iPhone តម្លៃទាបអាចនឹង មានរូបរាងដូចនេះ!!
ក្នុងរយៈពេលថ្មីៗនេះមានព័ត៌មានមួយចំនួនបាននិយាយពីរូបរាងរបស់ទូរស័ព្ទទំនើបជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃទាបជាង iPhones ផ្សេងៗដែលធ្លាប់ចេញនាពេលកន្លងមក ។ ទូរស័ព្ទទំនើបមួយនោះគឹ iPhone តម្លៃទាប បើយោងតាមប្រភពចចាមអារ៉ាមដែលបានចេញចាប់តាំងពីចុងឆ្នាំ២០១២ រហួតមកទល់បច្ចុប្បន្ននេះបានឲ្យដឹងថា Apple នឹងផ្ដល់នូវ iPhone តម្លៃទាបជាច្រើនពណ៌សម្រាប់ជ្រើសរើស ដោយប្រភពខ្លះថាអាចនឹងមានដល់ទៅ៦ពណ៌ ។
អ្វីដែលប្រិយមិត្តគួរចាប់អារម្មណ៍នោះគឺកាលពីខែមីនាដើមឆ្នាំនេះប្រភពមួយបានបង្ហាញពីគំរូ iPhones តម្លៃទាបដល់ទៅពីរម៉ូដែលគឺ iPhone តម្លៃទាបដែលមានអេក្រង់ទំហំ 4-inch និងមួយម៉ូដែលទៀតមានទំហំ 4.5-inch ។ សូមបញ្ជាក់ថាគំរូ iPhones ទម្លៃទាបទាំងពីរម៉ូដែលនោះត្រូវបានរចនានិងបង្កើតឡើងដោយ លោក Martin Hajek ដែលជាអ្នកជំនាញខាងរចនាផលិតផលគំរូ ។ សម្រាប់ពេលនេះយើងខ្ញុំសូមបង្ហាញជូនប្រិយមិត្តនូវគំរូ iPhone តម្លៃទាបដែលផលិតដោយ លោក Martin Hajek ដដែល ប៉ុន្តែមានបង្ហាញ Menu screen ជាមួយ iOS 7 និង មានចំនួន ៥ពណ៌ ។
កាលដើមសប្ដាហ៍ទី១នៃខែកក្កដានេះប្រភពពីគេហទំព័រ MacRumors បានបង្ហាញនូវគំរូទូរស័ព្ទ iPhone តម្លៃទាបដែលមើលទៅគួរឲ្យចាប់អារម្មណ៍ ហើយគំរូ iPhone តម្លៃទាបនោះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Ciccarese Design ។ បើផ្អែកតាមប្រភពពី Mashable នៅពេលនេះគេឃើញថាគំរូ iPhone តម្លៃទាបដែលរចនានិងបង្កើតឡើងដោយ លោក Martin Hajek ពិតជាមានរូបរាងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាទាំងនេះគ្រាន់តែជារូបគំរូតែប៉ុណ្ណោះ ចំពោះរូបរាងពិតរបស់ iPhone តម្លៃទាបយ៉ាងណានោះសូមប្រិយមិត្តរង់ចាំការបង្ហាញដោយផ្ទាល់ពីក្រុមហ៊ុន Apple ៕
រូបគំរូផលិតដោយ Ciccarese Design