ស្គាល់គ្នាតាម ទូរស័ព្ទនាំទៅ រួមមេត្រីនៅ ផ្ទះសំណាក់ក្លាយ ជាអ្នកទោស រំលោភក្មេង ស្រីអនីតិជន
ភ្នំពេញ ៖ យុវជនម្នាក់បានក្លាយជាអ្នកទោសស្នេហាបន្ទាប់ពីទំនាក់ទំនងគ្នាជាមួយក្មេងស្រី អនីតិជនតាមរយៈទូរស័ព្ទហើយនាំគ្នាទៅរួមមេត្រីនៅផ្ទះសំណាក់ច្រើនថ្ងៃត្រូវម្តាយក្មេងស្រីរងគ្រោះចាប់ប្រគល់ ឱ្យសមត្ថកិច្ចនគរបាលចាតើការតាមច្បាប់។
ការឃាត់ខ្លួនយុវជនជាអ្នកទោសស្នេហានេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ កក្កដាឆ្នាំ២០១៣ នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ដោយចោទប្រកាន់យុវជនរូបនេះថាបានរំលោភសេពសន្ថវៈអនីតិជនបានសម្រេចច្រើនដង ។
មន្រី្តនគរបាលប៉ុស្តិ៍កាកាបបានឲ្យដឹងថាយុវជនជាប់ចោទរូបនេះឈ្មោះស៊ុន ស៊ីម អាយុ២០ឆ្នាំ មុខរបរដើរលក់កាសែតមានទីលំនៅផ្ទះជួលភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ល.ដ អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលឃាត់យុវជនខាងលើនេះគឺយុវជនរូបនេះបានស្គាល់ក្មេងស្រីរងគ្រោះតាមទូរស័ព្ទនិងតែងទូរស័ព្ទជួបគ្នាជាញឹកញាប់។ លុះមកដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៣ ពួកគេទាំងពីរនាក់បានណាត់ជួបគ្នាដើរលេងរួចសាងស្នេហ៍យ៉ាងផ្អែមត្រជាក់រហូតក្បត់ប្រពៃណីនាំគ្នាទៅរួមមេត្រីក្នុងផ្ទះសំណាក់បានសម្រេចម្តងជាពីរដងទៀតផង។បន្ទាប់មកខាងប្រុសបានសន្យាថានឹងឱ្យឪពុកម្តាយចូលស្តីដណ្តឹងនាងធ្វើជាប្រពន្ធពេញច្បាប់ ប៉ុន្តែ ក្រោយមកខាងស្រីចាំបាត់ៗមិនឃើញចូលស្តីដណ្តឹងតាមការសន្យាធ្វើឲ្យបែកការណ៍ដឹងដល់ម្តាយក្មេងស្រីរងគ្រោះក៏នាំគ្នាទៅប្តឹងឲ្យនគរបាលឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តងទៅ ។
នៅចំពោះមុខសមត្តកិច្ចនគរបាលប៉ុស្តិ៍កាកាប អ្នកទោសស្នេហារូបនេះសារភាពថារូបគេពិតជាបានរួមភេទជាមួយក្មេងស្រីអនីតិជនខាងលើប្រាកដមែន និងចង់រៀបការជាមួយគ្នាស្របច្បាប់ដែរប៉ុន្តែពេលនេះគ្មានលុយទើបសុខចិត្តជាប់គុកតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យរូបនេះកំពុងត្រូវបាននគរបាលប៉ុស្តិ៍កកាបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕
_____________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត