រូងដីចូលក្នុងផ្ទះ វាយប្លន់យកទ្រព្យ សម្បត្តិមិនបាន សម្រេចត្រូវនគរបាល ស្រុកកោះធំចាប់ខ្លួន
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅពូន ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យខាងលើបានធ្វើសកម្មភាពរូងដីចូលតាមក្រោមជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើសកម្មភាពវាយម្ចាស់ផ្ទះ ក្នុងគៅលបំណងប្លន់យកព្រទ្យសម្បត្តិមិនបានសម្រេច គ្រាដែលជនសង្ស័យវាយម្ចាស់ផ្ទះឲ្យរងរបួសស្រាល ហើយត្រូវបានម្ចាស់ផ្ទះក្រោកពីដំណេកទាន់ក៍ស្រែកឆោឡោឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ចំណុចក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។ ជនសង្ស័យក្រោយពីមានការភ្ញាក់ផ្អើលបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ពុំបានយកទ្រព្យសម្បត្តិជនរងគ្រោះទៅជាមួយនោះទេ តែបើទោះបីជាបែបណាជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេល៤ម៉ោងប៉ណ្ណោះ ។ មន្ត្រីនគរបាលយុត្តិធម៌ស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ យ៉ាន់ រស់ ហៅហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំដើម្បីប្រកបមុខរបរជាកម្មករលីសែង ។ ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធដែលត្រូវបានជនសង្ស័យវាយនិងបំពងទីប បណ្តាលឲ្យរងរបួសស្រាលនោះមានឈ្មោះ យ៉ុង សារុន អាយុ២៩ឆ្នាំ មុខរបរជាជាងផ្សារដែក និងប្រពន្ធមានឈ្មោះ ទូច ស្រីលក្ខណ៍ មុខរបរជាមេផ្ទះ ជនរងគ្រោះទាំង២នាក់មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលកើតហេតុរូបគេទាំង២នាក់ប្តី ប្រពន្ធបានដេកលង់លក់នៅក្នុងផ្ទះរបស់ខ្លួនជាធម្មតា ដោយពុំបានឮសំឡេងអ្វីទេ ។លុះដល់វេលាម៉ោងប្រមាណ១២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ស្រាប់តែមានបុរសម្នាក់ស្រដៀងមុខ បានចូលមកវាយពួកខ្លួនទាំង២នាក់ប្តីប្រពន្ធនិងដែកបំពង់ទី បណ្តាលឲ្យរងរបួសស្រាល ។ ជនរងគ្រោះបានបន្តថា នៅគ្រានោះពួកខ្លួនទាំង២នាក់ ក៍បានស្រែកឆោឡោឡើង ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួនចេញតាមរូងដីក្រោមជញ្ជាំងផ្ទះបាត់តែម្តង ។ ជនរងគ្រោះបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍កើតឡើង ក៍បានរាយការណ៍ប្តឹងទៅសមត្ថកិច្ចនករបាលមូលដ្ឋាន ដើម្បីឲ្យជួយធ្វើអន្តរាគមន៏ ។ លោក មុយ ចាន់ពេជ្រ អធិការនគរបាលស្រុកកោះធំ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះភ្លាមៗ លោកបានបញ្ជាឲ្យកម្លាំងជំនាញសហការជាមួយនគរបាលមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវតាមការបំភ្លឺពីជនរងគ្រោះ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យឈ្មោះ យ៉ាន់ រស់ ហៅហាក់ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចូលប្លន់ទៅលើជនរងគ្រោះប្រាកដមែន តែមិនបានសម្រេច គ្រាដែលម្ចាស់ផ្ទះភ្ញាក់ពីដំណេកទាន់ ។ ជនសង្ស័យបានបញ្ជាក់ពីសកម្មភាពថា នៅវេលាម៉ោង ០០និង៣០នាទីរំលោងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ រូបគេបានយកកាំបិតទៅធ្វើសកម្មភាពជីកដី ដើម្បីរូងចូលទៅក្នុងផ្ទះជនរងគ្រោះតាមក្រោមជញ្ជាំងផ្ទះ រហូតដល់វេលាម៉ោងប្រមាណ៤ទៀបភ្លឺ រូបគេបានចូលទៅក្នុងផ្ទះជនរងគ្រោះបានសម្រេច ។ ជនសង្ស័យបានបន្តថា ក្រោយមករូបគេបានយកដែកបំពង់ទីបដែលនៅក្នុងផ្ទះជនរងគ្រោះទៅធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលកំពុងដេកនៅលើគ្រែ បណ្តាលឲ្យរងរបួសស្រាល ខណៈនោះជនរងគ្រោះទាំង២នាក់ក៍បានភ្ញាក់ពីដំណេកស្រែកឆោឡោឡើង ទើបរូបគេរត់គេចខ្លួនចេញពីក្នុងផ្ទះបាត់ ដោយពុំយកបានទ្រព្យសមប្បត្តិពិក្នុងផ្ទះជនរងគ្រោះទេ ។ ក្រោយមករូបគេនឹកស្មានថា ម្ចាស់ផ្ទះមិនស្គាល់មុខរបស់ គេក៍បាននៅផ្ទះជួលធ្វើជាធម្មតាដូចអត់មានរឿងអ្វីកើតឡើង ស្រាប់តែដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែកក្កដា ក៍មានសមត្ថកិច្ចមកចាប់ខ្លួនរូបគេតែម្តង ។ លោក មុយ ចាន់ពេជ្រ បានបញ្ជាក់ថា ករណីនេះលោកបានបញ្ជាឲ្យសមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
_____________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត