បើករថយន្ដ ដឹកស្រីស្នេហ៍ ទាំងស្រវឹង បុករះ រថយន្ដ ២គ្រឿង និងគំរាមសមត្ថកិច្ច
ភ្នំពេញ ៖ អ្នកបើករថយន្ដប្រភេទស្ព័រ ពណ៌ស ១គ្រឿង បានបង្កគ្រោះថ្នាក់ចរាចរបុករះរថយន្ដចំនួន ២ គ្រឿង និងបើកប្រុង បុកអ្នកកាសែត ដែលកំពុងឈរថតរូបនៅ ពីមុខរថយន្ដរបស់ខ្លួន ព្រមទាំងប្រជាពល រដ្ឋ ដែលកំពុងធ្វើដំណើរតាមម៉ូតូធ្វើឱ្យម្នាក់ៗ ភ័យព្រលឹងចុងសក់ ហើយផ្ដួលម៉ូតូចោល រត់គេចខ្លួនទៀត ផង ដោយសារតែខ្លាច គ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន។
គ្រោះថ្នាក់ចរាចរបុករះរថយន្ដ និងមាន បំណងបុកប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ តាមម៉ូតូព្រមទាំងអ្នក កាសែតខាងលើនេះ បង្កឡើងដោយអ្នកបើករថយន្ដស្ព័រ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-2233 ពោរពេញដោយគ្រឿងស្រវឹងក្នុងខ្លួន អម ដំណើរដោយនារីម្នាក់ ដែលគេអះអាងថា ជាស្រីស្នេហ៍របស់ខ្លួន ។
គ្រោះថ្នាក់ចរាចរ ផ្ដើមចេញដោយគ្រឿង ស្រវឹងហើយគំរាមសមត្ថកិច្ចទាំងនគរបាល និងអាវុធតហត្ថ ពេលចុះទៅជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុនោះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅមុខអតីត រោងកុនគីរីរម្យ តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយគ្រោះថ្នាក់ចរាចរនេះត្រូវបានប្រជាពលរដ្ឋជាច្រើននាក់រិះគន់ចំៗ នូវទង្វើ ដ៏ថោកទាប របស់អ្នកបើករថយន្ដ ដែលគេមិនស្គាល់អត្ដសញ្ញាណ ប៉ុន្ដែ ជាកូនអ្នកមានទ្រព្យសម្បត្ដិ និង មានអំណាចម្នាក់ ដោយបានប្រើអំណាចរបស់ខ្លួន និងលុយកាក់ទៅគំរាមសមត្ថកិច្ច ដែលមកជួយអន្ដរាគមន៍ទៀតផង ។
យោងតាមសេចក្ដីរាយការណ៍ពីសាក្សី ដែលបានចោមរោមមើលគ្រោះថ្នាក់ចរាចរខាងលើនេះ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ អ្នកបើករថយន្ដរូបនេះ រួមជាមួយស្រីស្នេហ៍របស់ខ្លួនប្រហែលទើប ចេញពីក្លឹបរាំលេងកំសាន្ដ បានបើករថយន្ដ តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន រេពេញផ្លូវ លុះដល់ចំណុចកើត ហេតុ បានជ្រុលទៅបុករថយន្ដកាមរីបាឡែន ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2U-2255 ដែលកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះ សីហនុ ក្នុងទិសដៅពីលិចទៅកើត ។សាក្សី បានបន្ដថា ភ្លាមៗនោះអ្នកបើករថយន្ដដែល ពោរពេញដោយអាការៈស្រវឹង បានថយ រថយន្ដយ៉ាងលឿនក៏ជ្រុលទៅបុករថយន្ដលុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-4918 បណ្ដាលឱ្យរថយន្ដរងគ្រោះទាំង ២គ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីបង្កគ្រោះថ្នាក់ខាងលើនេះអ្នកបើករថយន្ដដែលអាងសិទ្ធិអំណាចរបស់ខ្លួននោះ មិនបានឈប់រថយន្ដដោះស្រាយភ្លាមៗឡើយ ក៏បើករថយន្ដរត់ចេញពីកន្លែង កើតហេតុ ប៉ុន្ដែ ប្រមាណ៣០នាទីក្រោយមកគេបានឃើញជនបង្កគ្រោះថ្នាក់ចរាចរនេះ និងស្រីស្នេហ៍របស់ខ្លួនបានបើករថយន្ដត្រឡប់មកដល់កន្លែងកើតហេតុវិញ ។
បើយោងតាមសាក្សី នៅពេលជនបង្ករូបនេះ បានធ្វើដំណើរមកដល់កន្លែងកើតហេតុវិញ រូបគេបានស្ដីឱ្យ និងគំរាមសមត្ថកិច្ចទាំងអាវុធហត្ថ និងនគរបាលដោយសួរថា តើមកធ្វើអ្វីនៅកន្លែងកើតហេតុនេះ។ ក្រោយពីប្រើពាក្យសំដី និងអាប្បកិរិយាព្រហើនបែបនេះរួច ជនបង្កបានឡើងទៅក្នុងរថយន្ដ ហើយបើកចេញពីកន្លែងកើតហេតុយ៉ាងលឿនប្រមាណ ២០០ម៉ែត្រក៏ បានឈប់។ពេលនោះដោយសារតែព័ត៌មាន បានឮទៅដល់ថ្នាក់លើក៏បានបញ្ជាឱ្យសមត្ថកិច្ចនៅកន្លែងកើតហេតុដេញឃាត់រថយន្ដ ប៉ុន្ដែ ពេលទៅដល់កន្លែងដែលរូបគេឈប់រថយន្ដនោះ រូបគេក៏បានស្ដីឱ្យសមត្ថកិច្ចបន្ថែមទៀត ។
ប្រភពព័ត៌មានពីសាក្សី បានបន្ដថា ទំនង ជាម្ចាស់រថយន្ដជាកូនអ្នកធំទើបសមត្ថកិច្ច មិនបានឃាត់ខ្លួន និងសួរនាំឡើយ ពោលបានអនុញ្ញាតឱ្យរូបគេបើករថយន្ដចេញពីទី នោះដោយសុវត្ថិភាពតែម្ដង ។ យ៉ាងណាក៏ ដោយ ក្រោយមានករណីនេះកើតឡើង និងមិនសុខចិត្ដពីសំណាក់ម្ចាស់រថយន្ដរងគ្រោះទាំង២គ្រឿង គេឃើញមានតំណាងរបស់អ្នកបើករថយន្ដបង្កចេញមុខមកដោះស្រាយ និងធ្វើការសម្របសម្រួល នៅកន្លែងកើតហេតុនោះ ដើម្បីបញ្ចប់រឿងតែម្ដងដោយមិនចាំបាច់រំខានដល់សមត្ថកិច្ចមូលដ្ឋាន ឬមួយនគរបាលចរាចរជើងគោកស្ទូចយករថយន្ដទៅដោះស្រាយបន្ដឡើយ ។ ប្រជាពលរដ្ឋដែលចោមរោមមើលទិដ្ឋភាពគ្រោះថ្នាក់ចរាចរនេះបានរិះគន់នឹងភាពកំសោយ ពីចំណាត់ការរបស់សមត្ថកិច្ចដែលចុះទៅជួយអន្ដរាគមន៍នៅកន្លែងកើតហេតុថា មិនមានហ៊ានឃាត់ខ្លួនម្ចាស់រថយន្ដបង្ក ហើយថែមទាំងអនុញ្ញាតឱ្យជននេះមើលងាយនិង គំរាមកំហែងមកលើសមត្ថកិច្ចទៀតផង ដូច្នេះរឿងរ៉ាវនេះគួរត្រូវបានស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងមេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី ធ្វើការស្រាវជ្រាវ និងពិនិត្យឡើងវិញ បើពុំដូច្នោះទេ ជនបង្កខាងលើនៅពេលលើកក្រោយនឹងកាន់តែធ្វើខ្លាំងជាងនេះ ពីព្រោះសំអាងថា សមត្ថកិច្ចដែលទៅដោះស្រាយភ្លាមៗនៅកន្លែងកើតហេតុនោះមានឋានៈតូចជាងខ្លួន និងមានលុយតិចជាងខ្លួន ៕
ដោយ ៖ ដើមអម្ពិល