Nexus 4 ពណ៌ស លក់អស់ពី Play Store
Nexus 4 គឺជាទូរស័ព្ទទំនើបដែលត្រូវបានផលិតរួមគ្នារវាងក្រុមហ៊ុន LG និង Google ហើយវាក៏ជាទូរស័ព្ទជំនាន់ចុងក្រោយក្នុងពេលបច្ចុប្បន្ននៃស៊េរី Nexus របស់ Google ផងដែរ ។ ថ្មីៗនេះថ្វីបើ Google បានចាប់ដៃបន្ថែមជាមួយក្រុមហ៊ុន HTC និង Samsung ដោយបញ្ចេញទូរស័ព្ទទំនើប HTC One និង Galaxy S4 ស្តង់ដារ Google Edition ប៉ុន្តែទូរស័ព្ទទាំងពីរនេះមិនមែនជាស៊េរីទូរស័ព្ទ Nexus របស់ក្រុមហ៊ុន Google នោះទេ គឺគ្រាន់តែដំណើរការដោយប្រព័ន្ធប្រតិបត្តិការដូចគ្នាទៅស៊េរី Nexus ប៉ុណ្ណោះ ។
ទូរស័ព្ទទំនើប Nexus 4 ត្រូវបានផលិតឡើងជាមួយនឹងជម្រើសពីរពណ៌ផ្សេងគ្នាគឺ ពណ៌ស និងពណ៌ខ្មៅ និងមានប្រភេទអង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 8GB និង 16GB ។ យ៉ាងណាមិញសម្រាប់ Nexus 4 ពណ៌ស ដែលទើបបានក្រុមហ៊ុនប្រកាសចេញកាលពីខែចុងខែ ឧសភា មកដល់ពេលនេះទើបបានរយៈពេលជាង ៤០ថ្ងៃប៉ុណ្ណោះ តែទូរស័ព្ទនេះត្រូវបានលក់អស់ពីស្តុកនៃ Play Store នៅសហរដ្ឋអាមេរិក ទៅហើយទាំងម៉ូដែល 8GB និង 16GB ។
ជាមួយនឹងអេក្រង់ទំហំ 4.7-inch True HD IPS ដែលមានកម្រិតភាពច្បាស់ WXGA (759 x 1280) , RAM 2GB កាមេរ៉ា 8MP អាចថតរូបជា Photosphere ជុំវិញទាំងលើនិងក្រោមពេញមួយជុំដូចជាបាល់ ទូរស័ព្ទ Nexus 4 ពណ៌ស ក៏មានតម្លៃដ៏សមរម្យផងដែរ ដែលតម្លៃទូរស័ព្ទនេះគឺប្រហែល $299 សម្រាប់ម៉ូដែល 8GB និង $349 សម្រាប់ម៉ូដែល 16GB (នៅ US តាមរយៈ Play Store )។
សូមបញ្ជាក់ថា ក្រៅពីស្ដុក Play Store នៅសហរដ្ឋអាមេរិកទូរស័ព្ទ Nexus 4 ពណ៌ស មិនទាន់ត្រូវបានចេញលក់នៅលើទីផ្សារខាងក្រៅនៅឡើយទេ សូម្បីតែនៅចក្រភពអង់គ្លេសក៏គេមិនទាន់មានលក់នូវ Nexus 4 ពណ៌សដែរ ។ យ៉ាងណាមិញក្រុមហ៊ុនមិនបានបញ្ជាក់ពីពេលដែលទូរស័ព្ទនេះត្រូវចេញលក់សាជាថ្មីនៅឡើយទេ ហើយចំនួនសរុបដែលត្រូវបានលក់អស់ប៉ុន្មានគ្រឿងក៏មិនត្រូវបានបញ្ចេញឲ្យដឹងនោះដែរ ៕