ប៉ូលិសខណ្ឌសែន សុខឃាត់ខ្លួនស្រី ស្អាតម្នាក់ទិញ រថយន្តមិនឲ្យលុយគេ
ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌសែនសុខឃាត់ខ្លួនកាលពីវេលាម៉ោង១១ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ តាមបណ្ដឹងជនរងគ្រោះម្នាក់ចោទពីបទរំលោភសេចក្ដីទុកចិត្តប្រព្រឹត្តិតាំងពីដើមខែកក្កដា ឆ្នាំ២០១៣។
ប៉ូលិសនិយាយថា ជនសង្ស័យក្នុងករណីនេះឈ្មោះ ផុន ទីនី ភេទស្រី អាយុ២៥ឆ្នាំមានទីលំនៅផ្ទះលេខ៤០ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ គ្មានមុខរបរពិតប្រាកដ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហេង អូន អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ បានទំនាក់ទំនងរាប់អាន ឈ្មោះ ផុន ទីនី (ជនសង្ស័យ) ខាងលើ យូរខែឆ្នាំមកហើយ លុះនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ ជនសង្ស័យបានណាត់ជួបជនរងគ្រោះនៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយភាគីជនជាប់ចោទបានសុំទិញរថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2L.1597(លេខតួ4TB.622k និង លេខម៉ាស៊ីន 557016698) ពីជនរងគ្រោះក្នុងតម្លៃ ៩.០០០ដុល្លារ តែជនជាប់ចោទសុំខ្ចីរថយន្តជិះសាកល្បងសិន ដោយពុំបានធ្វើលិខិតទិញលក់ឲ្យដែរ។ ប្រភពបន្តថា លុះដល់ថ្ងៃទី៤ (២ថ្ងៃក្រោយ) ទើបគេធ្វើលិខិតលក់រថយន្តនេះប្រគល់ឲ្យ តែជនជាប់ចោទពុំទាន់ប្រគល់លុយ១រៀលទេ ដោយប្រាប់ថា ជំពាក់សិនចាំខែក្រោយ។ លុះដល់ដាច់ខែកក្កដា ចូលខែសីហា ហើយនៅតែពុំព្រមប្រគល់លុយឲ្យទៀត ទើបជនរងគ្រោះប្រើវិធីលួងលោមណាត់ជួបនាង ផុន ទីនី ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសតែម្ដងនៅម៉ោង១១ថ្ងៃទី៩ខែសីហា ឆ្នាំ២០១៣ ដើម្បីទាមទាររថយន្តវិញ ប៉ុន្តែរថយន្តបានបាត់ទៅហើយ។
ចំណែកនាងជាប់ចោទវិញនិយាយថា រថយន្តនោះត្រូវបានបុរសជនជាតិចិនម្នាក់ខ្ចីជិះរួចបោកយកទៅបាត់ហើយ។ នាងជាប់ចោទនិយាយថា តាមពិតនាងបានប្រគល់លុយឲ្យទៅម្ចាស់រថយន្តអស់មួយចំនួនដែរ តែពុំបញ្ជាក់ចំនួន។
ប៉ូលិសនិយាយថា ស្ត្រីម្នាក់នោះទំនងជាលក់រថយន្តគេយកលុយលេងល្បែងចាញ់អស់ ទើបបានជាប្រើល្បិចភូតកុហកដូច្នេះ ប៉ុន្តែវាជាលទ្ធផល ដែលនាងសាងទុក៕និមល
____________________________________
ប្រភពពី កម្ពុជាថ្មី
