វែកមុខឃាត កររំលោភសម្លាប់ ក្មេងស្រីអាយុ9ឆ្នាំ
ខេត្តកំពត ៖ ទីបំផុតជនបាតដៃប្រឡាក់ឈាម រំលោភសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំ យ៉ាងព្រៃផ្សៃត្រូវបានសមត្ថកិច្ច វែកមុខនិងចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរំលោភ ហើយវាយដំនៅលើផ្ទៃមុខ និងច្របាច់.កសម្លាប់ដោះ យកក្រវិលមាសចំនួន២ហ៊ុន រួចបីសពក្មេងស្រីយកមកប្លុងចោលនៅ លើយ៉មុខផ្ទះអ្នកស្រុក កាលពីយប់ថ្ងៃទី២៥ សីហា វេលារំលងអធ្រាត្រ ។ មន្ត្រីនគរបាលបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត ដែលធ្វើការស្រាវជ្រាវ និងវែកមុខជនល្មើសជាឃាតករ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី២៥ សីហា បន្ទាប់ពីសមត្ថកិច្ចបានដាក់ការសង្ស័យ និងបានកំណត់មុខសញ្ញាក្នុងពេល កំពុងពិនិត្យស្លាកស្នាមសពក្មេងរងគ្រោះ ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងនិងជានាយការិយាល័យកណ្តាល នគរបាលយុត្តិធម៌នៃស្នង ការដ្ឋាននគរបាលខេត្ត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៥ សីហា ថា ករណីឃាតកម្មលើក្មេងស្រីអាយុ៩ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម កាលពីវេលារំលងអធ្រាត្រថ្ងៃទី២៥ សីហា នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ នោះ នៅរសៀលថ្ងៃដដែលនោះត្រូវបាន សមត្ថកិច្ចជំនាញវែកមុខជនល្មើសជាឃាតករឃើញហើយ ។ ជនសង្ស័យជាឃាតករឈ្មោះមើ យ៉ាវ៉ាន់ ហៅអាគ អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ត្រូវជាប្អូនជីដូនមួយនឹងឪពុកកុមារីរងគ្រោះ ។ នៅព្រឹកថ្ងៃទី២៦ សីហា លោកស្នងការរងនិងជានាយការិយាល័យកណ្តាល នគរបាលយុត្តិធម៌បាននិយាយថា ក្រោយពីសមត្ថកិច្ចជំនាញរបស់លោក នាំខ្លួនជនសង្ស័យតាមការស្រាវជ្រាវមកកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរ ដំបូងជនសង្ស័យរូបនេះ មិនព្រមសារភាពទេ ប៉ុន្តែជាមុខសញ្ញាដែលសង្ស័យគឺពិតជាជននេះហើយ ។ សមត្ថកិច្ចបានព្យាយាមធ្វើតាមនីតិវិធីអស់រយៈពេលជាច្រើនម៉ោង ទើបជនសង្ស័យរូបនេះ បានសារភាពត្រង់ៗប្រាប់សមត្ថកិច្ច ។
ពេលនោះសមត្ថកិច្ចជំនាញបានសួររកវត្ថុតាង ហើយជនល្មើសជាឃាតកររូបនេះបាននាំទៅយកវត្ថុតាងដែលខ្លួនធ្ វើសកម្មភាពសម្លាប់ហើយលាក់ទុកសម្ភាររបស់ក្មេងស្រីរងគ្រោះ មានសំពត់ អាវយឺត ភួយ និងក្រវិលមាសចំនួនពីរហ៊ុន ។ លោកបន្តទៀតថា ជនល្មើសបានសារភាពពីសកម្មភាពរបស់ខ្លួនប្រាប់សមត្ថកិច្ចថា មុនពេលរំលោភសម្លាប់ក្មេងស្រីនេះ កាលពីព្រលប់ខ្លួនបានផឹកស៊ីជាមួយឪពុក កុមារីរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតឈ្មោះសុះ សើហ្គ្រូន ។ លុះពេលឪពុកកុមារីនោះស្រវឹងខ្លាំងហើយ ខ្លួនក៏ហៅ សុះ សើហ្គ្រូន ជូនទៅផ្ទះនៅវេលាម៉ោង១រំលងអធ្រាត្រ ។ ពេលទៅដល់ផ្ទះអ្នកជូនក៏គេចូលផ្ទះដេកទៅ ចំណែកខ្លួនបានដើរមកផ្ទះកុមារីរងគ្រោះ ស្រាប់តែប្រទះឃើញនាងចុះដី ខ្លួនក៏ចាប់នាង រួចនាំចេញឆ្ងាយពីផ្ទះបន្តិច ក៏ធ្វើសកម្មភាពចាប់រំលោភតែម្តង ។ បន្ទាប់ពីរំលោភហើយខ្លួនខ្លាច បែកការណ៍ក៏ច្របាច់.ក និងជ្រមុជទឹកឱ្យស្លាប់រួចហើយដោះក្រវិលសំពត់អាវ និងភួយលាក់ទុកនៅកន្លែងរំលោភ ហើយក៏បីសពកុមារីរងគ្រោះមកដាក់នៅលើ យ៉ផ្ទះអ្នកភូមិមួយទៀតក្បែរផ្ទះក្មេងស្រីរងគ្រោះ ដោយយកខោអាវកូនម្ចាស់ផ្ទះពាក់ឱ្យសព ដើម្បីបង្វែងដានសមត្ថកិច្ច។
ប៉ុន្តែទោះបីជាបែបណាក៏ដោយ សមត្ថកិច្ចនៅតែអាចវែកមុខឃាតករយកមកផ្តន្ទាទោសតាមច្បាប់បានដដែល ។ ក្រោយពីប្រមូលបានវត្ថុតាង និងចម្លើយសារភាពរបស់ជនល្មើសរួចហើយ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព