ម្តាយនិងកូន ប្រុសលួចលុយ អាជីករត្រូវបាន នគរបាលការពារ ព្រំដែនគោក ប៉ុស្តិ៍ក្បាល ស្ពានឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ នគរបាលការពារព្រំដែនគោក៨១៥ប៉ុស្តិ៍ក្បាលស្ពាន ច្រកតំបន់ម៉ាឡៃឃាត់ខ្លួនជនសង្ស័យពីរនាក់ម្តាយនិងកូន ព្រមទាំងប្រាក់៣ពាន់បាត និងលុយខ្មែរ៦៥ម៉ឺនរៀល កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ២០១៣ នៅចំណុចក្បាលស្ពានច្រកតំបន់ម៉ាឡៃ បន្ទាប់ពីធ្វើសកម្មភាពលួចលុយស្ត្រីលក់សាច់ជ្រូកក្នុងផ្សារណងពឺ ស្ថិតនៅឃុំណងពឺ ស្រុកអារញ្ញ ខេត្តស្រះកែវ (ប្រទេសថៃ) ទល់មុខនឹងច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមការឱ្យដឹងពីនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពានថា ស្ត្រីសង្ស័យមានឈ្មោះ កែវ ឈូក អាយុ២៩ឆ្នាំ រីឯកូនឈ្មោះ ច.វ.ស ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាស្តា ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង រីឯស្ត្រីរងគ្រោះជាអាជីវករលក់សាច់ជ្រូកមានឈ្មោះ ចៀង ថា អាយុ៣១ឆ្នាំ និងប្តីឈ្មោះ ឈុន ស៊ីណាត អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ឃុត ចាន់ហេង នាយផ្នែកសេនាធិការនានៃអធិការស្រុកម៉ាឡៃ បានប្រាប់ឲ្យថា ក្រោយពីការឃាត់ខ្លួនស្ត្រីសង្ស័យ និងកូនប្រុសបានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចលុយពិតប្រាកដមែន និងរកឃើញប្រាក់នឹងកូនប្រុសចំនួន១.៣០០បាត(លុយថៃ) និងលុយខ្មែរចំនួន២ម៉ឺនរៀល រីឯលុយសេសសល់ទាំងនោះនៅនឹងស្ត្រីសង្ស័យទាំងអស់ រួចលោកក៏បានប្រគល់ជូនទៅស្ត្រីរងគ្រោះជាអាជីករលក់សាច់ជ្រូកវិញ ចំណែកស្ត្រីសង្ស័យ និងកូនប្រុសត្រូវបានបញ្ជូលទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ ៕
________________________________
ប្រភពពីនគរវត្ត
