ស្ថាប័ន​ជា​ច្រើន​ កំពុង​រង​ការ​វាយ​ ប្រហារ​ពី Hacker ខ្មែរ​មួយ​ក្រុម

7/11/2013 0 Comments A+ a-

ថ្មីៗ​នេះ មាន​ក្រុម Hacker ខ្មែរ​មួយក្រុម ​ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា Team Jek Jean Hacker បាន​ធ្វើ​ការ​វាយ​ការ​ប្រហារ​ទៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន​ក្នុង​ស្រុក​មួយ​ចំនួន​ជា​បន្ត​បន្ទាប់ និង​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​និង​រអាក់រអួល​ដំណើរការណ៍​ការងារ​របស់​ ស្ថាប័ន​ទាំង​នោះ។

Hacker ដែល​បាន​ចូលវាយលុក​និង​បង្ហាញ​រូបភាព​បែប​នេះ
លោក អ៊ូ ផាន់ណារិទ្ធិ ប្រធាន​ក្រុម​ការងារ​ជាតិ​កម្ពុជា​ទប់ទល់​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT) នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា (NiDA) បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​​ចន្លោះ​ប្រហោង​របស់​ស្ថាប័ន​មួយ​ចំនួន ក្នុង​ការ​ចាត់​វិធានការណ៍​បង្ការ​ទុក​ជា​មុន លើ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​​របស់​ខ្លួន ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ Hacker មាន​លទ្ធភាព​អាច​ចូល​វាយ​លុក និង​លួច​ទិន្នន័យ​ប្រើប្រាស់​បាន។
លោក​ថា ស្ថាប័ន​មួយ​ចំនួន​បាន​មើល​ស្រាល ដោយ​មិន​សូវ​ខ្វល់​ថា​ប្រព័ន្ធ​សុវត្ថិភាព​សំខាន់​យ៉ាង​ណានោះ​ទេ។ ជាក់ស្ដែង​ដូចជា ពេល​នេះ​ដែល​ Hacker អាច​ចូល​អុកឡុក​​ និង​លួច​ទិន្នន័យ​បាន​យ៉ាង​ងាយ​បែប​នេះ។
លោក អ៊ូ សុផាន់ណារិទ្ធិ​បាន​បន្ត​ទៀត​ថា ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុម​ខិលខូច​មួយ​ចំនួន ឆ្លៀត​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ការ​កេង​ចំណេញ​ និង​​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​សង្គម។
ការ​រស់នៅ​របស់​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ពឹង​អាស្រ័យ​លើ​បច្ចេកវិទ្យា​កាន់​តែ​ច្រើន ជាក់ស្តែង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក៏​កំពុង​លូតលាស់​និង​មានការ​ ប្រើប្រាស់​កាន់​តែ​​ទូលំទូលាយ។
លោក​បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់​ជន​ដែល​ចូល​លួច​ទិន្នន័យ​ដោយ​ខុស​ច្បាប់​ទាំង​នេះ នឹង​អាច​ទទួល​ទោស​ព្រហ្មទណ្ឌ បើ​សិន​ជា​រក​ឃើញ​និង​ត្រូវ​បាន​ចាប់​ខ្លួន​នោះ។
បន្ថែម​ពី​នេះ លោក​ក៏​សំណូម​ពរ​ដល់​សាលា​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកវិទ្យា​ទាំង​ឡាយ ត្រូវ​ពង្រឹង​ការ​សិក្សា​លើ​ផ្នែក​សុវត្ថិភាព​ដល់​សិស្ស​និស្សិត​ ជាពិសេស​បណ្តុះ​ក្រម​សីលធម៌ដល់​​ពួកគេ​ឲ្យ​ប្រើប្រាស់​ចំណេះដឹង​ដែល​បាន​ សិក្សា​ទៅ​ប្រើ​ឲ្យ​ចំ​ទិស​ដៅ និង​មាន​ប្រយោជន៍ដល់​សង្គម​។via: sabay