ភ្លើងប្រចណ្ឌ កម្លោចបេះដូង ច្របាច់កប្រពន្ធ ដោយកំហឹង ប្រពន្ធទាញ បានកាំបិត ចាក់វិញ
ខេត្តកំពង់ឆ្នាំង ៖ បុរសជាប្ដី បានរងរបួសធ្ងន់ ដោយសារតែ ប្រពន្ធចាក់ចំនួន២កាំបិត ចំណែកប្រពន្ធ ក៏រងរបួសធ្ងន់ដែរ ដោយសារប្ដី ចាប់ច្របាក់កស្ទើរតែស្លាប់ ។ ហេតុការណ៍ ផ្ទះហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទី ព្រឹកថ្ងៃទី៦ សីហា នៅក្នុងភូមិ ជន្លាត់ដៃឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។ ជនរងគ្រោះ ទាំងពីរនាក់ ប្ដីប្រពន្ធនេះ ត្រូវគេដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យកាល់មែ៉ត ឯរាជធានីភ្នំពេញ ។ លោកជា រ៉ុន នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំស្វាយ បានឱ្យដឹងថា បុរសជាប្ដីឈ្មោះឯល ទាំ អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះរឹម មុំ អាយុ៣២ឆ្នាំ មានកូន២នាក់ ។
បើតាមប្រភពព័ត៌មានពីអ្នកជិតខាងប្រាប់ប៉ូលិសថា គេមិនដឹងប្ដីប្រពន្ធនេះទាស់គ្នារឿងអ្វីនោះទេ ប៉ុន្តែមុនពេលកើតហេតុ អ្នកជិតខាងបានឮពួកគេឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយរំពេចនោះស្រាប់តែឃើញបុរសជាប្ដីស្ទុះចេញមកក្រៅមានឈាមជោកខ្លួន ព្រមជាមួយគ្នានោះដែរប្រពន្ធក៏បានស្ទុះចេញមកក្រៅហើយបានដួលសន្លប់ ។ ភ្លាមៗនោះអ្នកជិតខាងបានស្ទុះទៅជួយ និងបានយក ជនរងគ្រោះទាំងពីរនាក់ទៅមន្ទីរពេទ្យឯកជនឃុំកំពង់លួង ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ក្រុមគ្រួសារ បានបញ្ជូនពួកគេ ទៅមន្ទីរពេទ្យ កាល់ម៉ែត្រ ។ លោកបានបញ្ជាក់ថា ពេលប៉ូលិសទៅដល់ជនរងគ្រោះទាំងពីរនាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យអស់ហើយ ប៉ុន្តែ ប្រជាពលរដ្ឋខ្លះដែលដឹងរឿងបានប្រាប់ថា បុរសជាប្ដី ទើបត្រឡប់មក ពីធ្វើការនៅប្រទេសម៉ាឡេស៊ី បានប្រមាណជាង១ខែប៉ុណ្ណោះ ។ ចំពោះផ្ទៃក្នុងគ្រួសារយ៉ាងណាលោកមិនបានដឹងទេ ប៉ុន្តែគ្រាន់តែដឹងថា ប្ដីប្រពន្ធមួយគូនេះ មិនសូវចុះសម្រុងនឹងគ្នា ហើយក៏គេ មិនដែលឃើញបណ្ដើរគ្នាទៅណាមកណាដែរ បើទោះជាប្ដីទើបតែត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញក្ដី ។
លោក សួន សៀន មេឃុំស្វាយបាននិយាយថា កាលពី២ថ្ងៃមុនពេលកើតហេតុ ប្រពន្ធបានមកសាលាឃុំដើម្បីសុំលែងលះជាមួយប្ដី ប៉ុន្តែសាលាឃុំប្រាប់ថា ទាល់តែតុលាការទើបមានសិទ្ធិសម្រេច ។ ពេលនាងមកសាលាឃុំដើម្បីប្ដឹងលែងលះគ្នាជាមួយប្ដី នាងបានប្រាប់ថា ប្ដីនាងប្រចណ្ឌខ្លាំងពេក មិនអាចទ្រាំបាន ហើយថែមទាំង ប្រចណ្ឌនាង ជាមួយឪពុកចុងនាងថែមទៀតផង ។ លោកមេឃុំបានបន្តថា មុនពេលកើតហេតុ ប្ដីបានឱ្យនាងជាប្រពន្ធរើអីវ៉ាន់ពីក្រោមផ្ទះទៅលើផ្ទះវិញ ប៉ុន្តែតែប្រពន្ធមិនព្រម ទើបកើតមានជម្លោះ នឹងគ្នា បែបនេះកើតឡើង ។ បើតាមគេសន្និដ្ឋានគឺ អំពើហិង្សានេះកើតឡើង ដោយការប្រចណ្ឌ ទើបបណ្ដាលឱ្យមានរឿងបែបនេះ ៕
ប្រភព : កោះសន្តិភាព