ម៉ោង​១២​អធ្រាត្រ​ នៅ​សង្កាត់​លេខ​១ (ភាគទី១៩)

8/01/2013 0 Comments A+ a-

ភាគទី១៩
វិទូ​ជ្រួញ​ចិញ្ចើម​ហួស​វិស័យ​នឹង​ជឿ​ត្រចៀក​ខ្លួន។ គេ​សួរ​បក​តិចៗ៖
-ស្អី​គេ​ភីណា?
ស្រី​ស្រស់​​បាន​ជ្រុល​របូត​មាត់​​ទៅ​ហើយ លុះ​ដល់​ឮ​វិទូ​បន្លឺ​សួរ​យ៉ាង​នោះ​ទៀត នាង​​នៅ​ស្ងៀម​មិន​ទាន់​ហើប​មាត់​ឆ្លើយ​តប​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយ​កំពុង​រិះ​គិត​ថា មិន​ដឹង​ត្រូវ​​បដិសេធ​បង្វែរ​រឿង​​ឬ​ក៏​យ៉ាង​ណា​ទេ ខណៈ​ដែល​វិទូ​ពោល​សួរ​មក​​សាជាថ្មី៖
- ម៉េច​ក៏​សួរ​ទៅ​លែង​មាត់​ហើយ?
ភីណា​នៅ​ស្ងៀម​បន្តិច​ ទើប​ពោល​តប៖
-​ខ្ញុំ​អត់​ចង់​និយាយ​ទេ ព្រោះ​គង់​តែ​បង​ឯង​មិន​ជឿ!
វិទូ​បិទ​ភ្នែក​និយាយ​លួង​នាង៖
-ឲ្យ​តែ​ជា​ការពិត! ឆាប់​និយាយ​ទៅ!
ភីណា​ងក់​ក្បាល​ហើយ​ចាប់ផ្ដើម​និយាយ​តិចៗ​ទាំង​ក្ដាប់ដៃ​បុរស​ណែន​ជាង​មុន៖
-ពីរ​នាក់​បង​ប្អូន​គេ​លួច​ផ្លោះ​ចូល​មក​តាម​ដំបូល​ផ្ទះ​តាម​រាន​ហាល​ខាង​លើ​បន្ទប់​ហើយ​​ចុះ​តាម​ជណ្ដើរ​មក​ជាន់​ទី​មួយ កាល​ណោះ​គឺ​យប់​ជ្រៅ​ដែរ​ហើយ ផ្ទះ​ស្ងាត់​ច្រៀប គេ​យក​មក​ជា​មួយ​​ម៉ាស៊ីន​ថត​និង Tablet មួយ​ម្នាក់​ផង​ហើយ​ក៏​វាក់អ៊ើ​នឹង​ខ្ញុំ ….
តាម​ពិត​គឺ​វិទូ​កំពុង​ហួស​ចិត្ត ត្បិត​អី​កណ្ដាល​អធ្រាត្រ​​បង​ប្អូន​ពីរ​នាក់​​លួច​ផ្លោះ​របង​មក​ក្នុង​គេហដ្ឋាន​ហើយ​នាងនៅ​តែ​ការពារ​ជួយ​លាក់​ពួកគេ​ដល់​ពេលនេះ ​អ្នកកំលោះ​និយាយ​ភ្លាម៖
-ហើយ​គេ​ប្រាប់​អូន​ថា​​ទៅ​ថត​ខ្មោច​អូន​ក៏​ជឿ?
នារី​បូញ​មាត់​ងក់ក្បាល​ផ្ងក់ៗ។ វិទូ​កាន់​តែ​​ហួស​ចិត្ត​ណាស់​ទៅ​ទៀត អ្នក​កំលោះ​ពោល​សួរ​វិញ៖
-ចុះ​ម៉េច​ក៏​ពីរ​នាក់​បងប្អូន​នោះ​ដឹង​ថា​ផ្ទះ អូន​មាន​ខ្មោច?
ភីណា​​បង្ហាញ​ទឹក​មុខ​ម៉ត់ចត់​ នាង​សម្លឹង​មក​កាន់​វិទូ​ផង​ ឆ្លើយ​តប​វិញ​ផង៖
-បង​ឃើញ​ហើយ? អ្នក​ជុំ​វិញ​នោះ អ្នក​ណា​ក៏​ដឹង​ថា​ផ្ទះ​…ផ្ទះ​អូន​មាន​ខ្មោច​ដែរ! ចំណែក​នេត្រ​និង​ប្អូន​គេ​​ធ្លាប់​ដឹង​ថា​​ផ្ទះ​នោះ​មាន​គេ​ស្លាប់​តាំង​ពី​បួន​ឆ្នាំ​មុន​ម្ល៉េះ​គឺ​អ្នក​បម្រើ​របស់​ពួក​គេ​ឈ្មោះ​មីង​សាន​ជា​អ្នក​និយាយ!
វិទូ​ភ្ញាក់​បន្តិច​ដែរ​៖
-មីង​សាន​នៅ​ឯណា?
-គាត់​ស្លាប់​ហើយ!? តែ​គាត់​ជា​អ្នក​ឃើញ គេ​សម្លាប់​ស្រី​អ្នក​បម្រើ​ឈ្មោះ​កែវ​ផ្ទាល់​ភ្នែក ហើយ​គាត់​និយាយ​ប្រាប់​នេត្រ​និង​ប្អូន​គេ!
វិទូ​ងក់​ក្បាល​ផ្ងក់ៗ ដោយ​ទឹក​មុខ​ស្មើ​ ៖
-អញ្ចឹង​បាន​អូន​ឯង​​ខ្លាច​ផ្ទះ​ម្ល៉ឹង​ៗ?
​ស្ដាប់​លឺ​វិទូ​រអ៊ូ​ទើប​ភីណា​​ប្រញាប់ប្រញាល់​បដិសេធ​៖
-មាន​ឯណា! កាល​នោះ​នេត្រ​និយាយ​រឿង​ទាំងអស់​ប្រាប់​ហើយ​ក៏​ខ្ញុំ​​មិន​ទាន់​ជឿ​​ទេ! តែ​ខ្ញុំ​ចាប់​ផ្ដើម​ជឿ​ថា​ផ្ទះ​យើង​មាន​ខ្មោច គឺ​នៅ​យប់​បន្ទាប់!
វិទូ​សួរ​ដោយ​សង្ស័យ៖
-ពីរ​នាក់​នោះ​ធ្វើ​ម៉េច​បាន​អូន​ឯង​ជឿ?
ភីណា​និយាយ​ទាំង​ក្រញូវ​៖
-ខ្ញុំ​ថា​បើ​ប្រាប់​ហើយ​គ្មាន​អ្នកណា​ជឿ​ទេ​! ពេល​នេះ​មក​សួរ​ធ្វើ​អី? គឺ​ប្រពន្ធ​ដ៏​ល្អ​របស់​បង​កុសល​ហ្នឹង​ហើយ​គេ​ក្លាយ​ជា​ខ្មោច​ គេ​នៅ​សំងំ​ឆី​សាច់​គោ​ស្រស់​នៅ​ចង្ក្រាន​បាយ! ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​! យប់​នោះ​ បាន​នេត្រ​និង​ប្អូន​គេ​ចូល​មក​ម្តង​ទៀត គេ​ទាន់​ខ្ញុំ​ដែល​កំពុង​តក់ស្លុត! គេ​ខ្ទប់​មាត់​ហើយ​​គ្រា​ខ្ញុំ​ស្ងាត់​ៗ​ឡើង​មក​បន្ទប់​វិញ​!
វិទូ​មិន​អាច​ទប់​ស្កាត់​ចិត្ត​ងឿង​ឆ្ងល់​បាន​ឡើយ នាយពោល​សួរ​បន្ថែម​ភ្លាម៖
-យប់​នោះ​អូន​ឃើញ​អី​ក្នុង​បន្ទប់​បាយ​បាន​ជា​តក់ស្លុត​​ដល់​ម្ល៉ឹងៗ?
ភីណា​បើក​ភ្នែក​ធំ​ៗ​ឆ្លើយ​តប​មក​កាន់​វិទូ​វិញ៖
-ប្រាប់​ហើយ​ថា​ឃើញ…ឃើញ​ខ្មោច​ឆៅ​ណា៎! គឺ​អ្នកបង​ជា​ខ្មោចឆៅ!
វិទូ​ភ្លាម​នោះ​ក៏​នឹក​ដល់​គ្រឿង​ញៀន​ដែល​នៅ​ផ្ទុក​ក្នុង​ខ្លួន​នាង​។ ជា​និច្ចកាល​អ្នក​កំលោះ​គិត​​ថា​គឺ សារធាតុ​អស់នោះ​ហើយ​ដែល​ធ្វើឲ្យ​នាង​និយាយ​ស្ដី​គ្មាន​ហេតុផល​រហូត​មក។ ​ប៉ុន្តែ​ហេតុអ្វី​កន្លង​មក​ច្រើន​ថ្ងៃ​ហើយ នាង​ឈឺ​ផង​ជា​ផង ក្រោក​មក​វិញ​នៅ​តែ​និយាយ​រឿង​ដដែលៗ​អត់​ផ្លាស់ប្ដូរ? ឬ​មួយ​ថា​អ្វី​ដែល​នាង​និយាយ​វា​ជា​ការពិត​ដែល​នាង​មិន​អាច​ភ្លេច​វា​បាន?
​វិទូ​ប្រឹង​ញញឹម​តិច​ៗ​ជា​កិច្ច​បង្កើន​ការ​ទុកចិត្ត​ឲ្យ​នាង ហើយ​និយាយ​សួរ​បន្ត៖
-ថ្នាំ​នេះ​ជា​របស់​អូន​មែនអត់?
គេ​ហុច​កំប៉ុង​ថ្នាំ​ទៅ​នាង។ ស្រី​ស្អាត​បើក​មើល​កាលណា​ងក់ក្បាល​ទទួល​។
“មើល​ទៅ​នាង​ដូចជា​មិន​ដឹង​ថា​ថ្នាំ​នេះ​ជា​ថ្នាំញៀន​ទេ! មាន​ន័យ​ថា​មិន​មែន​នាង​លួច​លាក់​ប្រើ​វា​ឡើយ! វា​មាន​តែ​អ្នកណា​ម្នាក់​មាន​ចេតនា​ឲ្យ​នាង​ប្រើ ”គេ​គិត​ដោយ​ញ័រ​ទ្រូង។ បុរស​ចាប់​សួរ​នារី​បន្ត​ភ្លាម៖
-អូន​បាន​ថ្នាំ​អស់​ហ្នឹង​ពី​ណា​មក​?
ភីណា​អស់​ពី​បើកភ្នែក​គ្រលួង​នាង​ទៅ​ជា​សើច​ខឹក។
-បង​ឯង​ម៉េច​ហ្នឹង? ក្តៅ​ខ្លួន​អត់? ថ្នាំ​នេះ​ពី​ពេល​ចូល​ពេទ្យ​លើក​មុន ពេទ្យ​ឲ្យ​អូន​នោះ​អី? មក​សួរ​ចម្លើយ​សព្វ បើ​រឿង​ថ្នាំ​នៀក!? កាល​ពី​នៅ Apartment ក៏​យក​មក​សួរ​ម្តង​ហើយ​!
វិទូ​នៅ​ស្ងៀម​ភ្លឹក​ភ្លាំង​ស្មារតី​ដោយសារ​ពេទ្យ​ធ្លាប់​បាន​បដិសេធ​ហើយ​ថា​នេះ​មិនមែន​ជា​គ្រាប់​ថ្នាំ​ដែល​គាត់​ឲ្យ​ទៅ​ភីណា​លេប​ព្យាបាល​ជំងឺ​ឡើយ។ ស្ថានភាព​នេះ​១០០ភាគរយ​បញ្ជាក់​ថា​មាន​គេ​ដូរ​ថ្នាំ។ តើ​គេ​ជា​អ្នកណា? អត់​ទាន់​សំខាន់​ទេ​ព្រោះ​រក​មិន​ឃើញ​ឡើយ​លើក​លែង​តែ​ដឹង​ថា​គេ​ធ្វើ​នេះ​ដើម្បីអ្វី​សិន? វិទូ​ដៀង​ភ្នែក​សម្លឹង​ប្រអប់​ថ្នាំ​​ដែល​នៅ​ក្នុង​ដៃ​ អ្នក​កំលោះ​យល់ថា​ប្រសិន​បើ​ជន​នោះ​គ្រាន់​តែ​កំណាច​ចង់​ឲ្យ​ភីណា​នៅ​ត្រាំត្រែង​ក្នុង​ជំងឺ ​គេ​គ្រាន់​តែ​ដាក់​ថ្នាំ​ផ្សេង​មក​ដើម្បី​ឲ្យ​នាង​មិន​អាច​សះ​ស្បើយ​ចុះ​ហេតុអ្វី​គេ​ចាំបាច់​ប្រើ​ថ្នាំញៀន​ប្រភេទ​រវើរវាយ​នេះ? មាន​តែ​គេ​គិត​ដល់​ផែនការ​អ្វី​ផ្សេង​ពី​នេះ​ទៀត?
នាយ​ប៉ូលិស​វ័យក្មេង​សម្លឹង​ផ្ទៃមុខ​រលើបរលោង​របស់​ធីតា​គូស្នេហ៍​ចំពោះ​មុខ​ម្នាក់ឯង​ស្ងាត់​ៗ “ម្នាក់​នោះ​គួរ​តែ​នៅ​ជិតស្និទ្ធ​នឹង​ភីណា​ណាស់​ទើប​អាច​មាន​ឱកាស​ប្ដូរ​ថ្នាំ​នេះ​បាន”។
នាយ​និយាយ​ថ្នមៗ​ទៅ​កាន់​នាង៖
-បង​យក​ថ្នាំ​នេះ​ចោល​ហើយ! ព្រោះ​អូន​លេប​អត់​ត្រូវ!
​វគ្គ​ទី​១០
ការពិត​នៅ​ជិត​បង្កើយ
មេឃ​ងងឹត​ស្លុប​ផ្លូវ​ក៏​រអិល​ព្រិល​ដោយ​សំណល់​ពី​ព្រះ​ភិរុណ។ វិទូ​និង​ក្រុម​ការងារ​ធ្វើ​ដំណើរ​ញាប់ស្មេរ​កាត់​តាម​ភ្លឺ​ស្រែ​និង​កូន​ព្រៃ​លិច​ទឹក​ទម្រាំ​ដល់​កូន​ភូមិ​តូច​មួយ​ក្បែរ​ជើង​ភ្នំ ចំ​ពេល​ថ្ងៃ​ត្រង់​ប៉ុន្តែ​ព្រះអាទិត្យ​គ្មាន​កម្លាំង​មក​បំភ្លឺ​ឲ្យ​មេឃស្រឡះ​ល្អ​ឡើយ​ដោយសារ​ដុំ​ពពក​ខ្មៅ។
នៅ​ក្នុង​កូន​ផ្ទះ​ឈើ​សង់​ផ្ទាល់​ដី​មានតែ​សូរ​សំឡេង​យំ​រ​អឹក​តិចៗ​របស់​ស្រី​ពីរ​បី​នាក់​។
-លោក​ក្មួយ​គាត់​កើត​ឃ្លង់​អញ្ចឹង​គ្មាន​អ្នកណា​ហ៊ាន​ទទួល​មើល​ថែ​គាត់​ទេ ​មាន​តែ​ខ្ញុំ​ជា​ប្អូន​យក​គាត់​មក​ទុក​ហ្នឹង! គាត់​ធ្ងន់​ណាស់​ហើយ!
អ្នក​ភូមិ​គិតថា​ឲ្យ​ធម៌​គាត់​ល្ងាច​នេះ​ហើយ!
វិទូ​សម្លឹង​មុខ​អ្នក​ឲ្យ​ព័ត៌មាន​ជាមួយ​សំណួរ​ពី​ក្រោម​ម៉ាស​បិទ​មុខ៖
-ឲ្យ​ពួក​ខ្ញុំ​ចូល​មើល​គាត់​ផង​!
-អញ្ជើញ​ចុះ​លោក​ក្មួយ!
កំលោះ​​ប៉ូលិស​និង​គ្នីគ្នា​ចូល​ទៅ​មួយ​សន្ទុះ​ក៏​ចេញ​មក​វិញ។…
នៅ​ពេល​ដែល​ស្បៃ​រាត្រី​គ្រប​ដណ្ដប់​ជាថ្មី​មក​លើ​រាជធានី​ភ្នំពេញ វិទូ​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភោជនីយដ្ឋាន​ក្បែរ​មន្ទីរពេទ្យ​ដែល​មាន​លោក​កុសល​នៅ​រង់ចាំ​ជាស្រេច។
-លោក​បង! មីង​ម៉ាប់​គេច​មិន​ផុត​ពី​យប់​នេះ​ទេ! គាត់​ឈឺ​ធ្ងន់​ពេក! ចេញ​ដំបៅ​រលួយ​ពេញ​ខ្លួន! ពេទ្យ​មូលដ្ឋាន​ដែល​ទៅ​ជាមួយ​ខ្ញុំ​ប្រាប់​ថា​គ្រឿង​ក្នុង​គាត់​ខូច​អស់​ហើយ! ខ្ញុំ​ធ្វើ​តាម​លោក​បង​ប្រាប់ បាន​ជូន​លុយកាក់​ទាំងអស់​នោះ​ដល់​ក្រុម​គ្រួសារ​គាត់​ហើយ​ដែរ! ខ្ញុំ​ប្រាប់​ថា​ក្នុង​ផ្ទះ​មានរឿង​លោក​បង​នៅ​រវល់​ជាមួយ​ភីណា​ខាត​បង់​ទាំង​ជំនួញ​ទាំង​ការងារ​សង្គម​ អត់​អាច​ទៅ​មើល​គាត់​ជា​ចុង​ក្រោយ​បាន​ អ្នក​ស្រុក​ក៏​យល់​ចិត្ត​ហើយ! កុំ​ពិបាក​ចិត្ត​អី!
លោក​កុសល​ដកដង្ហើមធំ​គាត់​និយាយ​តិចៗ៖
-ផ្ទះ​នោះ​មាន​រឿង​ច្រើន​ពេក​ហើយ​ ​បង​គិត​រើ​ចេញទៅ​នៅ​កន្លែង​ផ្សេង​វិញ​ពេល​ភីណា​ចេញ​ពី​ពេទ្យ!
-ទៅ Apartment បឹង​កេងកង​ឬ​យ៉ាងម៉េច?
-អត់​ទេៗ​ប្រហែល​ទិញ​ផ្ទះ​ផ្សេង​ហើយ​ដាក់​ផ្ទះ​ធំ​លក់​ចោល​វិញ!
វិទូ​ងក់ក្បាល​ផ្ងក់ៗ​ព្រោះ​មនុស្ស​នៅចំពោះមុខ​នាយ​ជា​អ្នកមាន​លុយកាក់​ច្រើន​គេ​ចង់​យ៉ាងណា​គឺ​យ៉ាង​នោះ​ហើយ​។ គិត​ដល់​រឿង​សំខាន់​​វិញ​ទើប​នាយ​និយាយ​ទៅ​កាន់​គាត់​មួយៗ៖
-លោក​បង! ភីណា​ស្អែក​ចេញ​ទៅ​ផ្ទះ​ហើយ!​ ខ្ញុំ​ចង់​ឲ្យ​នាង​ទៅ​នៅ​ផ្ទះ​ខ្ញុំ​មួយ​រយៈ​សិន!
បុរស​ជា​បង​រេ​ភ្នែក​សម្លឹង​មុខ​ម្ចាស់​សំណូមពរ​ដែល​ហាក់​ហួស​ហេតុ​ពិបាក​ឲ្យ​គ្រួសារ​អភិជន​មួយ​ទទួល​យក​បាន។ វិទូ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​តស៊ូ​ពន្យល់​គាត់​បន្ទាប់ពី​ឃ្លា​សំណូមពរ​នេះ។ គេ​នៅ​សម្លឹង​មុខ​គាត់​យ៉ាង​ទទូច​ហាក់​រង់ចាំ​ចម្លើយ។ ដឹង​អី​គាត់​ស្រាប់​តែ​ងក់​ក្បាល​ផ្ងក់ៗ​ហើយ​និយាយ៖
-ល្អ​ដែរ! ផ្ទះ​មាន​រឿង​ច្រើន​ពេក​ហើយ! ឲ្យ​អួន​ទៅ​នៅ​ថែ​គេ​នៅ​ទីនោះ​ចុះ!
វិទូ​អរ​ភើត​ដែល​សុខ​ៗ​គាត់​ទទួល​យក​សំណូមពរ​ខ្លួន​ងាយ​ដល់​ម្ល៉ឹង។ អ្នក​កំលោះពោល​វិញ៖
-មីង​ម៉ាប់​លែង​នៅ​ហើយ! មីង​អួន​ទៅ​ជាមួយ​ភីណា​ទៀត បាន​អ្នកណា​នៅ​បម្រើ​លោកបង?
លោក​កុសល​ច្បូត​ចិញ្ចើម​ដ៏​ជ្រីវជ្រួញ​មុន​អាយុ​របស់​គាត់​ជា​សញ្ញា​បង្ហាញ​នូវ​បន្ទុក​ការងារ​ដ៏​ធ្ងន់​និង​ហេតុការណ៍​អាក្រក់​ហួស​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​នឹង​សប្បាយចិត្ត។ បុរស​មាន​ប្រាក់​ក្រាស់​ក្រែល​និយាយ​មួយៗ៖
-កុំ​ខ្វល់​ពី​ខាង​ណេះ! បង​ផ្ញើ​ភីណា​ផង! គឺ​ផ្ញើ​យក​តែ​មែនទែន! គឺ​បង​ទុក​ចិត្ត! ចំណែក​ខាង​បង មាន​អ្នក​បង​នៅ​ហើយ! តួនាទី​គេ​ជា​ប្រពន្ធ​គឺ​ត្រូវ​ថែទាំ​បម្រើ​ប្តី! ការងារ​ប៉ុណ្ណឹង​មិន​ចាំ​បាច់​មាន​អ្នក​ជួយ​ក៏​បាន!
និយាយ​ពី​ភរិយា​គាត់​ បុរស​នៅ​តែ​បង្ហាញ​សេចក្ដី​ស្នេហា​ពេញ​ក្រសែ​ភ្នែក​ ម៉្លោះ​វិទូ​គិត​ច្រើន​ដង​ណាស់​មុន​ពេល​និយាយ​ទៅ​កាន់​គាត់​៖
-លោកបង! បើ​លោកបង​ទុក​ចិត្ត​ខ្ញុំ​ដល់​ថ្នាក់​ប្រគល់​ភីណា​មក​ឲ្យ​ខ្ញុំ​ថែ​ទាំ​ ខ្ញុំ​ក៏​អត់​មាន​អី​ត្រូវ​លាក់​បាំង​លោក​បង​ដែរ! ខ្ញុំ​សង្ស័យ​ថា នៅ​ផ្ទះ​លោក​បង​មាន​អ្នកណា​ម្នាក់​ចង់​ធ្វើ​បាប​ភីណា!
លោ​កុសល​ងាក​មក​រក​អនាគត​ប្អូន​ថ្លៃ​ដោយ​ក្រសែ​ភ្នែក​មុត​។ ពន្លឺ​ភ្នែក​គាត់​ហាក់​ចង់​ប្រមូល​យក​អស់​នូវ​អ្វី​ដែល​កំពុង​តែ​គិត ​ប៉ុន្តែ​គាត់​មិន​ហើបមាត់​ពោល​ ឬ​ជំទាស់​ជាមួយ​សម្តី​បង្ហើប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​នាយ​ឡើយ​។
វិទូ​និយាយ​បន្ត​ដោយ​ម៉ឺងម៉ាត់​៖
-ការ​វិភាគ​បង្ហាញ​ថា​ភីណា​មិន​មែន​ប្រើ​គ្រឿង​ញៀន​ជា​ប្រចាំ​មក​ទេ​ពោល​គឺ​ក្នុង​រវាង​ពេល​ចុង​ក្រោយ​នេះ​មាន​គេ​បន្លំ​សារធាតុ​រវើរវាយ​ទៅ​ក្នុង​ប្រអប់​ថ្នាំ​នាង! ចំណែក​នៅ Apartment បឹង​កេងកង​នាង​រន្ធត់​ចង់​លោត​ពី​លើ​រានហាល​ក៏​ដោយ​សារ​នាង​មាន​សារធាតុ​សំយោគ​គ្រឿងញៀន​ច្រើន​ប្រភេទ​នៅ​ក្នុង​ម្ហូប​របស់​នាង​ដែរ! អ្នក​ធ្វើ​ការ​ទាំង​ពីរ​នេះ​តាម​មើល​ជា​មនុស្ស​តែ​មួយ​!
លោក​កុសល​ចាប់​ញ័រ​មាត់ គាត់​និយាយ​ត​តាក់​តតុប៖
-ហេតុ​អី​គេ​ធ្វើ​បាប​ប្អូន​ខ្ញុំ​? អ្នក​ណា? វា​ជា​អ្នក​ណា​? ឯង​ត្រូវ​ចាប់​វា​ដាក់​គុក​វិទូ​! ប្អូន​ឯង​ត្រូវ​ជួយ​បង​ចំពោះ​រឿង​នេះ​! អត់​បាន​ទេ​ តោះ​យើង​ត្រឡប់​ទៅ​មន្ទីរពេទ្យ​សិន​! ភីណា​នៅ​តែ​ពីរ​នាក់អ្នក​អួន​ទេ​! តោះ​យើង!
វិទូ​ប្លែក​ចិត្ត​នឹង​ស្មារតី​ទន់​ខ្សោយ​របស់​គាត់។ យ៉ាង​ហោច​ណាស់​អ្នក​ចាប់​អារម្មណ៍​ដឹង​ថា​បុរស​នេះ​ស្រលាញ់​ប្អូន​លើស​ពី​ជីវិត​របស់​គាត់។ អ្នក​កំលោះ​ពោល​ឃាត់៖
-ក្រែង​ម្សិលមិញ​ខ្ញុំ​បាន​ជម្រាប​ល្បង​ថា​ខ្ញុំ​ដាក់​មនុស្ស​យាម​ភីណា​២៤​ម៉ោង​ហើយ​នោះ​អី​! សូម​នៅ​ទី​នេះ​បន្តិច​ទៀត​សិន ព្រោះ​ខ្ញុំ​មាន​រឿង​សម្ងាត់​ខ្លះ​ចង់​ជម្រាប!
លោក​កុសល​ងាក​ឆ្វេង​ស្តាំ​ហាក់​ប្រុង​ប្រយ័ត្ន​រួច​ទើប​ស្តី​តប​៖
-និយាយ​ទៅ​វិទូ!
វិទូ​និយាយ​មួយ​ៗ​ដោយ​ផ្ដោត​ភ្នែក​លើ​ទឹក​មុខ​បុរស​អ្នក​មាន​៖
-បង​សល! ខ្ញុំ​សង្ស័យ​ថា​អ្នក​បង​ជា​អ្នក​រៀប​ចំ​សាច់​រឿង​ទាំង​អស់​ធ្វើ​បាប​ភីណា!
ពន្លឺ​ភ្នែក​បុរស​អភិជន​ទៅ​ជា​ប្រែប្រួល គាត់​ងាក​មុខ​ចេញ​មុន​ពេល​សម្តី​ប្រែ​ជា​សោះ​កក្រោះ៖
-ប្អូន​ឯង​ស្មាន​ផ្តេសផ្តាស​ស្អី​ហ្នឹង?
វិទូ​មិន​ថមថយ​ឥរិយាបថ​ដោយ​រឹតតែ​ពោល​សង្កត់​ពាក្យ​ដាច់​ណាត់៖
-ខ្ញុំ​សង្ស័យ​ថា សម្ដី​ភីណា​ជា​ការ​ពិត ឯ​អ្នកបង​ជា​មនុស្ស​កុហក​!
លោក​កុសល​ទំនង​កាន់​ជើង​ភរិយា គាត់​ងាក​មុខ​ចេញ​លែង​មើល​មុខ​នាយ​ប៉ូលិស​យើង​ហើយ​និយាយ​តប​ទាំង​បែរ​ខ្នង​៖
-កោត​ណាស់!…ឬ​ក៏​ទូ​ឯង​ជឿ​ពាក្យ​ភីណា​ដែល​ថា​ប្រពន្ធ​ខ្ញុំ​ស្លាប់​កាល​ពី​យប់​នោះ​ដែរ?
វិទូ​មិន​បោះបង់​ចោល​ការ​ព្យាយាម គេ​ប្រើ​ក្រសែ​ភ្នែក​មុត​ថ្លា​សម្លឹង​បុរស​ដែល​ប្រឹង​គេច​វេះ​ពី​ការ​ពិត​៖
-អ្នក​បង​អាច​ថា​បាន​ធ្លាក់​ពី​ជណ្ដើរ​នោះ​មែន តែ​គាត់​បែរ​ជា​មិន​ស្លាប់​គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា! អាច​ថា​ក្រោយ​ពេល​ភីណា​ចាក​ចេញ​ពី​ផ្ទះ​គាត់​បាន​ដឹងខ្លួន​ឡើងវិញ តែ​ប្អូនស្រី​លោក​មិន​បាន​ដឹង​ព្រោះ​នាង​ចូល​មន្ទីរពេទ្យ​បាត់​ហើយ!
លោក​កុសល​ប្រកែក​ភ្លាម៖
-អត់​ទេ! រឿង​ធ្លាក់​ពី​ជណ្តើរ​អី​អត់មាន​​ទេ គឺ​កុលាប​មិន​ដឹង​សោះ​! គ្មាន​ទាំងអស់!
វិទូ​និយាយ​វិញ​ប្រាវ៖
-បញ្ហា​គឺ​​នៅត្រង់​នេះ​ហើយ! ប្រសិន​បើ​ពេល​ភីណា​ចេញ​ទៅ​បាត់​គាត់​ដឹង​ខ្លួន​វិញ​ក៏​ដោយ ​មាន​រឿង​អី​គាត់​ចាំបាច់​លាក់​គ្រប់​គ្នា​ពី​ហេតុ​ការណ៍​កាល​ពី​យប់​នោះ? ព្រោះ​តែ​គាត់​ចង់​ឆ្លៀត​ឱកាស​នោះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​យល់​ថា​ភីណា​មាន​បញ្ហា​ខួរ​ក្បាល​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​! បញ្ហា​សំខាន់​គឺ​គាត់​បាន​យក​ថ្នាំ​វង្វេងវង្វាន់​ទៅ​បន្លំ​ក្នុង​ប្រអប់​ថ្នាំ​នាង ដើម្បី​ឲ្យ​នាង​និយាយ​ស្ដី​កាន់​តែ​ផ្ដេសផ្ដាស​ឡើង​ដោយ​សារ​នាង​ខ្លាច​ផង​ភ័យ​ផង ពេល​គាត់​ចូល​ទៅ​រក នាង​គាត់​ឆ្លៀត​បញ្ចេញ​សកម្មភាព​ប្លែកៗ​ឲ្យ​នាង​យល់​ថា គាត់​ជា​ខ្មោច​ហើយ​ទីបំផុត​គឺ​នាង​មិន​អាច​នៅផ្ទះ​នោះ​បាន!
លោក​កុសល​នៅតែ​ឈរ​ខាង​ភរិយា​ស្រស់​ក្មេង​របស់​គាត់ ដោយ​ប្រកែក​វិញ​ញ័រមាត់៖
-វិទូ! ភីណា​អាច​ថា​ឃើញ​ខ្មោច​មែន ព្រោះ​ផ្ទះ​នោះ​គឺ​មាន​ខ្មោច​ស្លាប់​តៃហោង​គេ​កប់​ចោល​ក្នុង​ផើង​ផ្កា ឯង​ក៏​ឃើញ! ចំណែក​ថ្នាំ​រវើរវាយ​នោះ អាច​ថា​អ្នកណា​ផ្សេង​ចង់​ធ្វើ​បាប​ភីណា​យើង​ក៏​មិន​ដឹង​ដែរ! ចំណែក​កុលាប គេ​មិន​ធ្វើ​អញ្ចឹង​ដើម្បី​ប្រយោជន៍​អី​ទេ!
វិទូ​ញញឹម​ជូរចត់៖
-តែ​សាកសព​ក្នុង​ផើង​ផ្កា​នោះ ជា​រឿង​ប្រឌិត​ទេ! កំណក​ដី​ជាប់​នៅ​នឹង​ឆ្អឹង​សព​មាន​ជាតិ​សំណ​ខ្ពស់​ខុស​ពី​ដី​នៅ​កន្លែង​ផ្សេង​ក្នុង​ផើង​នោះ វា​បញ្ជាក់​ថា ឆ្អឹង​សព​ត្រូវ​បាន​ដឹក​មក​ពី​ទី​ផ្សេង​ដាក់​បន្លំ​នៅ​ក្នុង​នោះ​ដើម្បី​ឲ្យ​គូ​ដណ្ដឹង​ខ្ញុំ​លែង​ព្រម​ចូល​ផ្ទះ​ជា​ស្ថាពរ! ខ្ញុំ​មិន​ព្រម​ឲ្យ​ភីណា​ត្រឡប់​ទៅ​ផ្ទះ ជា​ផែនការ​បណ្ដោះ​អាសន្ន​ទេ​ព្រោះ​ខ្ញុំ​ក្រែង​ពី​សុវត្ថិភាព​នាង ចំណែក​ថា​ឲ្យ​នាង​ចេញ​ពី​ផ្ទះ​មួយ​ជីវិត​គឺ​ទៅ​មិន​រួច​ដាច់​ខាត​ព្រោះ​នោះ​ជា​ផ្ទះ​នាង គ្មាន​អ្នកណា​ម្នាក់​អាច​សម្រេច​ឧបាយកល​ទុច្ចរិត​កម្ចាត់​នាង​ចេញ​ទេ!
លោក​កុសល​និយាយ​លឹប​ល៖
-មើល​ទៅ​អ្វី​ដែល​ឯង​និយាយ​សុទ្ធតែ​រឿង​ស្មាន​ៗ​ទាំងអស់​ទូ! បង​មិន​ស្ដាប់​ហើយ​មិន​ខ្វល់​ទេ!
វិទូ​បន្ត​ភ្លាម៖
-ទោះ​អញ្ចឹង​​​ក៏​បង​គួរ​ទុក​ឱកាស​មួយ​ឲ្យ​ខ្ញុំ​បញ្ជាក់​សិន​ដែរ​ថា​ខ្ញុំ​ស្មាន​នោះ​ត្រូវ​ឬ​ខុស​!
លោក​កុសល​នៅ​ស្ងៀម ​គាត់​ឈ្ងោក​មុខ​រិះគិត​ដោយ​តឹងតែង​មិន​ចេញស្ដី​ធ្វើ​ឲ្យ​វិទូ​បាន​ឱកាស​និយាយ​បន្ថែម​ភ្លាម៖
-លោក​បង! ដើម្បី​យុត្តិធម៌​សម្រាប់​ភីណា លោក​បង​ឲ្យ​ខ្ញុំ​បើក​ការ​ស៊ើប​អង្កេត​ទៅ!
លោ​កុសល​និយាយ​មួយៗ៖
-វិទូ! ភីណា​គឺ​ជា​ប្អូនស្រី​តែមួយ​គត់​របស់​បង…តែ​ក្នុង​ផ្ទះ​មាន​រឿង​ច្រើន​រួច​មក​ហើយ! បង…..គឺ…
-អញ្ចឹង​ហើយ​បាន​ជា​យើង​ត្រូវ​រក​មធ្យោបាយ​បញ្ចប់​រឿង! រឿង​ហេតុ​ទាំងអស់​កើត​ឡើង​ខុស​ទំនង​ទាំង​ស្រុង​មាន​ន័យ​ថា​មុខតែ​មាន​អ្នកណា​នៅ​ពីក្រោយ​ហើយ! បើ​បង​គេច​វេះ​បញ្ហា តើ​រឿង​វា​អាច​ចប់​បាន​ដោយ​របៀប​ណា​ទៅ!
លោក​កុសល​នៅ​ស្ងៀម​បន្តិច​ទើប​ងក់​ក្បាល​សម្រេច​ចិត្ត​៖
-បាន! កុំ​ឲ្យ​ថា​បង​​មិន​គិត​​ពី​ភីណា​! ឯង​ចង់​ស៊ើប​យ៉ាង​ម៉េច​? តាម​ចិត្ត​ព្រោះ​ស​នៅ​តែ​ស​ខ្មៅ​នៅ​តែ​ខ្មៅ​ទេ​! ប្រពន្ធ​បង​អត់​ខុស បង​មិន​ខ្លាច​អី​ទាំងអស់​!
វិទូ​ញញឹម​ស្មើ​៖
-អញ្ចឹង​បង​ត្រូវ​សន្យា​នឹង​ខ្ញុំ​ថា ក្តី​នេះ​មិន​ឲ្យ​អ្នកបង​ដឹង​សូម្បី​តែ​តម្រុយ​បន្តិច​ឡើយ ទុក​ថា​បង​ធ្វើ​ដើម្បី​ប្អូន​ស្រី​របស់​បង​ទៅចុះ!
លោក​កុសល​ឆ្លើយ​ផូង៖
-បង​ក៏​ចង់​ជម្រះ​មន្ទិល​ឯង​ឲ្យ​អស់​ដែរ​វិទូ។​ បង​គ្មាន​រឿង​អី​ត្រូវ​ទៅ​ប្រាប់​កុលាប​រឿង​អស់​នេះ​ទេ​! ឯង​ធ្វើ​អី​ធ្វើ​ចុះ​! ព្រោះ​ថ្ងៃមុខ​ថ្ងៃ​ក្រោយ​យើង​ជា​គ្រួសារ​តែ​មួយ មាន​អ្នក​ដឹង​រឿង​ថ្ងៃ​នេះ​ច្រើន​នាំ​តែ​កើត​រឿង​មើល​មុខ​គ្នា​មិន​ចំ​ទេ​! បង​នឹង​លាក់​ពី​អ្វី​ដែល​ឯង​ទើប​តែ​និយាយ​នេះ​ជា​រៀង​រហូត​!
វិទូ​បង្ហាញ​ភាព​ជឿជាក់​លើ​ផ្ទៃ​មុខ​៖
-ល្អ​ណាស់! អញ្ចឹង​យើង​ចាប់ផ្ដើម​បាន​ហើយ ជំហាន​ដំបូង​ខ្ញុំ​សុំ​បង​ជួយ​ឲ្យ​ខ្ញុំ​បាន​ឆែកឆេរ​បន្ទប់​អ្នកបង​!
សូម​រង់ចាំ​តាមដាន​ភាគ​បន្ត​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ