ល្បីថា Motorola X អាចឲ្យអ្នកទិញធ្វើ ការកុម្ម៉ង់ពណ៌តាមចិត្ត
ថ្មីៗនេះក្រុមហ៊ុន Motorola ទើបតែធ្វើការផ្លាស់ប្ដូរនូវ Logo ថ្មីដែលនូវរក្សាអក្សរ M នៅចំកណ្ដាលដដែលតែមានរង្វង់ព័ទ្ធជុំវិញជាពណ៌ចម្រុះគ្នា និងមើលទៅស្រស់ស្អាតជាងមុន ។ ដោយឡែក Motorola X (Moto X) គឺជាទូរស័ព្ទទំនើបដែលត្រូវបានគេរាយការណ៍ថា នឹងក្លាយជាតួឯករបស់ក្រុមហ៊ុន Motorola សម្រាប់ឆ្នាំ២០១៣ នេះ ។
បន្ទាប់ពីការប្រកាសប្ដូរ Logo ថ្មីដែលមានពណ៌ផ្សេងៗគ្នាជារង្វង់ព័ទ្ធជុំវិញអក្សរ M ពេលនេះយើងទើបតែទទួលបាននូវព័ត៌មានថ្មីថា ទូរស័ព្ទ Motorola X នឹងអាចឲ្យអ្នកទិញធ្វើការកុម្ម៉ង់ពណ៌របស់ទូរស័ព្ទទៅតាមចំណង់ចំណូលចិត្តរបស់គេ ។
ប្រភពព័ត៌មាន ABC News បានរាយការណ៍ថា ទូរស័ព្ទទំនើប Motorola X នឹងត្រូវប្រកាសចេញជាមួយនឹងប្រភេទពណ៌ផ្សេងៗគ្នា ប៉ុន្តែក្រៅពីពណ៌ដែលជាស្តង់ដារចេញពីក្រុមហ៊ុន គេក៏អាចនឹងធ្វើការបញ្ជាទិញនូវទូរស័ព្ទនោះដោយរចនាម៉ូដពណ៌ខ្លួនឯង ផងដែរ ។ ចំពោះការផ្ដល់ជូនយ៉ាងពិសេសសម្រាប់អ្នកដែលចង់បានពណ៌ខុសពីស្តង់ដារ គេអាចនឹងត្រូវធ្វើការបញ្ជាទិញតាមរយៈ online ។
សូមបញ្ជាក់ថា ក្រៅពីព័ត៌មានខាងលើគេក៏ទើបទទួលបាននូវសំបករបស់ទូរស័ព្ទ Motorola X ផងដែរ ដែលមានពណ៌ផ្សេងៗគ្នា ។ យ៉ាងណាមិញគេជឿថា មិនយូរទេទូរស័ព្ទទំនើប Motorola X នឹងត្រូវប្រកាសចេញនាពេលឆាប់ៗខាងមុខជាមិនខាន ៕
