ខឹងស្តីបន្ទោសឲ្យ យកចប វាយក្បាល ១ត្បូងចប រងរបួសធ្ងន់

8/30/2013 0 Comments A+ a-

កណ្តាលៈ ស្រី្តវ័យចំណាស់ម្នាក់ ត្រូវយុវជនម្នាក់ ដែលគេអះអាងថាមានជំងឺសរសៃប្រសាទ យកចបវាយ ក្បាលនឹងត្បូងចប បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែខឹងនឹងជនរងគ្រោះស្តីបន្ទោសឲ្យ ។ ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង ១៣ និង២៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជនរង គ្រោះ ភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ួន សាំង ភេទស្រី អាយុ៧១ឆ្នាំ មានមុខ របរជាកសិក រស់នៅក្នុងភូមិ ឃុំកើតហេតុ រងរបួសរយះថ្ងាសយ៉ាងធ្ងន់ធ្ងរ ចំណែកឯជនសង្ស័យមានឈ្មោះ មឿន ថែ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ រស់នៅក្នុងភូមិ ឃុំកើតហេតុ ជាមួយនឹង ជនរងគ្រោះដែរ ត្រូវឃាត់ខ្លួនបន្ទាប់វាយស្រ្តីរងគ្រោះ ។
នគរបាលបានបន្តថា មុនពេលកើតហេតុជនសង្ស័យ ដោយខឹងជនរងគ្រោះកន្លងមក ធ្លាប់និយាយចចេកចចូចធ្វើឲ្យរូបគេរកប្រពន្ធមិនបាន ។ ពេលនោះធ្វើអ្វីជនរងគ្រោះមិនកើត ក៏ទាញចបយកទៅវាយមាន់ របស់ជនរងគ្រោះ ពេលនោះជនរងគ្រោះឃើញ ក៏ស្តីបន្ទោសឲ្យ ធ្វើឲ្យជនសង្ស័យរឹតតែខឹងជនរងគ្រោះ ក៏ ដេញវាយជនរងគ្រោះ ភ្លាមៗនោះជនរងគ្រោះបានរត់គេចដែរ ប៉ុន្តែរត់មិនរួច ក៏ត្រូវជនសង្ស័យ ដេញទាន់ វាយក្បាលមួយត្បូងចប បណ្តាលឲ្យដួលសន្លប់ឈឹងនៅនឹងកន្លែង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់ នៅជិតខាង រួចហើយប្តឹងឲ្យនគរបាល ចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការ ដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងដែរថា ជនរងសង្ស័យ ធ្លាប់មានការប៉ះទង្គិចផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ ផ្នែក សរសៃប្រសាទ ចេះតែដេញវាយក្រុមគ្រួសារ អុកឡុកពេលដែលធ្វើទុកម្តងៗ ដោយសារតែគេធ្លាប់ធ្លាក់ពីលើផ្ទះបោកត្រូវត្រង់ក្បាល ប៉ុន្តែពុំមានលិខិតបញ្ជាក់ឲ្យច្បាស់លាស់ថា ជនសង្ស័យជាមនុស្សមានជំងឺ សរសៃប្រសាទទេ ។
បើតាមការបង្ហើបឲ្យដឹង ពីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូន តាមរថយន្តសាមុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយរហូតដល់ម៉ោង ៥និង១០នាទីល្ងាច់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៣នេះ ជនរងគ្រោះ បានដឹងខ្លួនវិញហើយ កំពុងសម្រាកព្យាបាលបន្ត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល