យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​នៅ​ខេត្ដកំពង់ចាម​ទទួល​រង​ការ​គំរាម​សម្លាប់​​

8/02/2013 0 Comments A+ a-

យោង​តាម​សេចក្ដី​ប្រកាស​ព័​ត៌​មាន​ចុះ​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០១៣​នេះ​ របស់​គណៈកម្មាធិការ​ប្រតិបត្ដិ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ដកំពង់ចាម​ បានឱ្យ​ដឹង​ថា​ យុវ​ជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់​ បាន​ទទួល​រង​ការ​ជេរ​ប្រមាថ​និង​គំរាម​សម្លាប់​ពី​សំណាក់​មន្ដ្រី​ប៉ូលិស​​ និង​មេ​ប៉ូលិស​ប៉ុស្ដិ៍​ឃុំ​ចាន់​មូល​ ស្រុក​មេមត់​ ខេត្ដកំពង់ចាម​ ។​
​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ បាន​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​១៩​យប់​ថ្ងៃ​ទី​៣០​ខែកក្កដា​ឆ្នាំ​២០១៣​ម្សិលមិញ​ លោក​ ណឹ​ម​ វុ​ទ្ធី​ មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍​ និង​លោក​ ណោ​ ច័ន្ទ​មុនី​រ័​ត្ន​ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ចាន់​មូល​ បាន​ជេរ​ប្រមាថ​ និង​គំរាម​សម្លាប់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ ខណៈ​ពេល​ដែល​យុវជន​ទាំង​នោះ​កំពុង​ឈរ​ជជែក​គ្នា​លេង​នៅ​តាម​ផ្លូវ​ ឋិត​ក្នុងភូមិ​ចាន់​មូល​ ឃុំ​ចាន់​មូល​ ស្រុក​មេមត់​ ខេត្ដ​កំពង់​ចាម​ ដោយ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥​នាក់​នោះ​ត្រូវ​បាន​មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍​ទាំង​២​នាក់​ សម្លុត​គំរាមកំហែង​បោក​គ្រាប់បែក​សម្លាប់​ចោល​ទាំងអស់​ ហើយ​ថែម​ទាំង​ទាញ​យក​ទូរស័ព្ទ​ដៃ​ពួក​គេ​ចោល​ទៀត​ផង​ ។​
​នៅ​ក្នុង​ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ចាត់​ទុក​អំពើ​របស់​មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចាន់​មូល​ទាំង​២​នាក់​ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​បុគ្គល​ ដែល​ធានា​ការពារ​ដោយ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ក្នុង​ គោលបំណង​បំបាក់ស្មារតី​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់​ វិធានការ​ចំពោះ​បុគ្គល​ទាំង​២​នាក់​ខាងលើ​ដើម្បី​ធានា​កុំឱ្យ​មាន​ករណី​រំលោភ​បំពាន​បែប​នេះ​កើត​មាន​ឡើង​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​តទៅ​ទៀត​ ។​
​លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ចាន់​មូល​ និង​លោក​ ណឹ​ម​ វុ​ទ្ធី​ ជាម​ន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៍​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​អំពី​ករណី​នេះ​នៅឡើយ​ទេ​ ត្រឹម​ថ្ងៃ​ទី​៣១​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ​ ។​
​សូម​បញ្ជាក់​ជូន​ថា​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​នៅ​មណ្ឌល​ខេត្ដកំពង់ចាម​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៤៥៦.៣៩៥​សំឡេង​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៣៧៤.៥៥៩​សំឡេង​ ពោល​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណ​ បក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​គណបក្ស​ន​យោ​បាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ ៕
Chhay-Kimson
cnrp-letter-31-07-2013
ប្រភពពី ដើមត្នោត