ដឹកប្រពន្ធចេញ ពីធ្វើការខារ៉ាអូខេ អាបេសេត្រូវ រថយន្ដបុកស្លាប់
ខេត្ដកំពង់ចាម ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុពេល ដែលទៅទទួលប្រពន្ធចេញពីធ្វើការសនៅ ខារ៉ាអូខេអាបេសេហើយត្រូវរថយន្ដបុក ស្លាប់ខណៈឌុបប្រពន្ធនិងប្អូនម្នាក់ទៀត ចំណែកប្រពន្ធនិងប្អូនរងរបួសធ្ងន់ ៕ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង០និង៤០នាទី ឋិតក្នុងភូមិទី៧ សង្កាត់-ក្រុងកំពង់ចាមនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ ។
នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរនៃអធិ ការដ្ឋាននគរបាលក្រុងកំពង់ចាមលោក សាម យូសេងបានឱ្យដឹងថា ករណីគ្រោះ ថ្នាក់នេះបង្កឡើងរវាងម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា៣នាក់ បុរសជាប្ដីបានទៅយកប្រពន្ធធ្វើការនៅ ខារ៉ាអូខេអាបេសេមានឈ្មោះគង់ ប៊ុន អាយុ២១ឆ្នាំ រស់នៅភូមិក្ដុលើ ឃុំទ្រា ស្រុកក្រូចឆ្មា ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅឌុបប្រពន្ធចេញពីធ្វើការ លុះជិះមកដល់ត្រង់ផ្លូវបំបែកចំណុច កើតហេតុខាងលើត្រូវរថយន្ដមួយគ្រឿង មិនចាំម៉ាកបើកបរដោយជនមិនស្គាល់ឈ្មោះបុកតែម្ដង ។
ក្រោយកើតហេតុអ្នកបើកបររថយន្ដ បានបើកគេចបាត់ ។ ចំណែកបុរសជាប្ដី បានដួលបោកក្បាលប៉ះនឹងខឿនផ្លូវបណ្ដាល ឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ។ រីឯប្រពន្ធនិងប្អូនរងរបួសធ្ងន់ ។
លោកនាយផ្នែកបាននិយាយឱ្យដឹងថា ករណីនេះខាងមន្ដ្រីជំនាញកំពុងធ្វើការស្រាវជ្រាវរកអ្នកដែលបើកបរបង្កគ្រោះ ថ្នាក់យកមកដាក់ទោសតាមច្បាប់ ៕
__________________
ប្រភពពីនគរវត្ត