កម្ពុជា៖ ស្ថាប័ន​ចំនួន​៤ មាន​អំពើ​ពុក​រលួយ​«ខ្លាំង​ជាង​គេ»

7/11/2013 0 Comments A+ a-

ក្នុងឆ្នាំ២០១៣នេះ នៅកម្ពុជាមានស្ថាប័នចំនួនបួន ដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរជាងគេ។ អំពើពុករលួយនៅ​ស្ថាប័នទាំងបួននេះ បាននឹងកំពុងរារាំងប្រជាពលរដ្ឋកម្ពុជា ពីការទទួលបានយុត្តិធម៌ និងសេវាសាធារណៈ​សម​ស្រប។

ពិធីធ្វើសន្និសិទ្ធសារពត៌មាន របស់អង្គការតម្លាភាពអន្តរជាតិ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ (រូបថត MONOROOM.info/ U.Bory)
យោងតាមរបាយការណ៍សម្រាប់វាស់វែងអំពើពុករលួយជាសកល របស់អង្គការតម្លាភាពអន្តរជាតិប្រចាំ ឆ្នាំ២០១៣ ដែល​ចេញផ្សាយ ក្នុងពិធីធ្វើសន្និសិតសារពត៌មាន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាព្រឹកនេះបាន បង្ហាញថា ស្ថាប័នប៉ូលីស ស្ថាប័ន​តុលាការ មន្រ្តីសាធារណៈ និងគណបក្សនយោបាយ កំពុងប្រឈមនឹងបញ្ហាអំពើពុករលួយធ្ងន់ធ្ងរជាងគេ។ លទ្ធផលនេះ គឺផ្អែកលើការស្ទាបស្ទង់មតិប្រជាពល រដ្ឋកម្ពុជា អំពីបញ្ហាអំពើពុករលួយ។
លោក ព្រាប កុល ជាប្រធានអង្គការតម្លាភាពកម្ពុជាបានថ្លែងនៅក្នុងពិធីនោះថា របាយការណ៍នេះ មានលក្ខណៈ​វិទ្យាសាស្រ្ត ដែលទទួលបានមកពីការសិក្សាស្រាវជ្រាវរបស់ស្ថាប័នឯករាជ្យ មានឯកទេសក្នុងការស្រាវជ្រាវអំពើពុករលួយ ឈ្នោះ អ៊ីនឌូឆៃណារីស៊ើច(Indo China Research)។
ចំពោះស្ថាប័នទាំងបួនដែលមានករណីអំពើពុករលួយខ្លាំងក្លាជាងគេនេះ លោក ព្រាប កុល បញ្ជាក់ថា៖ «ស្ថាប័ន​ទាំង​បួននេះ មានតួនាទីសំខាន់ណាស់ ពីព្រោះវាបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ដូច្នេះការប្រព្រឹត្តអំពើពុករលួយ និង​ការរំលោភអំណាចរបស់ស្ថាប័នទាំងនេះ វានឹងធ្វើឲ្យប្រជា ពលរដ្ឋខាតប្រយោជន៍ច្រើន។ លើសពីនេះទៅទៀត វាធ្វើឲ្យ​ប្រជាពលរដ្ឋ ក្លាយទៅជាជន រងគ្រោះពីស្ថាប័ននេះទៅវិញ។» លោកបន្ថែមថា អំពើពុករលួយបានកើតមានឡើង នៅក្នុង​វិស័យដ៏ទៃទៀតជាច្រើន ដូចជាក្នុងវិស័យសុខាភិបាល អប់រំ តែស្ថាប័នទាំងបួនខាងលើនេះ មានភាពធ្ងន់ធ្ងរ​ជាងគេ។
ជាការឆ្លើយតបទៅនឹងការចេញផ្សាយរបាយការណ៍នេះ លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា​ បាន​ប្រតិកម្មតបថា៖ «អ្វីដែលពួកគេចេញផ្សាយនេះ គឺជានិន្នាការរបស់អង្គការមួយ និងជាការទាក់ទាញ​ឲ្យគេចាប់​អារម្មណ៍​មកលើអង្គការរបស់ខ្លួនតែប៉ុន្នោះ»។ លោកបន្តថា អ្វីដែលពួកគេលើកឡើង គឺជាកិច្ចការដែលរដ្ឋាភិបាលកំពុងតែធ្វើ និង​កំពុងពង្រឹងប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
បើទោះជាអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានបង្កើតច្រើនឆ្នាំហើយក្តី និងបានអនុវត្តដោយចាប់ជន ល្មើស​ បញ្ជូនទៅ​កាន់តុលាការជាបន្តបន្ទាប់នោះក៏ដោយ ក៏រដ្ឋាភិបាលនៅតែទទួលរងនូវការរិះគន់ដដែល ពីសំណាក់​ប្រជា​ពលរដ្ឋ អង្គការ​សង្គមស៊ីវិល បក្សប្រឆាំងនិងម្ចាស់ជំនួយ។ ពួកគេលើកឡើងថា ការប្រឆាំងអំពើពុករលួយដោយស្ថាប័នរបស់រដ្ឋាភិបាល គ្មានប្រសិទ្ធិភាព ខណៈដែលសមាជិក​រដ្ឋាភិបាល មន្រ្តីមានតំណែង​ខ្ពស់ៗ ក្នុងជួររាជការ មានប្រាក់បៀវត្យចន្លោះ តែពី​មួយលានទៅពីរ លានរៀលប៉ុណ្ណោះ ប៉ុន្តែពួកគេមិនមានការស្ទាក់ស្ទើរ ក្នុងការសម្ញែងរថយន្តទំនើបៗ និងផ្ទះវីឡាតម្លៃ​រាប់សិបម៉ឺនដុល្លារនោះទេ។
កញ្ញា ហេង រចនា ជាសិស្សវិទ្យាល័យច្បារអំពៅ ដែលបានចូលរួមក្នុងពិធីនេះ ​បានលើកឡើងថា៖ «ប្រសិនបើ​គ្មានអំពើ​ពុករលួយ សង្គមជាតិនឹងមានការអភិវឌ្ឍន៍បានលឿនជាងនេះ និងទទួលបាន នូវភាពយុត្តិធម៌»។ កញ្ញាបន្ថែមថា បើចង់​លុបបំបាត់អំពើពុករលួយ គឺត្រូវចាប់បផ្តើមពី ខ្លួនយើង និងអ្នកនៅជុំវិញយើង។
លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលអង្គការតម្លាភាពកម្ពុជា បានមានប្រសាន៍ថា៖ «យើងទទូចសូមឲ្យ​រដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដោះស្រាយអំពើពុករលួយនៅក្នុង​ស្ថាប័នទាំងបួន ដែលបានបង្ហាញខាងលើដើម្បី ពង្រឹងការទទួលបានយុត្តិធម៌ និងសេវាសាធារណៈសមស្រប​របស់​ប្រជាពលរដ្ឋកម្ពុជា ដោយមិន ចាំបាច់មានការសូកប៉ាន់»។
បញ្ហាអំពើពុករលួយ ត្រូវបានគេមើលឃើញថា ជាបញ្ហារសើបនៅក្នុងសង្គមកម្ពុជា ជាពិសេសនៅក្នុង សេវាសាធារណៈ​របស់រដ្ឋ។ អំពើពុករលួយនេះ ក៏ជាប្រធានបទយ៉ាងរស់រវើកផងដែរ ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត ដើម្បីទាក់ទាញ​អ្នកគាំទ្ររបស់គណបក្សប្រឆាំង៕via:monorom