៣៧ នាក់ ស្លាប់ ពេលរថយន្តក្រុង ធ្លាក់ក្នុងជ្រលងភ្នំ នៅម៉ាឡេស៊ី
រថយន្តក្រុងនេះ ផ្ទុកអ្នកដំណើររាប់សិបអ្នក បានផ្ទុះ នៅតំបន់ខ្ពង់រាបចេនធីង (Genting) ស្រុកមែនស័រ ន័រ(Mansor Nor) រដ្ឋប៉ាហាង(Pahang) កាលពីរសៀលថ្ងៃពុធ។
អ្នកដំណើរខ្លះ ត្រូវបានជួយសង្គ្រោះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរនោះ ។
ក្រុមអ្នកជួយសង្គ្រោះជាង ៤០០នាក់ បានទៅដល់កន្លែងកើតហេតុ ។ ពួកគេនិយាយថា ជាការពិបាកណាស់ ដើម្បីចូលទៅដល់កន្លែងកើតហេតុ។ ព្រោះរថយន្តក្រុង បានធ្លាក់ នៅកម្ពស់ ប្រមាណ៦០ ម៉ែត្រ បន្ទាប់ពីរអិលចេញពីផ្លូវ ។ពួកគេបានប្រើរថយន្តស្ទូច និងខ្សែយោងសុវត្ថិភាព ដើម្បីចុះទៅកន្លែងកើតហេតុ។
បើតាមសារព័ត៌មានក្នុងតំបន់បាននិយាយថា រថយន្តនេះ ផ្ទុកអ្នកដំណើរ ៤៦នាក់ ក្នុងនោះ ១៦នាក់ ត្រូវបានសង្គ្រោះ នៅរស់រានមានជីវិត។ ប៉ុន្តែក្រុមមន្ត្រី នៅមិនទាន់អាចអះអាងពីសញ្ជាតិ របស់ជនរងគ្រោះនៅឡើយទេ។
មកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់នេះ ទេ ខណៈដែលតៃកុងរថយន្ត បានស្លាប់ទៅហើយ។
តំបន់ខ្ពស់រាបចេនធីង ជាតំបន់កាស៊ីណូ ស្របច្បាប់មួយ របស់ម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសយ៉ាងច្រើន ៕
ប្រភពពី អង្គរធំមេឌា