កម្មកររោងចក្រម្នាក់ បានចងកសម្លាប់ខ្លួន នៅលើដើមពោធិ៍ ក្នុងវត្ត
ភ្នំពេញ: កម្មកររោងចក្រម្នាក់ បានចងកសម្លាប់ខ្លួន ដោយគ្មាននរណាដឹងពីមូលហេតុទេ។ សពត្រូវបានគេប្រទះឃើញ កាលពីម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ នៅក្នុងបរិវេណវត្តដំរី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនដែលចងកសម្លាប់ខ្លួន ឈ្មោះឈួន សេង ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរហ្វេសសិន ភូមិព្រែកល្ង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ឈួន សេង មានស្រុកកំណើតភូមិ-ឃុំចាន់និមិត្ត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
ផ្អែកតាមការបំភ្លឺរបស់បងស្រីអ្នកស្លាប់ ឈ្មោះឈួន ចាន់នាង បានឲ្យដឹងថា “កាលពីវេលាម៉ោង៥ព្រឹកនេះ ប្អូនប្រុស បាននិយាយប្រាប់ខ្ញុំថា គេឈប់រស់នៅជាមួយគាត់ហើយ ហើយជួលផ្ទះនៅក្បែររោងចក្រហ្វេសសិន ងាយស្រួលចេញពីធ្វើការ”។ បន្ទាប់មក ប្អូនប្រុសបានយកខោអាវទាំងអស់ ចេញពីផ្ទះ នៅវេលាម៉ោង៥ព្រឹក។ រហូតដល់ម៉ោង៥និង៤០នាទី កូនសិស្សលោក បានបោសសំអាតសំរាម ក្រោមដើមពោធិ៍ បានឃើញ ឈួន សេង ចងកនឹងខ្សែនីឡុងស្លាប់បាត់ទៅហើយ៕
ប្រភពពី CEN