លេច​ចេញ​ ទូរស័ព្ទទំនើប ZTE U988S ជា​ទូរស័ព្ទទីមួយ​ ដែល​បំពាក់ដោយ CPU Nvidia Tegra 4

7/10/2013 0 Comments A+ a-

Tegra 4 ជា​​បន្ទះ CPU ​ស៊េរី​ចុង​ក្រោយ​របស់ក្រុមហ៊ុន Nvidia ដែលបាន​ប្រកាស​ចេញ​ជា​ផ្លូវការ​កាល​ពី​​ដើម​ខែ​មករា​ដើម​ឆ្នាំ២០១៣ ដោយឡែក​សម្រាប់​ពេល​នេះ​មាន​ការ​លេច​​ចេញ​នូវ​ទូរស័ព្ទទំនើប​ ZTE U988S ដែល​គេ​ជឿ​ថា​នឹង​ក្លាយ​ជា​ទូរស័ព្ទទំនើប​ទី១​ដែល​បំពាក់ដោយ​ CPU Nvidia Tegra 4 ។ គេ​មិន​ទាន់​ដឹង​ថា​ទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន​ ZTE ដែល​នឹង​បំពាក់ដោយ​ CPU Nvidia Tegra 4 នោះ​នឹង​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​អ្វី​នោះ​ទេ​ព្រោះ​ថា​ U988S គ្រាន់​តែ​ជា​លេខកូដ​ឈ្មោះ​តែ​ប៉ុណ្ណោះ​ ។ សូម​រំលឹក​បន្តិច​ដែរថា​កាល​ពី​ដើម​ខែមិថុនា​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ ZTE បាន​ប្រកាស​ចេញ​​រួច​ហើយ​នូវ​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​គឺ ZTE Vital ។
គេ​ជឿ​ថា ZTE U988S នឹង​មាន​លក្ខណសម្បត្តិ​បច្ចេកទេស​​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5-inch
  • កម្រិតភាពច្បាស់ 1,080p (Full HD)
  • CPU Quad-core 1.8GHz (Tegra 4)
  • RAM 2 GB
  • មាន​​ថត​សម្រាប់បន្ថែម microSD card
  • កាមេរ៉ាមុខ​ទំហំ​ 2 MP និង កាមេរ៉ា​ក្រោយ​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean
បញ្ជាក់៖ ក្រុមហ៊ុន​ ZTE មិន​ទាន់បាន​អះអាង​យ៉ាងណា​នៅ​ឡើយ​ទេ​ទាក់ទង​នឹង​រូបភាព​ទូរស័ព្ទទំនើប​ដែល​បាន​លេចចេញ​នេះ ហើយ​សម្រាប់​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ក៏​គ្មាន​ប្រភព​ណា​អាចបញ្ជាក់​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ទូរស័ព្ទទំនើប​ ZTE U988S សូម​ប្រិយមិត្ត​បន្ត​តាមដាន​ជា​មួយ​ពពក ៕