សង្គមស៊ីវិល សម្តែងការព្រួយ បារម្ភអំពីការ បំភិតបំភ័យ ពេលបោះឆ្នោត
អង្គការសង្គមស៊ីវិលចំនួន ៤ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយសម្តែងការព្រួយបារម្ភអំពីការបំភិតបំភ័យ និងការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងការបោះឆ្នោត។ អង្គការសង្គមស៊ីវិលទាំងនោះចង់សំដៅទៅលើការប្រកាសស្វែងរកចាប់ខ្លួនអ្នកក្លែងបន្លំឯកសារស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត។
អង្គការសង្គមស៊ីវិលទាំង៤ ដែលរួមមានអង្គការ ខុមហ្វ្រែល មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លីកាដូ និងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអះអាងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបរិយាកាសបំភិតបំភ័យនៅពេលបោះឆ្នោត។ សេចក្តីថ្លែងការណ៍របស់អង្គការទាំងនោះបានបញ្ជាក់ថា កាលពីថ្ងៃទី ១៧ កក្កដា រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយតាមចាប់អ្នកក្លែងបន្លំឯកសារស្ទង់មតិគាំទ្រគណបក្សនយោបាយរបស់ IRI ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានចាក់ផ្សាយយ៉ាងញឹកញាប់តាមរយៈកញ្ចក់ទូរទស្សន៍នោះត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះចាត់ទុកថា ជាការបំភិតបំភ័យប្រជាពលរដ្ឋ និងធ្វើឲ្យបរិយាកាសបោះឆ្នោតមានលក្ខណៈអាប់អួរ។ ជាក់ស្តែង សកម្មជននយោបាយពីរនាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន យកទៅសាកសួរមុននឹងដោះលែងឲ្យមានសេរីភាពឡើងវិញ។
បើយោងតាមអង្គការសង្គមស៊ីវិលទាំង៤ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិស្តីពីការប៉ាន់ស្មានអំពីលទ្ធផលនៃការបោះឆ្នោតទៅតាមការយល់ឃើញរបស់ខ្លួន ដែលប្រការនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ។ ម្យ៉ាងទៀត ឯកសារនោះមិនមែនជាឯកសារសាធារណៈទេ ហើយអង្គការ IRI ក៏មិនបានដាក់ពាក្យប្តឹងប្រឆាំងនឹងបុគ្គលណាម្នាក់ដែរ។
ប៉ុន្តែ រដ្ឋាភិបាលគណបក្សកាន់អំណាចបានហៅការក្លែងបន្លំឯកសារស្តីពីលទ្ធផលស្ទង់មតិនោះថាជាចេតនាអាក្រក់របស់គណបក្សនយោបាយ ដើម្បីធ្វើឲ្យមហាជនយល់ច្រឡំក្នុងន័យកេងបន្លំប្រជាប្រិយភាពពីអ្នកបោះឆ្នោត។ សេចក្ដីថ្លែងការណ៍មួយដែលចេញដោយអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៧កក្កដាបានចាត់ទុកការក្លែងបន្លំឯកសារនោះថា កំពុងតែបំផ្លាញដំណើរការបោះឆ្នោតសេរី ត្រឹមត្រូវនិងយុត្តិធម៌។ លើសពីនេះ សេចក្ដីថ្លែងការណ៍ដដែលបានហៅករណីនេះថា ជាល្បិចបោកបញ្ឆោតមតិសាធារណៈនិងកំពុងតែធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសង្គម។
យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលទាំងនោះបានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការលុបចោលសេចក្តីអំពាវនាវស្វែងរកចាប់ខ្លួនអ្នកក្លែងបន្លំឯកសារទាំងនោះ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី៕
ប្រភពពី RFI