ទទួលបានរូបភាព កុំព្យូទ័របន្ទះស្ដើង Nokia Windows RT
ក្រុមហ៊ុន Nokia ត្រូវបានគេរាយការណ៍ថា នឹងចេញកុំព្យូទ័របន្ទះស្ដើងដំបូងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows RT នៅក្នុងឆ្នាំ២០១៣ ។ ដោយឡែកបន្ទាប់ពីទទួលបាននូវពាក្យចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងលក្ខណសម្បត្តិ និង រូបរាងរបស់កុំព្យូទ័របន្ទះស្ដើងនៃក្រុមហ៊ុននេះ គេនៅមិនទាន់ទទួលបាននូវការអះអាងណាមួយចេញពីក្រុមហ៊ុន Nokia ដើម្បីបញ្ជាក់ថាជាការពិត ឬគ្រាន់តែជាពាក្យប្រឌិតនៅឡើយទេ ។
កាលពីពេលកន្លងទៅបន្ទាប់ពីទទួលបានរូបភាពដែលគ្រាន់តែជាគំរូឲ្យកុំព្យូទ័របន្ទះស្ដើង Nokia Windows RT ឬហៅថា Nokia Lumia tablet គេក៏ទទួលបាននូវព័ត៌មានថា មានការលេចចេញរូបរាងកុំព្យូទ័របន្ទះស្ដើងរបស់ Nokia ក្នុងប្រទេសប៉ាគីស្ថាន ។ ប៉ុន្តែវាគ្រាន់តែជារូបដែលស្ថិតនៅលើផ្ទាំងបញ្ចាំង slide តែប៉ុណ្ណោះ ។
ដោយឡែកចំពោះរូបភាពដែលគេទទួលបាននៅក្នុងពេលនេះគឺ មិនដូចរូបដែលគ្រាន់តែជាគំរូនោះទេ ពោលគឺមានលក្ខណៈជារូបពិតសុទ្ធសាធ និងថែមទាំងមានដាក់ NOKIA នៅផ្នែកខាងខ្នងនៃឧបករណ៍ផងដែរ ។ ចំពោះកុំព្យូទ័របន្ទះស្ដើងដំបូងរបស់ក្រុមហ៊ុន Nokia ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងដំណើរការដោយ Windows RT មានបំពាក់អេក្រង់ទំហំ 10-inch, រន្ធ HDMI, USB, MagSafe charger និងថែមទាំងមានរន្ធសម្រាប់ប្រើ SIM ផងដែរ ។
សូមបញ្ជាក់ថា មិនមានព័ត៌មានលំអិតពីការបញ្ជាក់ឲ្យច្បាស់នូវកុំព្យូទ័របន្ទះស្ដើង Nokia Windows RT នេះនៅឡើយទេ ។ ដោយឡែកតាមរូបភាពដែលទទួលបានគេជឿថា មិនយូរទេក្រុមហ៊ុន Nokia នឹងអាចប្រកាសចេញនូវកុំព្យូទ័របន្ទះស្ដើងជាលើកដំបូងរបស់ខ្លួននាពេលឆាប់ៗខាងមុខ ប៉ុន្តែចំពោះជម្រើសពណ៌ដូចជាស្រឡាយទូរស័ព្ទ Lumia ឬយ៉ាងណានោះគេក៏មិនទាន់បានដឹងដែរ ៕