ករណីដែល ស្នងការរង ជឹម សេងហុង ថយរថយន្ត កិនមនុស្ស ស្លាប់ ដោះស្រាយ បញ្ចប់រឿងក្រៅ ផ្លូវតុលាការ ដោយសំណង តិចតួច
ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ បានសម្តែង ក្តីអាណិតអាសូរចំពោះ ក្មេងប្រុសម្នាក់ ដែលត្រូវបាន លោក ជឹម សេងហុង ជាស្នងការរងនគរបាល ខេត្តកំពង់ចាម ថយរថយន្តកិនសំប៉ែតក្បាល កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ ហើយក្រោយពេលកើតហេតុ លោក ជឹម សេងហុង មិនបានទុករថយន្តឲ្យមន្ត្រីជំនាញ ចុះមកវាស់វែងដើម្បីកសាង សំណុំឯកសារនោះទេ គឺគាត់បានបើករថយន្ត ទៅកាន់ប៊ុយរ៉ូធ្វើការ ធ្វើដូចជាអត់មានរឿងអីកើតឡើង ហើយក្រោយមក ក៏បានចាត់តាំងតំណាង ឲ្យទៅចរចាផ្តល់សំណងជូនក្រុមគ្រួសាររងគ្រោះ ដើម្បីបញ្ចប់រឿងមិនចាំបាច់បញ្ជូនករណីនេះ ទៅកាន់តុលាការនាំតែវែងឆ្ងាយ។ក្នុងការសម្របសម្រួល ជំហានដំបូងគឺក្រុមគ្រួសារ ក្មេងរងគ្រោះឈ្មោះ ហាញ សុខគង់ អាយុ៩ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានសុំឲ្យបង់សំណង ប្រមាណ២៥០០ដុល្លារអាមេរិក ប៉ុន្តែប្រភពពីមន្ត្រីតូចតាច មួយចំនួនបានឲ្យដឹងថា ភាគីលោក ជឹម សេងហុង យល់ព្រមបង់ប្រាក់សំណង តែប្រមាណ ១៥០០ដុល្លារប៉ុណ្ណោះ។ ក្រុមគ្រួសារជនរងគ្រោះ មិនទាន់ឆ្លើយតបចំពោះការចរចា រឿងសំណងដ៏តិចតួចនេះទេ ដោយរង់ចាំធ្វើបុណ្យទាន ឲ្យចប់សព្វ គ្រប់សិន ប៉ុន្តែ ភាពអាឡោះអាល័យ និងក្តីស្រឡាញ់របស់ ឪពុកម្តាយចំពោះកូនប្រុស ជាទីស្រឡាញ់ដែលចិញ្ចឹម អស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ ទម្រាំបានធំធាត់ពិតជា មិនអាចទទួលយកបានទេ ចំពោះសំណងដ៏តិចតួចនេះ ។
សាក្សីបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ លោក ជឹម សេងហុង បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2M4677 ដោយធ្វេសប្រហែស ថយទៅកិនក្មេងប្រុសម្នាក់ ឈ្មោះ ហាញ សុខគង់ អាយុ៩ឆ្នាំ បណ្តាលឲ្យសំប៉ែតក្បាល ធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយក្មេងប្រុសម្នាក់ទៀត បានគេចចូលក្រោមរថយន្តផុត អាចចាត់ទុកថាមានជីវិតថ្លៃ។ ក្រោយពេលកើតហេតុ លោក ជឹម សេងហុង បន្តបើករថយន្តទៅកន្លែងធ្វើការ មិនទុកឲ្យសមត្ថកិច្ចធ្វើការវាស់វែង ដើម្បីកសាងសំណុំឯកសារ តាមនីតិវិធីនោះទេ ហើយក៏គ្មាននរណាហ៊ានធ្វើអ្វីលោក ជឹម សេងហុង នោះដែរ ។
អ្នកច្បាប់មួយចំនួន ដែលបានឃើញហេតុការណ៍នេះ បានវិភាគថា រាល់ករណីដែលមាន ការបង្កគ្រោះថ្នាក់បណ្តាលឲ្យមនុស្សស្លាប់ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ សមត្ថកិច្ចមានតួនាទីចាប់ឃុំខ្លួនជនបង្ក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ហើយការផ្តល់សំណង គ្រាន់តែជារឿងរដ្ឋប្បវេណីប៉ុណ្ណោះ មិនអាចលុបបំបាត់បទល្មើស ព្រហ្មទណ្ឌបានទេ ប៉ុន្តែមកដល់ម៉ោងនេះ មិនទាន់មានចំណាត់ការចំពោះលោក ជឹម សេងហុង បែបណានៅឡើយទេ។ ករណីនេះ គេវាយតម្លៃថា បើគិតពីការគោរពច្បាប់ទម្លាប់គឺលោក ជឹម សេងហុង គួរតែរក្សាទុករថយន្តបង្ក នៅកន្លែងកើតហេតុ ដើម្បីឲ្យសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះទៅវាស់វែង ដើម្បីកសាងសំណុំរឿង ទុកដោះស្រាយតាមផ្លូវច្បាប់ ។
ករណីនេះមិនត្រឹមតែ បំពានច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ គឺជាអំពើអមនុស្សធម៌ ដែលយ៉ាងហោចណាស់ លោក ជឹម សេងហុង ជាមន្ត្រីអនុវត្តន៍ច្បាប់ គួរតែធ្វើជាគំរូល្អ សម្រាប់ការអនុវត្តច្បាប់មុនគេ។ ករណីដែលលោក ជឹម សេងហុង បង្កគ្រោះថ្នាក់ចរាចរណ៍ កិនក្មេងប្រុសអាយុ៩ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យប្រជារដ្ឋនៅក្នុងខេត្តកំពង់ចាម មួយចំនួននឹកឃើញដល់រឿងរ៉ាវ កន្លងមកដែលប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ មួយចំនួនដែលមានរឿងរ៉ាវតិចតួច សូម្បីតែរឿងជម្លោះជេរបញ្ចោគ្នា ក៏ត្រូវគេឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ដើម្បីកោសរូសលុយតាមតែអំពើចិត្ត ប៉ុន្តែករណីលោក ជឹម សេងហុង ហាក់ដូចជាមានបុព្វសិទ្ធិធំធេង គ្មានអ្នកណាហ៊ានធ្វើអ្វីគាត់ទេ ៕
ប្រភព : វត្តភ្នំ