សុគន្ធ និសា បោះបង់​អ្នកក្រៅ​ ស្រវា​អ្នកក្នុង​ស្រុក​វិញ

7/24/2013 0 Comments A+ a-

ភ្នំពេញៈ បើ​គិត​តាំងពី​អំឡុង​ពេល​បែកបាក់​ស្នេហ៍​ជាមួយ​នឹង​ប្រុស​បណ្តូល​ស្នេហា​ជា​កវី និង​អ្នក​ដឹកនាំ​ការ​សម្តែង​ល្បី​ឈ្មោះ​លោក សុខ ជំនោរ​មក​នាង សុគន្ធ និសា បាន​ចំណាយ​ពេល​ជាច្រើន​ដើម្បី​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ក្នុង​បំណង​ដើម្បី​ស្រាយ​ភាព​តានតឹង​នៅក្នុង​អារម្មណ៍​វិលវល់​នៃ​ចំណង​ស្នេហ៍​ជិត​១០​ឆ្នាំ​ត្រូវ​បែកបាក់​។ ការ​បន្ធូរ​ដៃ​នៅ​ក្រៅ​ស្រុក ដើម្បី​គេច​មុខ​ប្រុសស្នេហ៍​នេះ សុគន្ធ និសា បាន​ធ្លាក់​ប្រជាប្រិយ​យ៉ាង​គំហុក​នៅ​ក្នុង​ស្រុក​។​ដោយសារ​មូលហេតុ​នេះ ទើប​នាង​បញ្ជាក់​នៅ​ពេល​នេះ​ថា នាង​នឹង​ផ្អាក​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ឆ្នាំ និង​ចាប់ផ្តើម​លេង​ស្ទីល​សាហាវ​ៗ​ដើម្បី​ស្តារ​មុខមាត់​ឡើង​វិញ​។
តារាចម្រៀង​ដែល​មាន​ត្រេ​មុខ​ស្រគត់ស្រគំ​សុភាពរាបសា​នាង សុគន្ធ និសា បាន​ជះ​ប្រាក់​ទាំង​ដុំ​ទិញ​ផ្ទះ​ល្វែង​មួយ​ជុង តម្លៃ​៦​ម៉ឺន​ដុល្លារ​ដោយ​បង់​ផ្តាច់ ហើយ​នាង​ទើប​តែ​បើក​ហាង​២​កន្លែង​បន្ថែម​ទៀត បន្ថែម​លើ​ហាង​មួយ​កន្លែង​នៅ​ជិត​ផ្សារ​បឹងត្របែក​ដែល​មាន​ស្រាប់​ហើយ​នាង​បាន​ទិញ​រថយន្ត​ម៉ាក​កាម៉ារីបាឡែន​មួយ​គ្រឿង​បន្ថែម​ទៀត​លើ​រថយន្ត​ម៉ាក ឡិចស៊ីស​៣០០​ដែល​នាង​មាន​ដើម្បី​ជិះ​ផ្លាស់ប្តូរ​គ្នា។
ការ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​នេះ ត្រូវ​បាន​មហាជន​សង្ស័យ​ថា តារាចម្រៀង​មាន​មន្ត​ស្នេហ៍​រូប​នេះ​ទំនង​ជា​លោត​ឆត្រ​ទទួល​យក​ការ​លួងលោម​ស្នេហ៍​ពី​បុរស​មាន​ទ្រព្យ​ណា​ម្នាក់​មិន​ខាន តែ​សុគន្ធ និសា បាន​បញ្ជាក់​ថា រូបនាង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ទម្រាំ​តែ​ទទួល​បាន​ប្រាក់​ទាំងនោះ ពោល​គឺ​នាង​មិន​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​បុរស​ណា​ម្នាក់​ឡើយ​។
និសា​ធ្លាប់​ប្រាប់​ថា​៖​«ខ្ញុំ​ដឹង​ថា មាន​គេ​និយាយ​ច្រើន​ពី​បញ្ហា​ហ្នឹង​។ ខ្ញុំ​ចង់​បញ្ជាក់​ថា រាល់​ថ្ងៃ​ខ្ញុំ​ប្រឹង​ធ្វើការ ទៅ​ច្រៀង​នៅ​បរទេស ទៅ​មក​ៗ សន្សំ​បាន លុយ​ម្តង​បន្តិច​ៗ ទើប​អាច​សម្រេច​បំណង​នេះ​បាន ហើយ​រឿង​មាន​គេ​ជួយ​ឧបត្ថម្ភ ទិញ​ផ្ទះ បើក​ហាង​អី គឺ​គ្មាន​ទេ​»។
ជា​ការ​ពិត​គេ​សង្កេត​ឃើញ​ថា នៅក្នុង​អំឡុង​ពេល​នៃ​ការ​បែកបាក់​ស្នេហ៍​ជាមួយ​នឹង​លោក សុខ ជំនោរ នោះ សុគន្ធ និសា បាន​វេចបង្វេច​ដើរ​ច្រៀង​លក់​សំឡេង​នៅ​ដែន​ទ្វីប​អឺរ៉ុប និង​អាមេរិក​ជាច្រើន​លើក​ស្ទើរ​គ្មាន​ពេល​ជាន់​ដី​ស្រុក​ខ្មែរ​ទេ​។ នោះ​មាន​ផលប្រយោជន៍​ពីរ​សម្រាប់​សុគន្ធ និសា ទី​១​គឺ​នាង​អាច​ដកឃ្លា​សាយ​ចិត្ត​ពី​ទុក្ខ​បែកបាក់​ស្នេហ៍​របស់​នាង​ជាមួយ​នឹង​លោក សុខ ជំនោរ និង​ទី​២ គឺ​នាង​អាច​ច្បាម​ពេល​រក​ប្រាក់​បាន​កាន់​តែ​ច្រើន​។ តែ​យ៉ាង​ណា​ការ​ដើរ​ហើរ​ក្រៅ​ប្រទេស​នេះ សុគន្ធ និសា ក៏​បាន​រង​ហានិភ័យ​នៅ​ពេល​នេះ​ផង​ដែរ ដោយសារ​តែ​ប្រជាប្រិយភាព​របស់​នាង​នា​រយៈពេល​នេះ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​។ ដោយសារ​តែ​មូលហេតុ​នេះ ទើប​សុគន្ធ និសា បាន​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​នៅ​ពេល​នេះ​ថា នាង​នឹង​ផ្អាក​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​ដើម្បី​ពង្រឹង​ការងារ​នៅ​ក្នុង​ស្រុក​ឡើង​វិញ​។
តារាចម្រៀង​ដែល​អះអាង​ថា បេះដូង​នៅ​តែ​ស្អាតស្អំ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​ថា​៖​«​ខ្ញុំ​ទៅ​អាមេរិក បារាំង អូស្ត្រាលី កាណាដា អស់​ហើយ ពេល​នេះ​ខ្ញុំ​សម្រេច​ចិត្ត​លែង​ចេញ​ទៅ​ក្រៅ​ស្រុក​២-៣​ឆ្នាំ​សិន ដោយសារ​តែ​ចង់​ពង្រឹង​ការងារ​នៅ​ក្នុង​ស្រុក​សិន ព្រោះ​តែ​ប៉ុន្មាន​ឆ្នាំ​នេះ ខ្ញុំ​បាន​ចេញ​ទៅ​ក្រៅ​រហូត​ពេក​»។
បន្ថែម​លើ​ការ​តាំង​ចិត្ត​វាយលុក​ទីផ្សារ​ជាថ្មី​នេះ សុគន្ធ និសា ក៏​បាន​ចំណាយ​ប្រាក់​ជាច្រើន​ដើម្បី​ជួល​គ្រូជំនាញ​បង្ហាត់​ក្បាច់​រាំ​ពិសេស​ៗ​ដល់​នាង​ដែរ​។
សុគន្ធ និសា ប្រាប់​ថា​៖​«​ពេល​នេះ ខ្ញុំ​កំពុង​តែ​ចាប់ផ្តើម​ហាត់​ក្បាច់​រាំ ដោយ​ជួល​គ្រូ​រាំ​ជំនាញ​មក​។ តាម​ចិត្ត​ខ្ញុំ​ចង់​ឡើង​ឆាក​រាំ​ឲ្យ​បាន​ឆាប់​កាលណា កាន់​តែ​ល្អ តែ​យើង​ធ្វើ​ទៅ​តាម​ដំណាក់កាល​សិន ព្រោះ ដូច​ដឹង​ហើយ​ថា ការ​រាំ​ក្បាច់​សាហាវ​ៗ​អី មិនមែន​ជា និស្ស័យ​ខ្ញុំ​ទេ​»៕
130723_20a
__________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍