សងគុណម្ដាយ នឹងច្របាច់ក ពេលសុំ លុយមិនបាន
ភ្នំពេញ ៖ កូនប្រុសតិរច្ឆានម្នាក់ ត្រូវបានសាច់ញាតិ ចាប់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ក្រោយពីច្របាច់ក ម្ដាយបង្កើតរបស់ខ្លួន និងបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិក្នុងផ្ទះ ដោយសារតែខឹង ទារលុយម្ដាយ មិនបាន កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវរថភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍ របស់ខណ្ឌសែនសុខ បានឱ្យដឹងថា កូនប្រុសរមើលគុណរូបនេះ ឈ្មោះ ចាន់ តាល់បុបា្ជ អាយុ ៣០ ឆ្នាំ មុខរបរ នៅផ្ទះ រីឯកស្ដ្រីជាម្ដាយឈ្មោះ សេង ស៊ីម អាយុ៦៧ឆ្នាំ ។
បើយោងតាមសមត្ថកិច្ច មុនពេលកើតហេតុ នៅពេលដែលម្ដាយកំពុងនៅក្នុងផ្ទះ កូនប្រុសរូបនេះ បានទៅ ទារលុយពីម្ដាយ ប៉ុន្ដែ ម្ដាយមិនឱ្យក៏វាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះបណ្ដាលឱ្យខូចខាត ដូចជា ពាងទឹក កៅអី ឆ្នាំងចាន និងផើងផ្កាជាដើម ។ មិនអស់ចិត្ដកូនប្រុសរមើលគុណ ចូលនរក១៧ជាន់រូបនេះ បានទៅ ច្របាច់កម្ដាយធ្វើឱ្យភ្ញាក់ផ្អើលដល់បងប្អូន និងប្រជាពលរដ្ឋនៅក្បែរខាង ហើយឃាត់ខ្លួនយក ទៅប្រគល់ ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដងទៅ ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម ផ្លូវច្បាប់៕
ដោយ ៖ ដើមអម្ពិល