នាំបុរាណបាន! ពេលពួកយើងទៅដល់ គាត់បានអង្វរយើងឲ្យនាំដំណឹងមកលោកថាគាត់ឈឺធ្ងន់ឲ្យលោកជួយផងព្រោះគាត់ឃើញផ្ទាល់ភ្នែកថាពេលប្អូនស្រីលោកធ្វើទុក្ខលោកមានវិធីដាក់ថ្នាំតែមួយគ្រាប់ចូលមាត់នាងក៏លែងអី! ពេលនោះហើយដែលប៉ូលិសចាប់សង្ស័យថា ហេតុអ្វីលោកចេះវិធីព្យាបាលសារធាតុរំញោច? ហេតុអ្វីមីងម៉ាប់ដឹងរឿងនេះហើយបែរជាធ្លាក់ខ្លួនឈឺធ្ងន់? លោកស្គាល់ប្រភេទគ្រឿងញៀនក្នុងខ្លួនប្អូនស្រីលោកមានន័យថា លោកក៏ដឹងពីអ្នកដែលនៅពីក្រោយរឿងនេះដែរ!
វិទូនិយាយបន្តពីគូកន៖
-ពេលជួបមីងម៉ាប់ហើយ ខ្ញុំបានមកប្រាប់បងវិញថាគាត់ស្លាប់ ប៉ុន្តែតាមពិតចាប់ពីពេលនោះមកបងបានធ្លាក់ក្នុងបញ្ជីអ្នកជាប់សង្ស័យទៅហើយ! ក្រោយមកការគិតរបស់យើងបានក្លាយជាការពិតគឺនៅពេលដែលលុយប៉ុន្មានសន្លឹកដែលបងផ្ញើតាមខ្ញុំទៅឲ្យគ្រួសារមីងម៉ាប់ លុយរកឃើញលើខ្លួនជនសង្ស័យពីរនាក់ និងលុយទិញខ្សែកពេជ្រនៅហាងមាសយីហោគង់ពីវមានលេខរៀងបន្តបន្ទាប់គ្នាដោយសារនៅបាច់តែមួយ!
នៅស្ងៀមបន្តិចទើបគេនិយាយបន្ត៖
-តែខ្ញុំនៅគិតមិនយល់រឿងមួយ! ថាហេតុអ្វីបានជាលោកបងដឹងថាក្មេងពីរនាក់នោះបានតែងរឿង កុហកភីណាអំពីករណីសម្លាប់អ្នកបម្រើរហូតដល់លោកបងបង្កើតល្ខោនកប់សាកសពក្នុងផើងនិងដាក់ខ្សែកពេជ្រទម្លាក់កំហុសលើអ្នកបង?
លោកកុសលសើចរលាក់ខ្លួន មួយសន្ទុះក្រោយមក គាត់ក៏និយាយបន្ត៖
-តាំងពីពេលដែលប្អូនស្រីយើងចូលពេទ្យជាលើកទីពីរគឺយើងបានដេញស្រីចង្រៃនោះត្រឡប់ទៅផ្ទះវិញទុកតែយើងម្នាក់តទល់ជាមួយភីណា! ពេលនាងដឹងខ្លួនលើកទីមួយយើងបានជជែកលួងលោមនាង ហើយបង្ហាញថាព្រមជឿនាងទាំងអស់ ដោយលើកទឹកចិត្តឲ្យនាងនិយាយហេតុការណ៍ពីដើមដល់ចប់ដែលនាងបានឆ្លងកាត់នោះឡើងវិញតាមលំដាប់លំដោយ។ ពេលនោះហើយដែលយើងដឹងថាសូម្បីតែក្មេងចម្កួតពីរនាក់នៅក្បែរផ្ទះនោះ ក៏មានចំណែកមកតំណាលប្រាប់រឿងបោកប្រាស់កុហកឲ្យភីណាជឿថាមានខ្មោចបិសាច។ គ្មានអ្វីពិសេសទេ! ក្រោយមកនេះគឺយើងគ្រាន់តែប្រើល្បិចទល់ល្បិចគឺយើងគ្រាន់តែធ្វើឲ្យរឿងកុហករបស់ពួកវាក្លាយជាការពិតឡើងប៉ុណ្ណោះ។ ពួកវាប៉ុន្មានអ្នកនោះក៏មិនស្មានដល់ដែរថាហេតុអ្វីក្នុងផើងនោះមានសាកសព។ នៅក្រោយពេលប៉ូលិសបញ្ជូនសាកសពក្លែងក្លាយចេញទៅគឺកុលាបសង្ស័យទៅហើយថាហេតុអ្វីបានជាទៅជាដូច្នេះ ព្រោះរឿងបម្រើត្រូវសម្លាប់ក្នុងផ្ទះបាយជារឿងដែលវាបង្គាប់ឲ្យក្មេងពីរនាក់នោះនិយាយកុហកភីណា ចុះហេតុអ្វីចោរពីរនាក់នោះនិយាយដូចបានឃើញហេតុការណ៍ពិតរហូតដល់ថាមានខ្សែកធ្លាក់ក្នុងនោះទៀត? នៅយប់មានដែលវារមៀលធ្លាក់ចុះពីជណ្តើរគឺក្មេងចំកួតពីរនាក់នោះទទូរអាវភ្លៀងខ្មៅបន្លាចភីណា ចុះម៉េចក៏ចោរពីរនាក់ដែលឡើងកាប់ផើងផ្កាឆ្លើយថា ថ្ងៃនោះជាពួកគេដែរ?
ប៉ូលិសភ័ណនិយាយបន្ត៖
-អ្នកស្រីកុលាបហេតុតែសង្ស័យ បានទៅពិនិត្យផើងថ្មនោះសាជាថ្មី តែសំណាងមិនល្អព្រោះលោកបានលាបសារធាតុ3Mចាំទទួលគាត់។ បន្ទាប់មកលោកក៏ទម្លាក់សំបកដប3Mនៅកន្លែងសម្ងាត់មួយក្នុងបន្ទប់អ្នកស្រីកុលាបនិងសម្ភារៈគួរសង្ស័យមួយចំនួនទៀតធ្វើឲ្យវិទូឡើងទៅឆែកឆេរយល់ខុសថា អ្នកស្រីកុលាបជាអ្នកទម្លាក់សាកសពក្លែងក្លាយនោះជាមួយសារធាតុ3Mទីបំផុតក៏ពុលស្លាប់ខ្លួនឯង!នៅពេលស្បែកគាត់ចាប់ផ្ដើមរលួយលោកក៏ចាកចេញទៅធ្វើជំនួញនៅបាងកកធ្វើមិនដឹងខ្លួនដោយសង្ឃឹមថាពេលវិលមកវិញកាលណាសត្រូវក្បែរទ្រូងនឹងស្លាប់ផុតពីលោកនេះទៅហើយ ដឹងអីវិទូឆ្លាតជាងលោកមួយជំហាន ថ្នាំបុរាណនៅភូមិចាស់របស់មីងម៉ាប់អាចជួយពន្យារស្ថានភាពរបស់អ្នកស្រីកុលាបធ្វើឲ្យគាត់អាចនិយាយរឿងជាច្រើនប្រាប់យើង!
ប៉ូលិសដែលកត់ត្រាបញ្ឈប់ប៊ិចដកដង្ហើមវែង ហើយងើបមុខនិយាយមួយៗ៖
-លោកកុសល ឥឡូវនេះលោកជាប់សង្ស័យពីករណីធ្វើឃាតដោយចេតនាពីរលើក មេខ្លោងបញ្ជាឲ្យមានការលួចសាកសពនិងភ្លុងក្នុងគេហដ្ឋានខ្លួនឯង បង្កើតនិងប្រើប្រាស់សារធាតុញៀនកម្រិតធ្ងន់ និងជាតិគីមីដែលត្រូវបានហាមឃាត់ដោយច្បាប់! យើងមានសាក្សីនិងវត្ថុតាងគ្រប់គ្រាន់ក្នុងការបញ្ជូនលោកឲ្យទៅការពារខ្លួននៅតុលាការ!
លោកកុសលសើចស្ងួតក្រោមពន្លឺភ្នែកក្រៀមក្រំរបស់អនាគតប្អូនថ្លៃ។ គាត់ត្រូវបានគេទាញឲ្យក្រោករុញឲ្យដើរចេញត្រង់ទ្វារ មុនពេលចេញទៅគាត់ងាកមករកវិទូជាមួយទឹកមុខត្រជាក់ស្រឹប៖
-ចាំឲ្យច្បាស់! បើឯងធ្វើបាបភីណា ធ្វើឲ្យនាងពិបាកចិត្ត យើងនឹងសម្លាប់ឯង!
បុរសដែលងប់ងុលស្រលាញ់កូនឥតខាន់ស្លាក្រោមស្លាកថាប្អូនស្រីបានចាកចេញទៅក្រោមអារម្មណ៍រន្ធត់របស់វិទូ។ មិនមែនអ្នកកំលោះភ័យព្រួយចំពោះប្រយោគគម្រាមចុងក្រោយនេះទេ ប៉ុន្តែគឺអ្នកកំលោះដឹងថាអ្នកកំលោះកំពុងប្រឈមមុខសាជាថ្មីជាមួយគូដណ្ដឹង។
-កំពុងគិតថាត្រូវនិយាយជាមួយគូដណ្ដឹងយ៉ាងម៉េចអ្ហេស៎? (ភ័ណទះស្មាវិទូតិចៗ)
វិទូនៅស្ងៀមប៉ុន្តែតាមពិតគឺគេកំពុងតែតឹងតែងចិត្តជាមួយបញ្ហាប្រឈមគ្រានេះមែន។ គេកំពុងគិតថា តើភីណានឹងទទួលអារម្មណ៍បែបណានៅពេលដឹងការពិតទាំងអស់នេះ?
វិទូនៅស្ងៀមប៉ុន្តែតាមពិតគឺគេកំពុងតែតឹងតែងចិត្តជាមួយបញ្ហាប្រឈមគ្រានេះមែន។ គេកំពុងគិតថា តើភីណានឹងទទួលអារម្មណ៍បែបណានៅពេលដឹងការពិតទាំងអស់នេះ?
សំឡេងគូកនដឹងចិត្តថ្លើមលាន់មកបន្ត៖
-សំខាន់គឺ ត្រូវធ្វើយ៉ាងណាឲ្យនាងយល់និងទទួលយកការពិតនេះឲ្យបាន ទោះបីឈឺចាប់រយៈពេលខ្លីតែមិនត្រូវលាក់កំបាំងនាងដូចដែលលោកកុសលលាក់បាំងជាមួយភរិយាគាត់ទេ! មនុស្សនៅជាមួយគ្នាត្រូវស្មោះត្រង់នឹងគ្នា!
វិទូបង្ហាញពីភាពស្មុគស្មាញក្នុងចិត្តដោយរអ៊ូតិចៗល្មមលឺតែពីរនាក់៖
-ភ្ជាប់ពាក្យជាមួយភីណាតាំងពីតូចព្រោះប៉ាខ្ញុំនិងប៉ានាងកាលនៅរស់ជាមិត្តជិតដិត! តែប៉ុន្មានឆ្នាំមកនេះគេលាក់បានជិតល្អណាស់! គ្មានអ្នកណាដឹងថាតាមពិតលោកបងនិងម្ដាយចុងគាត់មានស្នេហាលួចលាក់រហូតដល់បានភីណាទេ! ត្រង់នេះខ្ញុំក៏មិនបន្ទោសគាត់ដែរ រឿងនេះជាអតីតកាលនិងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិយសផង មិនមែនចង់និយាយក៏និយាយចេញមកបាននោះទេ អ្នកបងក៏មិនគួររវល់តែរឿងអតីតកាលនាំល្អក់កករដល់ចំណងអាពាហ៍ពិពាហ៍បច្ចុប្បន្នកាលដែរ!
ភ័ណកៀកស្មាគេដើរផងនិយាយផង៖
-តែបញ្ហារបស់គាត់គឺរឿងមរតកនោះ! ទីបំផុតគាត់បែកការណ៍ឲ្យអ្នកស្រីនោះដឹងពីរឿងចែកទ្រព្យមិនស្មើ បានជាប្រពន្ធកើតចិត្តសង្ស័យទៅតាមដានរុករកទាល់តែឃើញមូលហេតុពិត! ទោះមានកូនស្រីមុនក៏ដោយប្រពន្ធក៏ត្រូវតែស្រលាញ់ទើបគ្រួសារបានសុខនឹងគ្នា កំហុសត្រង់នោះគឺគិតកូនចោលប្រពន្ធ!…តែណ្ហើយ…ទោះយ៉ាងណាយើងអ្នកក្រៅដឹងមិនច្បាស់ដូចសាមីខ្លួនពួកគេទេ! ចាំស្ដាប់ម្ខាងទៀតប្រាប់សិនបានដឹងថារឿងពិតវាយ៉ាងណា!
ប្រាវ….ព្រះភិរុណបានបង្កើនអនុភាពរួមគ្នាជាមួយផ្លេកបន្ទោរលាន់ឆ្វាចនិងសព្ទផ្គរលាន់គ្រាំ។ ភាពត្រជាក់ស្រេងគ្របដណ្ដប់លើទិដ្ឋភាពស្ងាត់ជ្រងំនៃបន្ទប់រង់ចាំពិសេសនៅប្រលានយន្តហោះ។
អ្នកស្រីកុលាបដែលបិទភ្នែកជិតឈឹងដកដង្ហើមផ្ដឺតផ្តក់ដោយអាការតានតឹងពេញសារពាង្គកាយ។ប៉ូលិសវិទូនិយាយតិចៗទៅកាន់គាត់ដោយមានប៉ូលិសភ័ណនិងអ្នកកត់ត្រាឈរពីក្រោយផង៖
-អ្នកបង! លោកបងសារភាពអស់ហើយ តុលាការប្រហែលជាកោះហៅគាត់ក្នុងពេលមិនយូរជាងបីថ្ងៃទេ! បន្តិចទៀតអ្នកបងក៏នឹងឡើងយន្តហោះចេញទៅព្យាបាលនៅសិង្ហបុរីដែរ! អ្នកបងមានអ្វី ដែលមិនទាន់បាននិយាយប្រាប់ប៉ូលិសទេ?
អ្នកស្រីរូបល្អបណ្ដាច់នៅសង្កាត់លេខមួយដែលរុំព័ទ្ធរាងកាយជិតជុំដោយស្បៃរុំរបួសគួរឲ្យសង្វេគហើយកាន់តែដង្ហក់ទៅតាមការផ្លាស់ប្ដូរអារម្មណ៍របស់គាត់។ ដោយមានទឹកភ្នែកស្រក់មកតាមរោមភ្នែកដែលប្រឹងបិទផងគាត់និយាយមួយៗខ្សាវៗ៖
-អត់មានទេ!
យល់ច្បាស់ពីស្ថានភាពគាត់ វិទូងក់ក្បាលផ្ងក់ៗបន្លឺបន្ថែម៖
-បាន! ប៉ុន្តែសូមជូនដំណឹងថា ពាក្យសារភាពរបស់អ្នកបងមួយចំនួនមានទាក់ទងដល់សំណុំរឿងទាំងមូល អ្នកបងមានចំណែកទាក់ទងនឹងការប្រើប្រាស់សារធាតុញៀននិងកាត់ហ្វ្រាំងឡានប៉ងធ្វើឃាតប្អូនថ្លៃស្រី អ្នកបងមានជំងឺធ្ងន់ទើបតុលាការអនុញ្ញាតឲ្យចេញទៅព្យាបាលសិន តែមិនមែនមានន័យថាអ្នកបងបានរួចពិរុទ្ធនោះទេ!
ស្ត្រីអ្នកជំងឺសើចស្ងួតកំដរបបូរមាត់ស្លេកស្លាំងគ្មានឈាម គាត់បន្លឺតិចៗ៖
-មនុស្សស្រីម្នាក់ដែលរៀបការមិនដូចបំណង មានអីខុសពីនៅក្នុងនរកទៅហើយ! តើមានពិរុទ្ធណាទៀតដែលធ្ងន់ធ្ងរជាងហ្នឹង!?
គាត់នៅស្ងៀមលែងស្ដីក្រោមកែវភ្នែកសញ្ជឹងគិតរបស់ប៉ូលិសទាំងបី។ ពេលវេលាស្ងប់ស្ងាត់រំលងទៅបានពីរបីដង្ហើមប៉ូលិសភ័ណគ្រហែមយកសំឡេងរួចពោលសួរ៖
គាត់នៅស្ងៀមលែងស្ដីក្រោមកែវភ្នែកសញ្ជឹងគិតរបស់ប៉ូលិសទាំងបី។ ពេលវេលាស្ងប់ស្ងាត់រំលងទៅបានពីរបីដង្ហើមប៉ូលិសភ័ណគ្រហែមយកសំឡេងរួចពោលសួរ៖
-អ្នកស្រីកុលាប! បើអាពាហ៍ពិពាហ៍ជាមួយអ្នកមានម្នាក់ដូចជាចូលទៅរស់នៅក្នុងឋាននរក កាលណោះអ្នកស្រីទទួលយកអាពាហ៍ពិពាហ៍នេះធ្វើអ្វី?
ស្ត្រីនោះនៅស្ងៀមឈឹងមិនខ្ចីឆ្លើយគិតពីបិទភ្នែកនិងម្តងម្កាលជ្រួញចិញ្ចើមដោយការឈឺចាប់មិនដឹងថាជាការឈឺចាប់ផ្លូវចិត្តឬផ្លូវកាយឲ្យ ប្រាកដឡើយព្រោះស្ថានភាពគាត់គឺមានទាំងពីរ។ ភ័ណនិយាយបន្ត៖
-ការច្រណែនប្រចណ្ឌជារឿងធម្មតា តែអ្នកនាងភីណាជាភាគីទីបីដែលមិនដឹងរឿងហេតុអ្វីចាំបាច់ឲ្យទូលថ្មបាក់ពីបរាជ័យនៃអាពាហ៍ពិពាហ៍របស់ពួកអ្នក?
អ្នកស្រីកុលាបបើកភ្នែកភ្លែត។ កំហឹងក្នុងពន្លឺភ្នែករបស់គាត់បង្ហាញថាឈ្មោះភីណាបានធ្វើឲ្យគាត់រើកកាយការឈឺចាប់ត្រឡប់មកវិញ។ សូម្បីតែវិទូក៏មិននឹកស្មានដល់ថា គូដណ្តឹងខ្លួនជាមនុស្សដែលស្ត្រីអភិជនមានគំនុំជ្រៅដល់ម្ល៉ឹងទេ។ អ្នកកំលោះបើកភ្នែកគ្រលួងសម្លឹងមើលប្រតិកម្មនៃស្ត្រីដែលមានពិរុទ្ធ។ អ្នកស្រីកុលាបខាំមាត់និយាយផូងហាក់ប្រមូលបានកម្លាំងថ្មីពីណាមកមិនដឹង៖
-ឃើញមុខស្រីនោះ ខ្ញុំក៏នឹកដល់ម្តាយរបស់វា!
គាត់មិននិយាយបន្តទៀតទេតែភាពចងអាឃាតបានបង្ហាញចេញលើផ្ទៃមុខគាត់ស្រេចទៅហើយ។ វិទូសង្ខើញសួរ៖
-កោតតែអ្នកបងធ្វើអញ្ចឹងនាំឲ្យផ្លូវចិត្តខ្លួនមានបញ្ហា! ម្តាយភីណាស្លាប់យូរណាស់ហើយ! ហេតុអ្វីអ្នកបងចាំបាច់ត្រូវច្រណែនប្រចណ្ឌសូម្បីតែជាមួយមនុស្សដែលលែងមានជីវិតលើលោកនេះ?អ្នកបងយល់ថាអ្នកជុំវិញខ្លួនមានបញ្ហាឬខ្លួនឯងផ្ទាល់មានរោគចិត្ត?
អ្នកស្រីកុលាបសើចក្អាកក្អាយ។ ជាសំណើចដែលមិនធ្លាប់កើតមានចំពោះស្ត្រីអម្បូរអភិជនដែលគ្រប់គ្នាគោរពឱនលំទោន។ វិទូនិយាយតិចៗដោយមួហ្មង៖
-ខ្ញុំយល់ថាផ្លូវចិត្តអ្នកបងមានបញ្ហាច្រើនជាង! ភីណាមិនដឹងរឿង ហើយជាក្មេងជំនាន់ក្រោយ អ្នកបងចង់សម្លាប់គ្នាម្តងហើយម្តងទៀត! បើតាំងខ្លួនជាចាស់ទុំរបស់គេ ជាបងថ្លៃរបស់គេ អ្នកបងសមទេដែលធ្វើរឿងស្មោកគ្រោកអស់នេះទៅលើប្អូនថ្លៃខ្លួនឯង? នាងខុសអី? ទីបំផុតរុញប្តីឲ្យទាល់ច្រក ហើយគាត់វាយបកមកវិញ។ ឥឡូវគ្រួសារវិនាសហិនហោច អ្នកបងក៏ត្រូវទទួលខុសត្រូវ!អ្នកបងត្រូវតែសងយុត្តិធម៌ឲ្យភីណា!
អ្នកស្រីកុលាបគំហកញ័រមាត់ទទ្រើក៖
-ចុះខ្ញុំ? អ្នកណារកយុត្តិធម៌ឲ្យខ្ញុំ? ខ្ញុំរៀបការជាមួយមនុស្សប្រុសម្នាក់ដែលគ្មានលទ្ធភាពសូម្បីបង្កើតកូន! ទីបំផុត គេប្រគល់អ្វីៗទៅឲ្យកូនមុនរបស់គេជាមួយសហាយចាស់! ចុះជីវិតខ្ញុំ? អ្នកណាសងអនាគតខ្ញុំដែលត្រូវគេបំផ្លាញនោះ?
ភ័ណតបភ្លែត៖
-លោកកុសលជាមួយម្តាយចុងគាត់អាចបង្កើតបានភីណារឿងអីថាគាត់មានបញ្ហាបន្តពូជ? រឿងនេះអាចថាមកពីអ្នកស្រីខ្លួនឯងដែលមិនទាន់មានកូនហើយកើតចិត្តច្រណែនរហូតដល់ឆ្កួតវង្វេងក្នុងទោសៈ?
អ្នកស្រីកុលាបស្រែកវិញ៖
-លោកប៉ូលិសអស់ឯងមានឆ្ងល់ថាហេតុអីកញ្ចាស់នោះស្រលាញ់កូនឥតខាន់ស្លារបស់វាដល់ម្ល៉ឹង?
គ្មានអ្នកណាតបទេព្រោះពួកគេកំពុងផ្ដោតអារម្មណ៍ស្តាប់។ ស្ត្រីនោះបន្តដោយទឹកភ្នែក៖
-ព្រោះវាដឹងច្បាស់ថាមួយជីវិតនេះ វាគ្មានលទ្ធភាពមានកូនជាមួយស្រីណាទៀតទេ!
វិទូថ្លោះទឹកមុខក្នុងពេលត្រចៀកលឺស្ត្រីនិយាយលាយសំណោកគគ្រូក៖
-តើវាឆ្កួតឬខ្ញុំឆ្កួតដែលវាហ៊ានបំពេញចិត្តសហាយមុនរបស់វាដោយគ្រាវខ្លួនឯង?
វិទូទ្រេតទ្រោតព្រោះទន់ជើងក្នុងពេលដៃភ័ណចំហមាត់ធ្លុងព្រោះតក់ស្លុត។ អ្នកស្រីកុលាបនិយាយបន្តទាំងរន្ធត់៖
-វាសហាយជាមួយម្តាយចុងរហូតដល់សន្យាជាមួយស្រីចង្រៃនោះថាមិនប៉ះពាល់ស្រីណាទៀតទេក្នុងជាតិនេះ ចុះក្រោយមកវារៀបការជាមួយខ្ញុំធ្វើអី? វាបំផ្លាញអនាគតខ្ញុំទាំងស្រុងដឹងទេ? មានអ្នកណាដឹងទេ? មានអ្នកណាខ្លះរកយុត្តិធម៌ឲ្យខ្ញុំ? ខ្ញុំក្លាយជាមនុស្សគេរើសមកសម្រាប់លុបបំបាត់ពាក្យចចាមអារ៉ាមក្នុងសង្គមជាន់ខ្ពស់របស់គេ ហើយទីបំផុតស្អីក៏ខ្ញុំគ្មាន? ចាកចេញក៏មិនបានហើយមរតកមាន១០ភាគរយ អ្នកណារកយុត្តិធម៌ឲ្យខ្ញុំ? អ្ហា៎? ឆ្លើយមក? អស់លោកមន្ត្រីយុត្តិធម៌?
វិទូអត់អ្វីនិយាយទៀតទេ។ នាយឈរផ្អែកខ្នងទៅនឹងជញ្ជាំងបន្ទប់ ល្មមពេលលឺសំឡេងភ័ណនិយាយម្តង៖
-បើអ្នកស្រីស្អប់លោកកុសលហេតុអ្វីបង្វែរគោលដៅធ្វើឃាតទៅរកកូនស្រីគាត់ទៅវិញ?
ស្ត្រីក្មេងដែលស្ទើរតែសល់ដង្ហើមចង្រិតនិយាយតបទាំងសើចស្ងួត៖
-សម្លាប់មនុស្សដែលវាស្រលាញ់បំផុត ទើបអាចឲ្យវាដឹងថា អ្វីទៅជាការឈឺចាប់!
វិទូបោះជំហានចេញឈប់ស្តាប់ព្រោះមិនអាចទទួលយកការពិតទាំងអស់នេះបានតទៅទៀត។ អ្នកកំលោះដឹងថាព្រោះតែគំនុំអាចជំរុញឲ្យមនុស្សគិតឃើញរឿងឆ្កួតលីលាជាច្រើនរាប់ទាំងអំពើស្មោកគ្រោកនានាផង។
ស្ត្រីនោះត្រូវបានបញ្ជូនចាកចេញទៅ តែភាពក្តុកក្តួលនៅសេសសល់ធ្ងន់ក្ដុកក្នុងចិត្តប៉ូលិសនានា។ តាមពិតនៅពីក្រោយសំណុំរឿងឧក្រិដ្ឋតែងតែបង្កប់នូវដើមចមគួរឲ្យសង្វេគ ប៉ុន្តែករណីរបស់អ្នកស្រីកុលាបជាករណីដែលគ្មានអ្នកណាម្នាក់ជឿថានៅមានលើលោកនេះទេ។
គ្រាវខ្លួនឯងដើម្បីស្នេហ៍ស្មោះ? បើអញ្ចឹងក្រោយមកគាត់ការប្រពន្ធធ្វើអី? គាត់ដឹងថាខ្លួនឯងមិនអាចមានកូនណាក្រៅពីភីណាទៀតក៏ផ្តល់អ្វីៗទាំងអស់ទៅឲ្យនាង ហេតុអ្វីគាត់មិនគិតពីស្ត្រីក្មេងម្នាក់ដែលមានរូបល្អផ្ដាច់ត្រូវបញ្ចប់អនាគតទាំងស្រុងដោយសារគាត់?
-តាមពិតអ្នកស្រីកុលាបក៏គួរឲ្យអាណិតដែរហ្ន៎!
សំឡេងប៉ូលិសកត់ត្រានិយាយហើយដើរហួសកាត់ទៅបាត់សល់តែវិទូនៅឈរទ្រឹងម្នាក់ឯង។ ពេលនោះភ័ណដកដង្ហើមធំហើយនិយាយតិចៗពីក្រោយខ្នងគេ៖
-មនុស្សយើងព្រោះតែឆ្កួតស្នេហ៍ រឿងឡប់អញ្ចឹងក៏ធ្វើកើតដែរ? គ្រាវ? អារំបល់យក៍! បើអញ្ចឹងវាការគេមកធ្វើអី!
វិទូឥតនិយាយអ្វីចេញសូម្បីតែមួយម៉ាត់។ អ្នកកំលោះនៅស្ងៀមតែចិត្តកំពុងតែវិលវល់។ សំឡេងប៉ូលិសភ័ណលាន់មកបន្ថែម៖
-ធ្វើអ្នកអនុវត្តច្បាប់មិនបាច់យករឿងគេមកគិតពេកទេនាំតែកើតរោគចិត្តអត់អំពើ! ចោរខ្លះលួចគេដើម្បីចិញ្ចឹមម៉ែឪចាស់! ចោរខ្លះប្លន់គេព្រោះកូននៅផ្ទះឈឺធ្ងន់គ្មានលុយមើល! ចោរខ្លះធ្វើអាក្រក់ព្រោះបរិយាកាសមិនអំណោយផលឲ្យគេក្លាយជាមនុស្សល្អបាន! ទាំងអស់នេះសុទ្ធតែជាសោកនាដកម្មភ្នែកស្រស់ដែលប៉ូលិសត្រូវជួបត្រូវលឺព្រឹកល្ងាច! សរុបមក ធ្វើតាមច្បាប់ ជាកាតព្វកិច្ចរបស់យើង! តោះទៅរកអីដាក់ពោះព្រោះឯងត្រូវឆ្លងកាត់គូដណ្តឹងឯងមួយដំណាក់ទៀត! ត្រូវសន្សំកម្លាំងទប់ទល់សិនទៅ!
តើយុត្តិធម៌និងការអនុវត្តន៍ច្បាប់ពិតជាត្រូវប្រកួតយ៉ាងតឹងតែងជាមួយមនោសញ្ចេតនាដូចមានពាក្យថាយល់ញាតិឃ្លាតច្បាប់មែនឬ? តាមពិតវិទូក៏ដឹងដែរថា ប្រសិនបើសំណុំរឿងម៉ោង១២អធ្រាត្រនៅសង្កាត់លេខមួយត្រូវបានបំបែក លទ្ធផលចុងក្រោយនឹងមានការប្រេះឆាដ៏ធំដែលដំបូងបង្អស់អ្នកកំលោះគិតថាត្រឹមរវាងប្តីប្រពន្ធលោកកុសល តែការពិតចុងក្រោយបង្អស់ដែលត្រូវបានរកឃើញមិនត្រឹមតែបានធ្វើឲ្យអ្នកកំលោះស្រងល់ចំពោះការពិតដ៏ឈឺចាប់របស់អ្នកស្រីកុលាបដ៏ក្មេងខ្ចីទេ តែក៏ឲ្យអ្នកកំលោះដឹងមុនជាស្រេចដែរថា ចំណងស្នេហ៍តាំងពីកុមារភាពរបស់អ្នកកំលោះនិងធីតាក្មេងខ្ចី១០០ភាគរយនឹងត្រូវកាត់ផ្តាច់។
ដូចជាពេលនេះ….ពេលដែលអ្នកកំលោះត្រឡប់មករកនាងនៅផ្ទះ….
ភីណាខាំមាត់ងាកមិនព្រមមើលវិទូ នាងយំទាល់តែរីងទឹកភ្នែកហើយស្រវាកញ្ឆក់កាបូបចាកចេញក្នុងពេលវ៉ាលិសត្រូវបានមីងអួនអូសចេញទៅមុនទាំងទឹកមុខស្លេកស្លាំង។ វិទូស្រវាចាប់បើកដៃស្រីមកវិញ ប៉ុន្តែនាងមិនងាកមកមើលនាយឡើយ ស្រីក្មេងនិយាយដោយយំទន់ខ្លួន៖
-បងឯងលែងដៃខ្ញុំ!
វិទូនិយាយតិចៗពីលើស្នូរគ្រាប់ភ្លៀង៖
-ចាំភ្លៀងរាំងសិនសឹមទៅ!
ភីណាកែវភ្នែកពេញដោយទុក្ខសោកនាងរុញដៃនាយចេញតិចៗហើយដើរតម្រង់រកមាត់ទ្វារបន្ទប់ ។ សំឡេងវិទូលាន់មកស្រាលៗ៖
-បងអត់បានធ្វើអីខុសទេភីណា! គឺលោកបងធ្វើរឿងខុសច្បាប់ដោយខ្លួនឯង!
នារីអភិជនស្រក់ទឹកភ្នែកច្រោក នាងងាកក្រោយសម្លឹងគូដណ្ដឹង នាងប្រឹងណាស់ទើបនិយាយបានដោយអណ្ដឺតអណ្ដក៖
-តែបងឯងដឹងហើយមែនអត់ ថាគាត់ធ្វើអញ្ចឹងដើម្បីការពារខ្ញុំ! បងឯងប្តឹងគេចាប់គាត់! បងឯងមានគិតដល់ខ្ញុំអត់?
វិទូខំចូលទៅជិតហើយពន្យល់នាងពីក្រោយខ្នង៖
-ឧក្រិដ្ឋកម្មធំដល់ម្ល៉ឹងយកដៃបាំងមេឃបាំងមិនជិតទេភីណា? ច្បាប់មានសម្រាប់អនុវត្ត អ្នកណាធ្វើអ្នកនោះទទួល!
-ត្រូវហើយអ្នកណាធ្វើអ្នកនោះទទួល!
នាងនិយាយតិចៗដោយមិនបែរក្រោយតែវិទូដឹងថានាងកំពុងឈឺចាប់ណាស់តាមរយៈសំឡេងរអាក់រអួលរបស់នាង។ អ្នកកំលោះហើបមាត់មិនរួច លឺតែសំឡេងនាងនិយាយបន្ត៖
-ហើយខ្ញុំក៏អស់មានអ្នកណាទៀតដែរ!
នាងចាកចេញទៅដោយមានអ្នកបម្រើប្រុសស្រីនៅរង់ចាំជាស្រេច។ វិទូឃាត់នាង ក៏រឹតតែមិនអាចប្រាប់នាងឲ្យអស់សេចក្ដីពីការពិតដ៏ស្មុគស្មាញនិងគួរឲ្យរន្ធត់ដែលអ្នកកំលោះទើបតែដឹងពីអ្នកស្រីកុលាបនោះទេព្រោះនាងជាផ្ទាំងសំពត់សដែលត្រូវឈឺចាប់គ្រប់គ្រាន់ហើយដោយសាររឿងមនុស្សជំនាន់មុន។ ដូច្នេះអ្នកកំលោះមានតែបណ្ដោយឲ្យនាងគិតទៅតាមអ្វីដែលនាងយល់ថាត្រូវ។
នៅ Apartmentបឹងកេងកងអ្នកកំលោះបានសន្យានឹងនាងថា អ្នកកំលោះនឹងស្វែងរកយុត្តិធម៌ឲ្យស្រីស្អាតប៉ុន្តែបងប្រុសនាងដែលជាឪពុកលួចលាក់របស់នាងតក់ក្រហល់កាត់ទោសសត្រូវដោយខ្លួនឯងធ្វើឲ្យដំណើររឿងទៅជានាគវាត់កន្ទុយដែលគាត់ខ្លួនឯងត្រូវទទួលខុសត្រូវធ្ងន់ចំពោះមុខច្បាប់។ អ្នកស្រីកុលាបត្រូវពិការមួយជីវិតដោយសារធាតុគីមីពុល ចំណែកភីណាក្រោយពេលបងប្រុសចាញ់ក្តីជាចុងក្រោយនៅសាលាឧទ្ធរណ៍ហើយត្រូវទទួលទោសជាប់ពន្ធនាគារ នាងបានចាកចេញពីប្រទេសទៅបន្តការសិក្សាសហរដ្ឋអាមេរិក។
ប៉ូលិសកម្សត់ស្នេហ៍នៅតែស្ម័គ្រចិត្តរង់ចាំនាងរហូតដល់៣ឆ្នាំក្រោយមកនាយបានទទួលដំណឹងថាភីណាបានរៀបការជាមួយមេធាវីខ្មែរអាមេរិកម្នាក់ដែលដំណឹងនេះបានបញ្ចប់ទាំងស្រុងនូវចំណងស្នេហ៍របស់ពួកគេនិងក្តីសង្ឃឹមរបស់នាយ។
វិទូផ្លាស់ទៅក្រុងព្រះសីហនុដោយផ្ដោតអារម្មណ៍តែលើការងាររហូតដល់បំបែកបានសំណុំរឿងមួយចំនួនរួមមានករណីឃាតកម្មនៅស្ទូឌីយោលេខ៧ដ៏កក្រើកនោះផង។ នៅឆ្នាំ២០១២គេបានទទួលការតែងតាំងឋានន្តរសក្ដិថ្មីជាឧត្ដមសេនីយ៍និងផ្លាស់មកនៅបម្រើការងារនៅនាយកដ្ឋានអន្តោប្រវេសន៍ជាទីដែលគេបានជួបភីណាសាជាថ្មីបន្ទាប់ពីនាងបានត្រឡប់មកកាន់ស្រុកកំណើតវិញជាមួយស្វាមី។ ការជួបគ្នាឡើងវិញបន្ទាប់ពីពេលជាង៤ឆ្នាំរវាងអតីតគូស្នេហ៍ដែលម្នាក់ជាកំលោះនិងម្នាក់ទៀតជាភរិយានៃមេធាវីអន្តរជាតិដ៏ល្បីឈ្មោះបានបង្កើតទៅជាសាច់រឿងប្រលោមលោកស៊ើបអង្កេតថ្មីសន្លាងមួយផ្នែកបច្ចេកវិទ្យាស៊ីជម្រៅនិងវិបត្តិចាក់ស្រេះជុំវិញករណីឃាតកម្មក្ដៅគគុកមានឈ្មោះថា “សំណុំឯកសារZ22″ ។
តើចង់អានទេ?