ប៊ីរីយ៉ា ដឹកដៃ លោក ឈុន ហ័ងជ័រ ជាសង្សារ សំណព្វចិត្ត ទៅផ្អែម ល្ហែមនៅ វៀតណាម
ភ្នំពេញ៖ បច្ចុប្បន្នមហាជន និងស្រទាប់យុវវ័យ មើលឃើញថា តារាសម្តែង ប៊ីរីយា កំពុងតែទទួលបាន ប្រជាប្រិយភាព យ៉ាងខ្លាំងតាមរយៈ ការសម្តែង ខារ៉ាអូខេ បទចម្រៀង ស្ពតពាណិជ្ជកម្ម និងតាមរយៈការសម្តែង ក្នុងខ្សែភាពយន្ត នៅលើកញ្ចក់ទូរទស្សន៍ និងតាមរោងកុននានា ។
ទោះបីជាការងារសិល្បៈ តារាសម្តែងរូបនេះ ហាក់មមាញឹកច្រើនក្តី ប៉ុន្តែបើសង្កេតមើលទៅ លើចំណងស្នេហា រវាងសង្សារសំណព្វចិត្ត របស់នាង គឺលោក ឈុន ហ័ងជ័រ ដែលជាតារាសម្តែង និងជាតារាម៉ូដែលនោះ កំពុងតែមានភាពស្និទ្ធស្នាល ល្អូកល្អឺន ជាមួយគ្នាយ៉ាងខ្លាំង ជាងពេលមុនៗទៅទៀត ។
ដោយឡែក កន្លងមកក៏មាន បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយថា តារាសម្តែងកូនកាត់បីសាសន៍ ប៊ីរីយ៉ា មានភាពរង្គោះរង្គើរ រវាងស្នេហា របស់នាង ជាមួយលោក ឈុន ហ័ងជ័រ ដែលបានសាងស្នេហ៍ ជាមួយគ្នាអស់រយៈពេល ជាច្រើនឆ្នាំមកនោះ ។ ប៉ុន្តែជុំវិញនឹង ការលេចឮថា ស្រីស្រស់ ប៊ីរីយ៉ា ជួបភាពរង្គោះរង្គើរស្នេហា ជាមួយសង្សារ សំណព្វចិត្ត នាងបានចេញមុខ បកស្រាយភ្លាមៗថា ស្នេហារបស់នាង ជាមួយលោក ឈុន ហ័ងជ័រ គឺមិនមានការ ប្រែប្រួលនោះទេ គឺនៅស្រឡាញ់គ្នា ជាធម្មតា ។
ជាងនេះទៅទៀត មានប្រភពព័ត៌មាន ចេញពីអ្នកនៅក្នុងចង្កោមសិល្បៈ ថាស្រីស្រស់សម្បូរមន្តស្នេហ៍ កញ្ញា ប៊ីរីយ៉ា គ្រោងនឹងចេញទៅប្រទេសវៀតណាម នៅពេលខាងមុខដ៏ខ្លី គឺនៅដើមខែកញ្ញា ខាងមុខនេះ ។ មិនតែប៉ុណ្ណោះ ប្រភពដដែល ក៏បានបង្ហើបថា ប៊ីរីយ៉ា គ្រោងចេញទៅប្រទេសវៀតណាម នាពេលខាងមុខនេះ ក៏មានរួមដំណើរជាមួយ សង្សារបណ្តូលចិត្ត របស់នាងផងដែរ ។
ជុំវិញព័ត៌មាននេះ តារាសម្តែងកំពុងតែ មានប្រជាប្រិយភាព នៅក្នុងពិភព សិល្បៈស្រីស្រស់ ប៊ីរីយ៉ា បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទថា នាងពិតជាត្រៀមខ្លួន ចេញទៅប្រទេសវៀតណាម នៅដើមខែកញ្ញា ឆ្នាំ ២០១៣ នេះ ពិតប្រាកដមែន ។
កញ្ញា ប៊ីរីយ៉ា បានបន្តថា "ខ្ញុំនឹងចេញទៅប្រទេសវៀតណាម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ខាងមុនេះ ហើយគ្រោងត្រឡប់ មកវិញនៅថ្ងៃទី១៣ ខែកញ្ញា ។ ចំពោះការចេញទៅ ប្រទេសវៀតណាមរបស់ខ្ញុំ នៅពេលខាងមុខនេះ គឺខ្ញុំចេញទៅធ្វើការ(ដើរម៉ូត)ឲ្យក្រសួងទេសចរ តែប៉ុណ្ណោះ ហើយក៏មានតារាម៉ូដែល មួយចំនួនផ្សេង ទៀតផងដែរ ដែលធ្វើដំណើរចេញ ទៅជាមួយគ្នា"។
តារាសម្តែងរូបនេះ បានបន្ថែមទៀតថា សង្សាររបស់នាង គឺលោក ឈុន ហ័ងជ័រ ក៏នឹងចេញទៅប្រទេសវៀតណាម ជាមួយនាង ដើម្បីចេញទៅដើរម៉ូត ជាមួយគ្នា ឲ្យក្រសួងទេសចរផងដែរ ៕
From : lookingtoday

