ផ្ទុះiPhone 4 ក្លាយ​ជា​ភ្លើង​ដុត​ គ្រែ​​ខណៈ​ពេល​ កំពុង​​គេង​

7/13/2013 0 Comments A+ a-

ថ្ងៃ​នេះ​គេ​ទើប​តែ​ទទួល​បាន​​​រូប​​ភាព​នៃ​​ទូរស័ព្ទ​ទំនើប iPhone 4 របស់​ក្រុមហ៊ុន Apple ​ដែល​​​ស្ទើរ​តែ​មិន​គួរ​ឲ្យ​​ជឿ​​​​​ ព្រោះ​​ថា ​រូប​ដែល​ទទួល​បាន​គឺ​ ជា​​ការ​បង្ហាញ​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ iPhone 4 ត្រូវ​បាន​ផ្ទុះ​ក្លាយ​ជា​ភ្លើង​មក​ដុត​​គ្រែ​គេង​របស់​អ្នក​ប្រើ​ទៅ​វិញ​​នៅ​ក្នុង​​ខណៈ​ពេល​គេ​កំពុង​គេង​ និង​សាក​ថ្ម​ចោល ។
​បុរស​ឈ្មោះ Wang Kailin ​​ម្ចាស់​ទូរស័ព្ទ iPhone 4 ​​​​ដែល​ត្រូវ​បាន​ផ្ទុះ​ក្លាយ​ជា​ភ្លើង​បាន​រៀប​រាប់​​ថា ​គាត់​បាន​​​ទុក​ទូរស័ព្ទ iPhone 4 របស់​គាត់​ទៅ​ក្នុង​ខ្នើយ​​​មួយ​អស់​​រយៈ​ពេល​ពីរ​យប់ បន្ទាប់​​មក​គាត់​បាន​ដក​​វា​ចេញ​ហើយ​ទុក​ចោល​​​ជា​ច្រើន​ម៉ោង​ក្រោយ​មក​​​ ទូរស័ព្ទ​នោះ​មិន​បាន​បញ្ចេញ​សញ្ញាណ​អ្វី​ដែល​​មិន​ប្រក្រតី​នោះ​​ទេ តែ​វា​ក៏​ត្រូវ​បាន​ផ្ទុះ​ក្លាយ​ជា​ភ្លើង​តូច​ដែល​អាច​ដុត​​គ្រែ​គាត់​ឲ្យ​ឆេះ​បាន ​សំណាង​ល្អ​គាត់​​បាន​ឭ​​​សំឡេង​ផ្ទុះ​នោះ ហើយ​ប្រ​សិន​ជា​គាត់​ត្រូវ​បាន​គេង​លក់​យ៉ាង​ស្កប់​ស្គាល់​​នៅ​ក្នុង​ពេល​នោះ​វិញ​ ​ម្ល៉េះ​​​គាត់​នឹង​ត្រូវ​បាត់​បង់​យ៉ាង​ធំ ។
យោង​ទៅ​តាម​ប្រភព​​​ ‘Yangzi Evening News’ ​ដែល​ជា​អ្នក​ជំនាញ​ប្រឹក្សា​យោបល់​បាន​​ឲ្យ​ដឹង​ថា ​​ករណី​ផ្ទុះ​ទូរស័ព្ទ​ខាង​លើ គឺ​អាច​បណ្ដាល​មក​ពី​ថ្ម​របស់​ទូរស័ព្ទ ។ ​ប៉ុន្តែ​មិន​មាន​​អ្វី​ដែល​អាច​បញ្ជាក់​ឲ្យ​ច្បាស់​នោះ​ទេ​ ទៅ​នឹង​បញ្ហា​បច្ចេកទេស​ផលិត ឬ ​អាច​បណ្ដាល​ពី​ការ​​​ត្រូវ​ទឹក ។ ​សូម​បញ្ជាក់​ថា iPhone គឺ​មិន​ចេះ​តែ​​ផ្ទុះ​ដោយ​ងាយៗ​​​នៅ​គ្រប់​ទី​កន្លែង​នោះ​ទេ ​ដូច្នេះ​វា​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដែល​​បាន​កើត​ឡើង​ចំពោះ​ទូរស័ព្ទ​​លោក Wang ​ជា​ជាង​​បញ្ហា​​នៃ​​បច្ចេកទេស​ផលិត​របស់​ក្រុមហ៊ុន Apple ។
​តាម​រយៈ​នេះ​ផង​ដែរ ​ប្រភព Techinasia បាន​​រំលឹក​​ថា ​​ប្រសិន​បើ​​ការ​ផ្ទុះ​នោះ​បណ្ដាល​មក​ពី​​ថ្ម​ទូរស័ព្ទ​គឺ ​វា​ពិត​ជា​កម្រ​ណាស់​​ ​ប៉ុន្តែ​វា​ក៏​ជា​ហេតុផល​មួយ​យ៉ាង​ល្អ​ផង​ដែរ​ សម្រាប់​យើង​​ដែល​​​​ត្រូវ​ការ​គេង​ជា​មួយ​​នឹង​ទូរស័ព្ទ ។ ​ ​ជា​ការ​គាប់​យើង​ត្រូវ​ទុក​ទូរស័ព្ទ​​​ឲ្យ​នៅ​កន្លែង​ណា​មួយ​ដែល​មាន​សុវត្ថិភាព​​​សម្រាប់​ពេល​យប់ និង​ត្រូវ​ធ្វើ​ការ​ប្ដូរ​ថ្ម​ចេញ​​​ភ្លាម​ប្រសិន​ប្រើ​មាន​​​​ករណី​មិន​ប្រក្រតី​ណា​មួយ​ដែល​ទាក់​ទង​ទៅ​នឹង​ថ្ម​របស់​ទូរស័ព្ទ ។
​គូរ​រំលឹក​ផង​ដែរ​ថា​ នេះ​ជា​ព័ត៌មាន​ទីពីរ​ហើយ​ដែល​​យើង​បាន​ឮ​ថា ថ្ម​របស់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ត្រូវ​បាន​ផ្ទុះ ​ដែល​ព័ត៌មាន​​យើង​ទទួល​បាន​លើក​ទី​មួយ​​​​គឺ ពិតទេ​​ថា​ Nexus 7 ​ត្រូវ​បាន​​​ផ្ទុះ​ហុយ​ផ្សែង​​ខណៈ​​ពេល​កំពុង​​សាក​ថ្ម ?​​ ​ហើយ​ព័ត៌មាន​ទាំង​នោះ​គឺ​ សុទ្ធ​តែ​ត្រូវ​បាន​ចេញ​ពី​ប្រភព​ប្រទេស​ចិន​ទាំង​អស់ ៕