ស្ត្រី​វ័យ៤៤ឆ្នាំ​ម្នាក់ ប្តឹង​តុលាការ និង​ក្រឡាបញ្ជី​ ខេត្តពោធិ៍សាត់​ថា មិន​ដោះស្រាយ​ រឿង​គេ​ចាប់ ពង្រត់​កូនស្រី​គាត់

8/05/2013 0 Comments A+ a-

ខេត្តពោធិ៍សាត់៖ ម្តាយ​របស់​សិស្សស្រី​វ័យ​ក្រមុំ​ម្នាក់​ចោទប្រកាន់​ចៅក្រម និង​ក្រឡាបញ្ជី​ខេត្តពោធិ៍សាត់​ថា មិន​ដោះស្រាយ​រឿង​គេ​ដាក​ថ្នាំ​កូនស្រី​របស់គាត់ រួច​ពង្រត់​យកទៅ​ខេត្តបន្ទាយមានជ័យ​អស់១៥ថ្ងៃ​ទើប​រកឃើញ​វិញ ហើយការប្តឹងនេះគឺធ្វើ ឡើង ក្រោយពីរកកូនស្រីគាត់ ឃើញបានប៉ុន្មានថ្ងៃ។
ម្តាយ​សិស្សស្រី​រងគ្រោះ​ឈ្មោះ នូ អូន អាយុ៤៤ឆ្នាំ ចំណែក​សិស្សស្រី​រងគ្រោះ​ឈ្មោះ នួន ថាច អាយុ២០ឆ្នាំ រីឯ​ជនសង្ស័យ​ឈ្មោះ ទួន ចាន់​ឌី អាយុ២៥ឆ្នាំ ទាំង៣នាក់ស្នាក់នៅក្នុងភូមិក្តីឈ្នូល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន​ពី​ម្តាយ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា តុលាការ និង​ក្រឡាបញ្ជី​ខេត្តពោធិ៍សាត់​ដូចជា​មិនមាន​ចំណាត់ការ ឬ​កោះហៅ​ភាគី​ពាក់ព័ន្ធ​ទៅ​ដោះស្រាយ និង​ឡើង​តុលាការ​ម្តងណា​ឡើយ ហើយ​ជនសង្ស័យ​នៅតែមាន​សេរីភាព​ដើរលេង​ក្នុងភូមិ​ឲ្យ​គាត់​ឃើញ​មុខ​សឹង​រាល់ថ្ងៃ។
ប្រភព​ដដែលរំលឹកថា កូនស្រី​របស់គាត់​បាត់​ទៅ​តាំងពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ មិនឃើញ​មក​ផ្ទះ​ក៏​នាំគ្នា​ចេញទៅ​តាមរក ទើប​ដឹង​ដំណឹង​ឈ្មោះ ទួន ចាន់​ឌី ជា​បុរស​ដែលមាន​ប្រពន្ធ​កូន​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​ចាប់ពង្រត់​ទៅ​ខេត្តបន្ទាយមានជ័យ ទើប​គាត់​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​ស្ត្រី និង​កុមារ​ឲ្យ​ជួយ​តាមរក​បាន​យក​ត្រឡប់ទៅផ្ទះ​វិញនៅថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៣ ។
លោក ប៉ុល ចំរើន ប្រធាន​កា​រិ​យា​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹងថា រឿងនេះ​គឺមាន​អ្នក​នៅ​ពី​ក្រោយខ្នង ព្រោះ​មានការ​ក្លែងបន្លំ​ច្រើន​ដែលមាន​ដូចជា លិខិត​ស្នា​អាពាហ៍ពិពាហ៍​ដែល​រៀបចំឡើង​ដោយ​គ្មាន មេភូមិ ឬ​ចៅសង្កាត់​ណា​ម្នាក់​ដឹងឮ​ឡើយ ហើយ​ថ្ងៃ​អាពាហ៍ពិពាហ៍​ក៏​ខុសពី​ថ្ងៃ​ដែល​សិស្សស្រី​រងគ្រោះ​បាត់​ខ្លួន​ដែរ លើសពីនេះ​ប្រពន្ធ​នឹង​កូន​របស់​ជនសង្ស័យ​ដែល​រស់នៅ​ខេត្តកំពង់ធំ ក៏​មិន​ហ៊ាន​បង្ហាញ ឬ​ឲ្យ​សមត្ថកិច្ច​សាកសួរ​ឡើយ។
លោក ប៉ុល ចំរើន​បន្តថា ម្តាយ​ស្ត្រី​រងគ្រោះ​បានដាក់​ពាក់​បណ្តឹង​ជា​កន្លះ​ឆ្នាំ​ទៅហើយ ប៉ុន្តែ​មិនឃើញ​ចំណាត់​ណាមួយ​ឡើយ ហើយ​លោក​នឹង​ទ្រាមខ្លួន​ចូល​បំភ្លឺ​ក្នុងករណីនេះ៕
ប្រភពពី ann