រទេះ​ក្របី​ដឹក​ ឈើពី​ក្នុង​ព្រៃ កិន​មីន​តោ​ន កប់​ដី1​គ្រាប់ ផ្ទុះ​កក្រើក បាត់​បង់​ជីវិត​3​នាក់

8/01/2013 0 Comments A+ a-

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ កាល​ពី​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​៣០​ កក្កដា​កន្លង​ទៅ​ នៅ​ចំណុច​ផ្លូវ​រទេះ​ចាស់​ ក្នុង​ភូមិ​អភិវឌ្ឍន៍​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ មីន​តោន​មួយ​គ្រាប់​ដែល​គេ​ដឹង​ថា​ជា​គ្រាប់​សេស​សល់​ពី​សម័យ​សង្គ្រាម​ បាន​ផ្ទុះ​ឡើង​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ ចាស់​ក្មេង​យ៉ាង​ហោច​ណាស់​៣នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ។​ ប្រភព​ព័ត៌​មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ ជ្រិន​ ស្រីកា​ អាយុ​៣៤​ឆ្នាំ​ ត្រូវ​ជា​ប្រពន្ធ​ជន​រង​គ្រោះ​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ រូប​គាត់​ និង​ប្តី​ព្រម​ទាំង​កូន​ និង​ក្មួយ​ បាននាំ​គ្នា​បរ​រទេះ​ក្របី​ចូល​ទៅ​ក្នុង​ព្រៃ​ ដើម្បី​ទៅ​ដឹក​ឈើ​យក​មក​ទុក​សម្រាប់​សាង​សង់​ផ្ទះ​ ។ លុះ​ពេល​ទៅ​ដល់​ក្នុង​ព្រៃ​ក៏​នាំ​គ្នា​លើក​ឈើ​ដាក់​លើ​រទេះ​ពេញ​ ហើយ​បរ​រទេះ​ចេញ​ពី​ព្រៃ​វិញ​ ដោយ​ប្តី​ជា​អ្នក​បរ​ ហើយ​កូន​ និង​ក្មួយ​ម្នាក់​ក៏​ជិះ​នៅ​លើ​រទេះ​នោះ​ ចំណែក​ខ្លួន​គាត់​ជា​ប្រពន្ធ​ដើរ​តាម​ពី​ក្រោយ​រទេះ​ចម្ងាយ​៣០​ ទៅ​៤០​ម៉ែត្រ​ ។
ពេល​បរ​រទេះ​មិន​ទាន់​ចេញ​ផុត​ពី​ព្រៃ​ផង​ ស្រាប់​តែ​កង់​រទេះ​បាន​កិន​មីន​តោន​ផ្ទុះ​លាន់​ឮ​កក្រើក​ បណ្តាល​ឱ្យ​ប្តី​ និង​កូន​ព្រម​ទាំង​ក្មួយ​ ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​រទេះ​ក៏​ត្រូវ​ខូច​ខ្ទេច​ ហើយ​ក្របី​បាន​ផ្អើល​បោល​ទាំង​នឹម​ចេញ​ពី​កន្លែង​ផ្ទុះ​ រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣១​ កក្កដា​ ទើប​រក​ឃើញ​ ។ ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា​ ប្តី​គាត់​ដែល​ស្លាប់​នេះ​ឈ្មោះ​ ឯល​ ប៉ុល​ អាយុ​៤៥​ឆ្នាំ​ កូន​ស្រី​បង្កើត​ឈ្មោះ​ តេង​ ស្រី​មី​ អាយុ​១២​ឆ្នាំ​ ចំណែក​ក្មួយ​ប្រុស​ឈ្មោះ​ ប៉េង​ ផ្លយ​ អាយុ​១៣​ឆ្នាំ​ ។ បន្ទាប់​ពី​កើត​ហេតុ​រួច​ ក៏​មាន​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​ត្រួត​ពិនិត្យ​កន្លែង​ផ្ទុះ​ រួច​ប្រគល់​សពឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕​