បាត់​កូន​ វិទ្យុ​មួយ​ចាប់​ ចង​វាយ​ ដល់​សន្លប់

7/11/2013 0 Comments A+ a-

កោះកុងៈ ស្រ្តី​ម្នាក់​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ករណី​ដែល​ប្អូន​ប្រុស និង​ម្តាយ​របស់​ខ្លួន បាន​រួម​គំនិត​គ្នា ចាប់​កូន​ប្រុស​ចិញ្ចឹម​អាយុ​១៤ ឆ្នាំ​របស់​ខ្លួន​ចង​ស្លាប​សេក ហើយ​វាយ​ដំ​ធ្វើ​ទារុណកម្ម​រហូត​ដល់​សន្លប់ ដោយ​សារ​តែ​បាត់​កូន​វិទ្យុ​មួយ ដែល​មាន​តម្លៃ​៦ម៉ឺន​រៀល។
អ្នក​ស្រី មុំ មុត អាយុ ៤៩ ឆ្នាំ ដែល​ជា​ម្តាយ​ចិញ្ចឹម​របស់​កុមារា ឈួន សំណាង អាយុ ១៤ ឆ្នាំ រៀន​ថ្នាក់​ទី៤ ដែល​ត្រូវ​យាយ​ចិញ្ចឹម​បញ្ជា​ឲ្យ​កូន​ប្រសា​ប្រុស វាយ​ឲ្យ​របួស​ពេញ​រាងកាយ​នោះ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២៤ ខែ ឧសភា ម្តាយ​បង្កើត​របស់​អ្នក​ស្រី បាន​បាត់​កូន​វិទ្យុ​មួយ ដែល​មាន​តម្លៃ​៦ម៉ឺន​រៀល ហើយ​បាន​ចោទ​មក​លើ​កូន​អ្នក​ស្រី​ថា ជា​អ្នក​លួច​បើ​ទោះ​បី​ជា​កូន​អ្នក​ស្រី​បាន​ប្រកែក​យ៉ាង​ណា​ក៏​ដោយ​។
អ្នក​ស្រី​បាន​ថ្លែង​ថា​៖​«កូន​ប្រុស​ខ្ញុំ​បាន​ទៅ​រៀន​នៅ​ពេល​ថ្ងៃ​ស្រាប់​តែ ប៊ូ នី ដែល​ត្រូវ​ជា​ឪពុក​មា បាន​ទៅ​សាលា ដោយ​និយាយ​កុហក​គ្រូ​ថា ខ្ញុំ​ឈឺ​ហើយ​ដួល​សន្លប់ ត្រូវ​ការ​ឲ្យ​កូន​ខ្ញុំ​មក​ជួយ​មើល បើ​ទោះ​បី​ជា​គ្រូ​ប្រាប់​ថា​ឲ្យ​កូន​ខ្ញុំ​ធ្វើ​លំហាត់​ប្រឡង​ឆមាស​ឲ្យ​ចប់​សិន​ក៏​ដោយ ក៏​គេ​ពុំ​ព្រម​ដែរ​គឺ​បាន​ចាប់​ដៃ​កូន​ខ្ញុំ​ចេញ​ពី​សាលា​ហើយ​ដឹក​យក​ទៅ​វាយ​នៅ​កណ្តាល​ព្រៃ​តែ​ម្តង​»។​
អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើត​ហេតុ​នោះ​គឺ​នៅ​វេលា​ម៉ោង ៣ និង ៣០ នាទី ប៊ូ នី បាន​យក​កូន​របស់​អ្នក​ស្រី​ចេញ​ពី​សាលា​យក​ទៅ​វាយ​នៅ​ក្នុង​ព្រៃ​ដោយ​ចង​ដៃ​ស្លាប​សេក​ទៅ​ក្រោយ ហើយ​ក៏​បាន​យក​ដែក​ព្យួរ​ខោអាវ ទៅ​វាយ​កូន​របស់​អ្នក​ស្រី​រហូត​ដល់​គេ​ដួល​សន្លប់​។
អ្នក ស្រី​និយាយ​ថា ៖ «នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ទូរស័ព្ទ​ពី​អ្នក​ជិត​ខាង​ថា កូន​ខ្ញុំ​ត្រូវ​គេ​ចង​វាយ ខ្ញុំ​ខំ​រត់​ទៅ ក៏​ឃើញ​គេ​ដេក​ចង​ស្លាប​សេក​ហើយ​ឈាម​ពេញ​ខ្លួន​ខ្ញុំ​ស្ទើរ​តែ​ដួល​សន្លប់ ពី​ព្រោះ​អាណិត​កូន​។ កូន​ខ្ញុំ​នេះ ខ្ញុំ​រើស​យក​មក​ចិញ្ចឹម តាំង​តែ​ពី​មាន​អាយុ ៣ ខែ បន្ទាប់​ពី​ឪពុក​ម្តាយ​គេ​បាន​បោះបង់​ចោល»។
អ្នក​ស្រី​បន្ត​ថា បន្ទាប់​ពី​ថ្ងៃ​កើត​ហេតុ​មក អ្នក​ស្រី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​ឃុំ ស្រុក​រួច​ហើយ ហើយ​អស់​រយៈ​ពេល ៧ សប្តាហ៍​មក​ហើយ​នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​រី​ឯ​ជន​ប្រព្រឹត្ត ក៏​បាន​រត់​គេច​ខ្លួន។
អ្នក​ស្រី​បន្ត​ថា​៖ «ប៉ូលិស​ហៅ​ម្តាយ​ខ្ញុំ និង​ខ្ញុំ ទៅ​សម្រួល​គ្នា ដោយ​ឲ្យ​ដក​ពាក្យ​បណ្តឹង​វិញ គាត់​បង់​លុយ​ព្យាបាល ១លាន​រៀល​តែ​ខ្ញុំ​បដិសេធ​។ ខ្ញុំ​មិន​គិត​ថា ម្តាយ ឬ​ក៏​អ្វី​នោះ​ទេ គឺ​ខ្ញុំ​ចង់​រក​យុត្តិធម៌​ឲ្យ​កូន​របស់​ខ្ញុំ»។
លោក គឹម សានី អធិការ​នគរបាល​ស្រុក​មណ្ឌលសីមា បាន​ឲ្យ​ដឹង​ថា ពាក្យ​បណ្តឹង​នោះ លោក​បាន​បញ្ជូន​បន្ត​ទៅ​តុលាការ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី៨ ខែ​កក្កដា​។
លោក​និយាយ​ថា​៖​«យើង​បាន​ស៊ើប​អង្កេត​រួច​រាល់​អស់​ហើយ​ដូច្នេះ​នៅ​ពេល​ណា ដែល​មាន​ដីការ​ចាប់​ខ្លួន​ពី​តុលាការ យើង​នឹង​ស្វែង​រក​ចាប់​ខ្លួន​ជន​ល្មើស»។
លោក ឈិន ឡុង ក្រឡា​បញ្ជី​តុលាការ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​ទើប​តែ​បញ្ជូន​ចូល​មក​ដល់​តុលាការ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ទើប​បញ្ជូន​រឿង​នេះ​ទៅ​ព្រះ​រាជអាជ្ញា។
លោក នាង បូរាទីណូ មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា រឿង​នេះ​គឺ​ជា​រឿង​តូច​តាច​មួយ​ដោយ​គ្រាន់​តែ​បាត់​វិទ្យុ ហើយ​ចោទ​កុមារា​រងគ្រោះ​ថា ជា​អ្នក​លួច​ហើយ​ត្រូវ​ចាប់​ចង​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​។
លោក​បន្ត​ថា​៖«អាជ្ញាធរ គួរ​តែ​ពន្លឿន​នីតិវិធី ដើម្បី​ស្វែង​រក​ចាប់​ជន​ល្មើស​មក​ផ្តន្ទាទោស​ឲ្យ​ទាន់​ពេល​វេលា​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​រងគ្រោះ»។
កាល​ពី​ឆ្នាំ ២០០៩ មាន​ករណី​គ្រួសារ​គ្រូ​បង្រៀន​មួយ​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ទិញ​កូន​គេ​ម្នាក់​មក​ចិញ្ចឹម​ធ្វើ​ជា​កូន​ធម៌ ហើយ​បាន​ធ្វើ​ទារុណកម្ម​ក្មេង​ស្រី​រូប​នោះ ចាប់​តាំង​ពី​នាង​មាន​អាយុ​៨ ឆ្នាំ​រហូត​ដល់​នាង​មាន​អាយុ ១១ ឆ្នាំ។ ក្នុង​ករណី​នេះ​ស្ត្រី​ដែល​ជា​ជន​ដៃ​ដល់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៥ ឆ្នាំ ចំណែក​ឯ​បុរស​ជា​ប្តី​ជាប់​គុក ៥ឆ្នាំ។ រីឯ​ស្ត្រី​ដែល​បាន​លក់​កូន​នេះ ឲ្យ​គ្រួសារ​គ្រូ​បង្រៀន​នោះ​ក៏​ជាប់​គុក ៥ ឆ្នាំ​ផង​ដែរ៕
130710_01
កុមារា​​ ឈួន សំណាង​ អាយុ១៤​ឆ្នាំ​ដែល​ត្រូវ​បាន​ឪពុកមា​វាយ​ចេញ​ឈាម​ពេញ​ខ្នង​រហូត​​សន្លប់ដោយ​សារ​តែ​បាត់​កូនវិទ្យុមួយ​។ សហ​ការី

ប្រភព៖ postkhmer