ក្រុមប្រឹក្សាធម្មនុញ្ញ : រដ្ឋធម្មនុញ ពុំមានចែង តម្រូវឲ្យមាន តំណាងរាស្ត្រ ១២០ រូបក្នុងពេល បើកសម័យ ប្រជុំដំបូងទេ

8/06/2013 0 Comments A+ a-

ភ្នំពេញ: ​មានការ​ពិភាក្សា​និង​បកស្រាយ​យ៉ាងច្រើន​ហួសហេតុ​អំពី​ថា តើ​កិច្ចប្រជុំ​ដំបូង​របស់​រដ្ឋសភា​អាច​ដំណើរការ​ដោយ​ស្របច្បាប់​ជាមួយនឹង​តំណាងរាស្ត្រ ១២០ រូប ឬក៏​យ៉ាងណា​? តាមពិត​ការបកស្រាយ​ច្បាប់ មិនមែនជា​តូ​នាទី​របស់​អ្នក​ដែល​អះអាង​ខ្លួន ជា​អ្នកច្បាប់ ឬក៏​អ្នកវិភាគ​ឯករាជ្យ​នោះទេ ប៉ុន្តែ​ជា​តួនាទី​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។​
​ការបកស្រាយ​កន្លងមក បានធ្វើឲ្យសាធារណជន​វង្វេង​ ដោយមាន​អ្នកខ្លះ​ថា ទាល់​តែមាន​សមាជិកសភា ១២០ រូប​ទើប​អាច​ដំណើរការបាន​កិច្ចប្រជុំ​ដំបូង​របស់​រដ្ឋសភា​។ដូច្នេះ ការធ្វើ​ពហិការ​របស់​បេក្ខជន​សមាជិកសភា​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​ឲ្យ​ស្ទះ​ដល់​ការរៀប​ចំ​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​ការបង្កើត​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី​។ ចំណែក​អ្នកខ្លះ​ទៀតថា ត្រូវការ​សំឡេង​តែ ៥០ បូក ១ ឬក៏​សមាជិកសភា ៦៣ រូប​ប៉ុណ្ណោះ​។​
​រាល់​ការបកស្រាយ​ទាំងឡាយ មិនមែន​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ មិនត្រូវ​យកមក​ដាក់​ក្នុង​ខួរក្បាល​នោះទេ​។ ចំណែក​មនុស្ស​គ្រប់គ្នា ក៏​មិនត្រូវ​រំលោភ​ទៅលើ​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែរ​។​
​តាមពិតទៅ​រឿងនេះ វា​ជា​ព្រឹត្តិការណ៍​ច្រំ​ដែល ហើយ​វា​មិនគួរ​មាន​អ្វី​ស្រពេចស្រពិល​នោះឡើយ​។ ក្រុមប្រឹក្សាធម្មនុញ​បាន​ធ្លាប់ធ្វើ​ការបកស្រាយ​រួចហើយ ចាប់តាំងពី​ឆ្នាំ​២០០៣ ដោយ​ទូលថ្វាយ​អតីតព្រះមហាក្សត្រ​រួចហើយអំពី​រឿងនេះ​។ នៅក្នុង​លិខិត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ចុះ​លេខ ២០/២០០៣ កប​ធ ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០០៣ ដែល​ទូលថ្វាយ​អ​តី​ត​ព្រះមហាក្សត្រ មាន​ខ្លឹមសារ​ថា “ ក្រុមប្រឹក្សាធម្មនុញ​សូមបញ្ជាក់​បំភ្លឺ​ម្តង​ទៀតថា តំណាងរាស្ត្រ ១២០ រូប​យ៉ាងតិច គឺជា​លក្ខខណ្ឌ​ចាំបាច់​ដែល​ការរៀបចំ​ការបោះឆ្នោត​ត្រូវបំពេញ ដើម្បី​បង្កើត​រដ្ឋសភា​មួយ​បាន សម្រាប់​នីតិកាល​នីមួយៗ​។ កាលណា​បើ​លទ្ធផល​ផ្លូវ​ការដែល​អស់​មានការ​តវ៉ា​កើត បានចេញ​ចំនួន​តំណាងរាស្ត្រ​ស្មើ ឬ​លើស ១២០ រូប ហើយ គឺ​រដ្ឋសភា​កើត​រូបរាង​រួចហើយ​។ ដំណាក់កាល​ផ្សេងៗ​ទៀត​ដែល​រដ្ឋសភា​ថ្មី ត្រូវបំពេញ ដើម្បី​អាច​ទៅ​ចូលកាន់​តំណែង ត្រូវអនុវត្ត​តាម​នីតិ​វិធី​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា​។ (​មាត្រា​៨២) នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ផ្នែក​មួយ​នៃ​នីតិវិធី​នេះ ពុំមាន​ចែង​តម្រូវអោយមាន​ចំនួន​តំណាងរាស្ត្រ ១២០ រូប យ៉ាងតិច​ទេ ក្នុងពេល​បើក​សម័យ​ប្រប​ជុំ​ដំបូង ហើយ​ប្រការ ៥ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ក៏​ឥត​មានចែង​ដែរ ប៉ុន្តែ​បានចែង​ចំនួន​តំណាងរាស្ត្រ​ដែល​ត្រូវមាន​នៅក្រោយពេល​បើក​នេះ​។ ប្រការ ៥  និយាយ​ប៉ុណ្ណេះ​មានន័យ​ច្បាស់លាស់​គ្រប់គ្រាន់​ណាស់​ហើយ​”​។
​នៅ​ប្រការ ២ ថ្មី នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​និយាយថា “​នៅពេល​បើក​សម័យប្រជុំ​លើក​ទី​១ នៃ​នីតិកាល​នីមួយៗ រដ្ឋសភា​ត្រូវ​ចាប់ដំណើរការ​ក្រោម​អធិបតីភាព​ប្រធាន​បណ្តោះអាសន្ន​មួយរូប ដែល​បេក្ខជន​ជាប់ឆ្នោត​មាន​អាយុ​ច្រើនជាងគេ ដែលមាន​វត្តមាន ​ហើយ​មាន​សមាជិក​ប្រាំ​រូបដែលជា​បេក្ខជន​ជាប់ឆ្នោត​មាន​អាយុ​តិចជាងគេ ដែលមាន​វត្តមាន​ជា​លេខាធិការ ដើម្បី​ជួយ​ប្រធាន​ក្នុង​ការងារ​។ នៅក្នុង​ចំណុច “​ក​” និយាយថា “​ក្នុងករណី​ធម្មតា ក្រោម​ការដឹកនាំ​របស់​ព្រឹទ្ធសមាជិក​រដ្ឋសភា​ខាងលើនេះ ប្រសិនបើ​មាន​កូរ៉ុម​លើសពី​ពាក់កណ្តាលនៃ​ចំនួន​សមាជិក​ទាំង​មូល រដ្ឋសភា​ត្រូវ​ចាប់ផ្តើម​ធ្វើការ​តាមរបៀបរ​វារៈ​។​”
​ចំណែក​ប្រការ ៥ ថ្មី (​ពីរ​) បាន​និយាយថា “​ក្រោយពី​ព្រះមហាក្សត្រ ឬ​ព្រះរាជតំណាង​បាន​បើក​នីតិកាល​រដ្ឋសភា​រួចហើយ ហើយ​បើ​អង្គសភា​មាន​សមាជិក​មាន​លើសពី​ពាក់កណ្តាល នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល រដ្ឋសភា​អាច​ដំណើរ​ការបន្ត​តាមរបៀប​វារៈ​ដូច​មានចែង​នៅក្នុង​ប្រការ ២ ថ្មី (​ពីរ​)​។​”
​ដោយ​ផ្អែក​តាម​ការបកស្រាយ​រប​ស់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង ដែល​បាន​លើក​យកមក​បង្ហាញ​ខាងលើ មនុស្ស​គ្រប់គ្នា​ដោយ​រួមទាំង​អ្នក​ដែល​អះអាង​ខ្លួន​ជា​អ្នកច្បាប់ និង​អ្នកវិភាគ​ឯករាជ្យ​យល់ច្បាស់​ថា ការបើក​សម័យប្រជុំ​ដំបូង នៃ​នីតិកាល​នីមួយៗ របស់​រដ្ឋសភា មិន​ត្រូវការ​តំណាងរាស្ត្រ​យ៉ាងតិច ១២០ នាក់​ទេ ហើយ​ត្រូវការ​តែសមាជិក​រដ្ឋសភា ៦៣ រូប ឬ​ពាក់កណ្តាល​បូក​មួយ នៃ​សមាជិកសភា​ទាំ​ងអស់ ១២៣ រូប​ប៉ុណ្ណោះ​។​
​ដូច្នេះ​ល្មម​នាំគ្នា​ឈប់​បកស្រាយ​តាមចិត្ត​ដោយ​ខុសពី​តួនាទី​របស់ខ្លួន និង​ខ្លឹមសារ នៃ​ការបកស្រាយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​កន្លងមក​។ ការបកស្រាយ​មិន​ច្បាស់លាស់ នឹងធ្វើ​ឲ្យអាប់អួ​ដល់​បរិយាកាស​នយោបាយ និង​ធ្វើឲ្យ​មានការ​កេងចំណេញ​នយោបាយ​ពី​ការបកស្រាយ​ខុស​សមត្ថកិច្ច និង​មិន​ត្រឹមត្រូវ​ទាំងនេះ​៕
ប្រភពពី CEN