ប្តី​ប្រ​ពន្ធ​១​គូ​ ដឹក​ដៃ​គ្នា​ឆ្លង ផ្លូវ​ត្រូវ​រថយន្ត​ ធុន​ធំ​បុក​និង​ កិន​ធ្លាយ​ពោះវៀន​

8/15/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ២៥​នាទីយប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣ ចំណុច​ផ្លូវ​ភ្នំពេញ​-​ហាណូយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី   ខណ្ឌ​សែន​សុខ ​ទល់មុខ​សាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី  ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ប្រភេទ​កុងតឺន័រ​ដឹក​ដែក ១​គ្រឿង បាន​បើក​បុក​និង​កិន​ប្តី​ប្រពន្ធ​២​នាក់ បណ្តាល​ឲ្យ​ប្រពន្ធ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗនៅ​​កន្លែង​កើ​តហេតុ​ និង​បុរស​ជា​ប្តី​រងរបួស​ធ្ងន់ធ្ងរ ។​
 ​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថ​កិច្ច​ដែល​បាន​ចុះទៅអន្តរា​គមន៍​នៅ​កន្លែង​កើ​តហេតុ​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ដែល​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ តែម ផុង ភេទ​ប្រុស អាយុ៣២ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្បាលកោះ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ចំណែក​ស្ត្រី​ជា​ប្រពន្ធ​នៅ​មិនទាន់​ស្គាល់​អត្ត​សញ្ញាណ​​នោះទេ ព្រោះ​ពុំមាន​អត្តសញ្ញាណប័ណ្ណ​​នៅជាប់​នឹង​ខ្លួន​។​
 ​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើត​​ហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងថ្នល់ បម្រុង​ទៅ​ផ្លូវ​​ម្ខាង​ទៀត ខណៈពេលដែល​ដើរ​មិនទាន់​ផុត​ផ្លូវ​​ផង ស្រាប់​តែមាន​រថ​យន្ត​ធុន​ធំ​ដឹក​ដែក​១​គ្រឿង បាន​បើកបរ​​តាម​បណ្តោយ​ផ្លូវភ្នំពេញ​-​ហាន​ណូយ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​​យ៉ាង​លឿន បាន​ជ្រុល​មក​បុក​ជនរងគ្រោះ​ទាំង​២​នាក់​ពេញទំហឹង បណ្តាល​ឲ្យ​កង់​រថយន្តផ្នែកខាង​​មុខ​កិន​ស្ត្រី​ជា​ប្រពន្ធ​ធ្លាយ​ពោះវៀន ចេញ​មក​ក្រៅ​​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​កង់​ខាងក្រោយ​កិនចំពាក់​​​កណ្តាល​ខ្លួន បុរស​ជា​ប្តី​ធ្វើ​ឲ្យ​បែក​ប្លោក​នោម​រងរបួស​ធ្ងន់ធ្ងរ​។​
 ​បន្ទាប់ពី​កើតហេតុ រថយន្ត​បង្ក​មិនបាន​ឈប់​ដើម្បី​ធ្វើការ​ទទួលខុសត្រូវ​នោះទេ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​រហូត​ដល់​ចំណុច​ផ្សារ​មាន់​អាំង ស្ថិត​​ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ទើបត្រូវ​នគរ​បាល​​មូលដ្ឋាន​ដេញ​ព័ទ្ធ​ចាប់បាន​។​
 ​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ ​សមត្ថកិច្ច​បាន​នាំយក​អ្នកបើកបរ​រួមទាំង​រថយន្ត​ទៅកាន់​ស្នងការដ្ឋានចរាច​រណ៍​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ធ្វើការ​សាកសួរ​និង​ក​សាង​​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅធ្វើ​ការព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​សាក​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​៕

s
ប្រភពពី វត្តភ្នំ