អាវុធហត្ថម្នាក់ បាញ់ឆ្កែផ្អើលពេញភូមិ ក្នុងពេលកំពុង រាប់សន្លឹកឆ្នោត
ខេត្តពោធិ៍សាត់៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់បាញ់ឆ្កែផ្អើលពេញភូមិ ខណៈដែលក្រុមមន្ត្រីគ.ជ.ប កំពុងផ្ទៀងផ្ទាត់សន្លឹកឆ្នោត។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិពោរតាកួយ សង្កាត់លរលកស ក្រុងពោធិ៍សាត់។
លោកអនុសេនីយ៍ទោ ឈឿន ខឿន នាយបុស្តិ៍នគរបាលលរលកសបានឲ្យដឹងថា ជនបង្កត្រូវអ្នកជិតខាងស្គាល់ថាឈ្មោះ យ៉ា ជាមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ហើយមុនពេលកើតហេតុគេបានឃើញបុរសរូបនោះជិះម៉ូតូធំក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ចំណុចលើស្ពានរថភ្លើង ស្រាប់តែដកកាំភ្លើងបាញ់ឆ្កែរបស់ឈ្មោះទ្រី ភេទប្រុស អាយុ៤២ឆ្នាំធ្លាយពោះតែម្តង រួចក៏ជិះម៉ូតូចេញទៅ។
ប្រភពពីមន្ត្រីកងរាជអាវុហត្ថដូចគ្នាបានឲ្យដឹងថា ឈ្មោះ យ៉ា ជាមនុស្សកោងកាច ក្រៅពីមេបញ្ជាការរបស់ខ្លួនគេមិនដែលស្តាប់អ្នកណាឡើយ ទោះអ្នកនោះនិយាយចង់ឲ្យគេល្អក៏ដោយ ហើយកាលពីប៉ុន្មានឆ្នាំមុនរូបគេបានទៅបង្ករឿងនៅក្នុងស្រុកបាកាន ត្រូវប្រជាពលរដ្ឋព្រួតវាយសន្លប់ម្តងហើយ។
ប្រជាពលរដ្ឋព្រមទាំងម្ចាស់ឆ្កែបានសំណូមពរឲ្យសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរដែនដីបង្ក្រាបជនរបៀបនេះឲ្យបាន ព្រោះអាចបង្កឲ្យមានអំពើអសាធារណៈកាន់តែច្រើនដល់សង្គមជាតិ៕
ប្រភពពី ann