មកពីធ្វើការ អស់កម្លាំងយក ថ្នាំប៉ូវ១អំពូល កាច់ផឹកស្លាប់ មួយរំពេច
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងផ្ទះរបស់ខ្លួនបន្ទាប់ពីយកថ្នាំប៉ូវកម្លាំង១អំពូលកាច់ផឹក ក្រោយពីត្រឡប់មកពីធ្វើការអស់កម្លាំងក៏បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច។ ករណីរណីនេះបានកើតឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៣ នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
បុរសដែលស្លាប់នេះឈ្មោះឃឹម អែម អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមានកូនក្នុងបន្ទុក៧នាក់ដែលជាគ្រួសារទីទ័លក្ររកព្រឹកខ្វះល្ងាច ។
ស្ត្រីឈ្មោះ ម៉ែន រ៉ន ជាប្រពន្ធបានឲ្យដឹងថានៅមុនពេលកើតហេតុប្តីរបស់គាត់ បានត្រឡប់មកពី គឺស៊ីឈ្នួលគេ ពេលមកដល់ផ្ទះបាននិយាយថាអស់កម្លាំង គាត់ជាប្រពន្ធបានទៅទិញថ្នាំប៉ូវ១អំពូល យកមកឲ្យយប្តីកាច់ផឹក។ ពេលដែលកាច់ផឹកបានមួយសន្ទុះ ក៏ស្រាប់តែប្តីរបស់គាត់ មានអាការៈថប់ដង្ហើម និង ត្រជាក់ដៃជើងស្លាប់មួយរំពេចតែម្តង។
ស្ត្រី ម៉ែន រ៉ន បានប្រាប់ទៀតថា បច្ចុប្បន្នគាត់បានប្តីជាអ្នករកស៊ីចិញ្ចឹម កូនក្នុងបន្ទុក៧នាក់ ។ ប្តីរបស់គាត់ដើរស៊ីឈ្នួលគេ ហើយក្រៅពីដើរស៊ីឈ្នួលគេ គាត់បានដើររើសខ្យង បេះត្រកួនយកមកលក់ គ្រាន់ចិញ្ចឹមជីវិត គឺរកមួយថ្ងៃមិនគ្រប់ហួបសម្រាប់១ថ្ងៃ នោះទេ ។ សាកសពបុរសរូបនេះត្រូវបានយកមកធ្វើបុណ្យនៅក្នុងសាលាបុណ្យភូមិសំរោង ដោយអ្នកស្រុកជាអ្នកជួយ និងរៀបចំធ្វើបុណ្យឲ្យ ៕
_______________________
ប្រភពពីនគរវត្ត