ប្ដីអាល្លឺម៉ង់ធ្វើ បាបផ្លូវចិត្ដនិង ផ្លូវកាយរយៈពេល ៨ឆ្នាំលើប្រពន្ធខ្មែរ ទើបដាច់ចិត្ដប្ដឹង
ខេត្ដកំពង់ចាម ៖ ស្ដ្រីម្នាក់បានរៀបការយកប្ដីជនជាតិបរទេសនឹក ស្មានថាជាឋានសុខ តែតាមពិតជាជំរំទារុណកម្មផ្លូវចិត្ដផ្លូវកាយសោះ អស់រយៈពេល៨ឆ្នាំមកហើយ។ តែចុងក្រោយនេះដោយមិន អាចទ្រាំនឹងអំពើវាយដំច្រំធាក់របស់ប្ដី បរទេសនេះបានស្ដ្រីខាងលើក៏បានប្ដឹង មកសមត្ថកិច្ចនគរបាលឱ្យចាត់ការទៅ លើប្ដីបរទេសតាមច្បាប់ ។
ហេតុការណ៍វាយដំរបស់ប្ដីបរទេស ទៅលើប្រពន្ធខ្មែរនេះបានកើតឡើងកាល ពីវេលាម៉ោង៦និង៣០នាទី នៅផ្ទះជួល ស្ថិតក្នុងភូមិទី៧ សង្កាត់-ក្រុងកំពង់ចាម។
លោកសំ ផាត អធិការនគរបាលក្រុង កំពង់ចាម បានឱ្យដឹងថា ប្ដីជាជនជាតិ បរទេសខាងលើមានឈ្មោះក្លាសភីតឆ័រ អាយុ៦៨ឆ្នាំ ជនជាតិអាល្លឺម៉ង់ បានធ្វើ សកម្មភាពវាយទៅលើប្រពន្ធឈ្មោះ តុប ណាវី ហៅ ទេវី អាយុ៣៥ឆ្នាំ ។
លោកបានឱ្យដឹងទៀតថា ប្ដីប្រពន្ធនេះ បានយកគ្នាអស់រយៈពេល៨ឆ្នាំមកហើយ។ ក្នុងរយៈពេល៨នេះ បើតាមការរៀបរាប់ របស់ស្ដ្រីជាប្រពន្ធ គឺប្ដីជនជាតិអាល្លឺម៉ង់ រូបនេះបានធ្វើទារុណកម្មទាំងផ្លូវចិត្ដ និង ផ្លូវកាយរាប់មិនអស់ ។ ឧទាហរណ៍ ដូច ជាប្ដីរូបនេះឱ្យលុយប្រពន្ធ១០ដុល្លារទៅ ទិញម្ហូបហូបគ្នា៤នាក់ក្នុង១ថ្ងៃ ហើយ ត្រូវតែទិញឱ្យបានសាច់ច្រើនៗ។ លោក បន្ដថា អំពើហិង្សាចុងក្រោយ គឺប្ដីជនជាតិ បរទេសរូបនេះបានធ្វើសកម្មភាពវាយ ប្រពន្ធខ្មែរព្រោះតែខឹងប្រពន្ធឃាត់មិនឱ្យ យករបស់របរក្នុងផ្ទះទៅឱ្យមិត្ដភក្ដិ ។
លោកអធិការបន្ដទៀតថា ករណីនេះ បន្ទាប់ពីមានពាក្យបណ្ដឹងពីស្ដ្រីជាប្រពន្ធ ក្រោយកើតហេតុសមត្ថកិច្ចនគរបាល ក្រុងកំពង់ចាមបាននាំខ្លួនជនជាតិបរទេស សង្ស័យខាងលើមកកាន់អធិការដ្ឋាន នគរបាលក្រុងកំពង់ចាម ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
ប្រភពពី នគរវត្ត
