Lenovo ប្រកាសចេញកុំព្យូទ័រ បន្ទះស្ដើង ចំនួនបីម៉ូដែល
ថ្មីៗនេះក្រុមហ៊ុន Lenovo ទើបតែបានប្រកាសចេញនូវកុំព្យូទ័របន្ទះស្ដើងចំនួនបីម៉ូដែលផ្សេងៗគ្នា ដែលមានតម្លៃសំល្មម និងមានគុណភាពអាចទទួលយកបាន ។ កុំព្យូទ័របន្ទះស្ដើងទាំងបីម៉ូដែលដែលត្រូវបានក្រុមហ៊ុនប្រកាសចេញក្នុងពេលនេះរួមមាន A1000, A3000 និង S6000 ។
A1000 ត្រូវបានរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាតដែលមានអេក្រង់ទំហំ 7-inch កម្រិតភាពច្បាស់ 1024×600 និងតម្លៃប្រហែល $150 គឺធូរថ្លៃជាង Galaxy Tab 3 7.0 អេក្រង់ទំហំ 7-inch របស់ក្រុមហ៊ុន Samsung ចំនួន $50 នេះបើយោងតាមប្រភព Android Authority ។
លក្ខណសម្បត្តិបែបបច្ចេកទេសរបស់ A1000 ៖
- អេក្រង់ទំហំ 7-inch
- កម្រិតភាពច្បាស់ 1024×600 pixels
- CPU 1.2GHz dual-core MediaTek MT8317 processor
- RAM 1GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 16GB មានបន្ថែម microSD card
ចំពោះ A3000 គឺមិនមានអ្វីដែលខុសគ្នាច្រើនពី A1000 នោះទេ ប៉ុន្តែម៉ូដែលនេះគឺមានបន្ថែមដោយ កាមេរ៉ាក្រោយ 5MP និងមុខ 0.3MP webcam និងមាន CPU 1.2GHz quad-core MT8125 processor ។ ចំពោះតម្លៃរបស់ A3000 គឺប្រហែល $180 ។
ខុសគ្នាពី A1000 និង A3000 កុំព្យូទ័របន្ទះស្ដើង S6000 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 10.1-inch កម្រិតភាពច្បាស់ 1280×800 pixels ។ កុំព្យូទ័របន្ទះស្ដើង S6000 គឺត្រូវបានរចនាឡើងជាគូប្រកួតជាមួយនឹង Galaxy Tab 3 10.1 ឬ Nexus 10 ប៉ុន្តែសម្រាប់តម្លៃផលិតផលរបស់ក្រុមហ៊ុន Lenovo ម៉ូដែលថ្មីនេះគឺត្រឹមតែ $280 ប៉ុណ្ណោះ ។
លក្ខណសម្បត្តិបែបបច្ចេកទេសរបស់ S6000 ៖
- អេក្រង់ទំហំ 10.1-inch
- កម្រិតភាពច្បាស់ 1280×800 pixels
- CPU 1.2GHz quad-core MT8125 processor
- RAM 1GB
- មានបំពាក់ WiFi និង Bluetooth
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 16GB មានបន្ថែម microSD card (64GB)
- ដំណើរការដោយ Android 4.2 Jelly Bean