សង្គ្រាមពាក្យ សម្តីរបស់យុវជន ស្ដីពីការបោះឆ្នោត រញ្ជួយពេញហ្វេសប៊ុក
សំឡេងកងរំពងរបស់យុវជននៅតាមដងវិថីនានា អំឡុងពេលឃោសនាបោះឆ្នោត មានឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យនយោបាយនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
នៅក្នុងហ្វេសប៊ុក ក៏ជាវេទិកាពិភាក្សាពីបញ្ហានយោបាយដ៏កក្រើកផងដែរ។
យុវជន ហ៊ាននិយាយ និងបញ្ចេញមតិដែលទាក់ទងទៅនឹងបញ្ហានយោបាយជាសាធារណៈ ជាពិសេសអំពីការឃោសនាបោះឆ្នោត ដោយមិនមានភាពភ័យខ្លាចនោះទេ។ បើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុនវិញ វាពិតជាខុសគ្នាខ្លាំង។
ជាក់ស្តែង គេហទំព័រហ្វេកប៊ុករបស់ I love Cambodia Hot News បានបង្ហោះរូបយុវតីពីររូប ដែលម្នាក់នៅឆ្វេងដៃពាក់មួកដាក់ស្លាកសញ្ញាគណបក្ស ប្រជាជនកម្ពុជាហើយកញ្ញាម្នាក់ទៀតដាក់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ព្រមទាំងអមដោយអក្សរធំៗថា «ស្អាតដូចគ្នាយកមួយណា?»។
នៅក្នុងនោះ ShokryVsChakrya បានសរសេរសសើរគណបក្សប្រជាជនថា៖ «៤ អ្នកដឹកនាំមានសីលធម៌»។ រីឯ BrossBremBery បញ្ចេញយោបល់ថា៖ «៤ស្អាតដោយរូបរីឯ៧ស្អាតដោយចរិយាសមសួន ខ្ញុំរើសយក៧»។
នេះគឺជាអ្វីដែលយុវជនហ៊ាន បញ្ចេញយោបល់របស់ខ្លួននៅក្នុងវិស័យនយោបាយ ហើយជ្រើសរើសយកគណបក្សដែលខ្លួនពេញចិត្ត។ ប៉ុន្តែពេលខ្លះភាពក្លាហានធ្វើឲ្យពួកគេហ៊ានប្រើពាក្យពេចន៍មិនសមរម្យដាក់គ្នា ហើយបង្កើតជារូបភាពថ្លុកផ្សេងៗ ដើម្បីផ្ចាញ់ផ្ចាលគ្នា និងជេរគ្នាទៅវិញ។ ការប្រើពាក្យថា៖ «ពួកអាខួរក្បាលយួនខ្លួនខ្មែរ ពួកនេះមិន ខុសពីសត្វអណ្តើកក្នុងស្នូកទេ ខួរក្បាលពួកអាបណ្ឌិតមួយចំនួនបានលក់ឧត្តមគតិដ៏ ងងឹតងងល់អស់ហើយមើលទៅ!»។
ពាក់ព័ន្ធ នឹងហោវាសព្ទប្រមាថគ្នានេះ លោកបណ្ឌិត សុខ ទូច ជាអ្នកវិភាគនយោបាយឯករាជ្យ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានឲ្យដឹងថា៖ «ប្រទេសណាក៏ជេរគ្នា វាយប្រហារគ្នាទៅវិញទៅមកដែរប៉ុន្តែការជេរគ្នាក្នុងវិស័យនយោបាយនៅប្រទេសមួយចំនួនផ្ចាញ់ផ្ចាលគេ គឺស្របទៅតាមក្រមសីលធម៌ និងប្រើពាក្យសាមញ្ញ ចំណែកឯកម្ពុជាយើង ពួកគាត់មិនគិតនោះទេ គឺធ្វើយ៉ាងណាឲ្យតែបំបាក់ភាគីម្ខាងទៀតបានប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត យើងក៏គ្មានច្បាប់ណាថា ការជេរគ្នាត្រូវ ឬខុសច្បាប់នោះទេ។ សង្ឃឹមថា យុវជន គិតឡើងវិញទៅលើចំណុចនេះ»។
កញ្ញា ជាតិ ចាន់សូលីនដា វ័យ ២០ឆ្នាំ ដែលជានិស្សិតឆ្នាំទីបី ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យខេមរៈ បាននិយាយថា៖ «យុវជនបច្ចុប្បន្នត្រូវការប្រជាធិបតេយ្យសិទ្ធិបញ្ចេញមតិ និងហ៊ានធ្វើអ្វីដែលខ្លួនគិតថា ត្រឹមត្រូវ»។
យុវតីរូបនេះ បានបន្តថា៖ «យុវជនជាច្រើនពិតជាចង់មានសំឡេងក្នុងប្រព័ន្ធសារព័ត៌មានផ្សេងៗ ប៉ុន្តែវាហាក់ដូចជាមិនអំណោយផលដល់ពួកគាត់សោះ។ ដូចនេះមានតែហ្វេសប៊ុកមួយទេ ដែលជាឱកាសបញ្ចេញនូវទស្សនៈរបស់ខ្លួន និងបានឆាប់រហ័ស»។
ការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះមានការចូលរួមច្រើនពីប្រជាជនកម្ពុជានៅក្នុងឆាកនយោបាយដោយមិនមានការចាប់បង្ខំទេ។ អ្នកដែលចូលរួមច្រើនបំផុតនោះគឺ យុវជនតែម្តង ដោយឃើញនៅពេលដង្ហែក្បួនឃោសនាបោះឆ្នោត មានសុទ្ធតែយុវជនចូលរួម។
យោងតាមសម្តីរបស់យុវជន ប៉ក់ ឧត្តម ដែលជាយុវជនស័្មគ្រចិត្តក្នុងគណបក្សមួយ បានឲ្យដឹងថា៖ «មុននឹងចូលរួមក្នុងវិស័យនយោបាយខ្ញុំតែងតែធ្វើការស្វែងយល់លើគោលនយោបាយរបស់ប្រទេស សកម្មភាពអ្នកដឹកនាំនិងតាមដានរាល់ទិដ្ឋភាពដែលកើតឡើងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ»។
លោកបានបន្តថា៖ «បន្ទាប់ពីមានការយល់ដឹងច្រើនពីវិស័យនយោបាយខ្ញុំក៏សម្រេចចិត្តប្រឡូកជាមួយនឹងវា ដោយមិនចង់ក្លាយជាមនុស្សម្នាក់ដែលចាំតែដើរតាមគេ និងជឿលើតែពាក្យដែលគេនិយាយទេ។ ខ្ញុំត្រូវតែមានការសម្រេចចិត្តដោយខ្លួនឯង»។
នៅក្នុង អាណត្តិនេះ លោក ឧត្តម បានសម្រេចចិត្តចូលរួមក្នុងឆាកនយោបាយដោយគាត់បានចូលធ្វើការឃោសនាជាមួយយុវជនជាច្រើនទៀត ហើយក៏តែងតែមានការឆ្លើយឆ្លងគ្នារវាងយុវជនដូចគា្ននៅតាមបណ្តាញហ្វេសប៊ុកដែរ ដោយ សារគាត់គិតថាហ្វេសប៊ុក ជាប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ដែលអាចនិយាយរឿងទាក់ទងនឹង នយោបាយបានទូលំទូលាយ។
លោកបណ្ឌិត សុខ ទូច បានពន្យល់ទៅលើឥទ្ធិពលអ្វីខ្លះដែលធ្វើឲ្យប្រជាជនកម្ពុជាជា ច្រើន ជាពិសេសយុវជន ចូលរួមក្នុងវិស័យនយោបាយថា៖ «ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាននៅលើកណ្តាប់ដៃរបស់មនុស្ស។ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋក៏ជាផ្នែកមួយដែរព្រោះគាត់ទៅធ្វើការស្រុកគេ គាត់ស្វែងយល់ពីស្ថានភាពនយោបាយប្រទេសគេ បានធ្វើឲ្យគាត់ត្រឡប់មកវិញនូវគំនិតថ្មីមកចែករំលែកដល់គ្រួសារ និងអ្នកនៅជុំវិញខ្លួន»។
លោក បានបន្ដថា៖ «ជាងនេះទៅទៀត ការឃើញយុវជនគ្នាឯងមានការចូលរួមសកម្មភាពសង្គមច្រើនក៏ធ្វើឲ្យយុវជនដទៃទៀតចង់ចូលរួមដែលធ្វើឲ្យពួកគាត់ចូលរួមក្នុងឆាក នយោបាយតែម្តង»។
បច្ចុប្បន្ននៅមានប្រជាជនមួយចំនួនគិតថា នៅពេលពាក់ព័ន្ធទៅនឹងវិស័យនយោបាយ ឬអ្នកនយោបាយពួកគាត់អាចប្រឈមទៅនឹងហានិភ័យដែលមានដូចជា អាយុជីវិត បាត់បង់ទ្រព្យសម្បត្តិ និងការជាប់គុកជាដើម។
ក្នុងរឿងនេះលោក បណ្ឌិត សុខ ទូច បានប្រាប់ឲ្យដឹងថា៖«អ្នកលួចគេក៏ត្រូវជាប់គុកដែរ ឲ្យតែប្រព្រឹត្តអំពើខុសច្បាប់ត្រូវតែប្រឈមនឹងផ្លូវច្បាប់ហើយ។ ការធ្វើនយោបាយ ឬគ្រាន់តែជាការបញ្ចេញមតិយោបល់ផ្សេងៗ ពុំមែនអ្វីដែលខុសច្បាប់ទេ។ ដូចនេះគ្មានអ្នកណាមកចេះតែចាប់ចងឡើយ។ បច្ចុប្បន្នអំណាចស្ថិតនៅលើប្រជាជន មិនមែនអ្នកណាថា ឆ្វេង គឺឆ្វេង ស្តាំ គឺស្តាំនោះទេ ប្រជាជនគាត់ចេះដឹងរួចទៅហើយ»។
ចំណែកឯលោក ឧត្តម យល់ឃើញថា វាពិតជាត្រឹមត្រូវបើលោកប្រឡូកចូលក្នុងវិស័យនយោបាយហើយវានឹងអាចមានហានិភ័យកើតឡើងប៉ុន្តែបើយុវជនទាំងអស់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនហើយមិនក្រោកឈរឡើងបញ្ចេញមតិទេ គ្មានអ្នកណាអាចជួយប្រទេសឲ្យមានការរីកចម្រើនទេ ហើយក៏មិនអាចឈានទៅរកការអភិវឌ្ឍដែរ។
តើក្នុងនាមជាឪពុកម្តាយម្នាក់នៅពេលដែលឃើញកូនចូលរួមក្នុងគណបក្សមួយលោក ចាន់ ប៊ុនធឿន បានឲ្យដឹងថា៖ «បើនិយាយទៅខ្ញុំពិតជាមិនចង់ឲ្យកូនចូលរួមក្នុងវិស័យនយោបាយប៉ុន្មានទេ ប៉ុន្តែនៅក្នុងប្រទេសប្រជាធិបតេយ្យ ខ្ញុំមិនអាចឃាត់ពួកគាត់ក្នុងការចូលរួមបញ្ចេញមតិនោះទេបើពួកគេសម្រេចចិត្តចង់ចូលរួម។
លោក ប៊ុនធឿន បន្តថា៖ «ក្មេងៗចូលចិត្តលេងហ្វេសប៊ុកណាស់ ហើយពួកគាត់ ហ៊ាននិយាយតតាំងគ្នាទៅវិញទៅមកដោយមិនខ្លាចនោះទេអាចថា មកពីគាត់មានការយល់ដឹងច្រើនពីនយោបាយ ដូចនេះគាត់មិនព្រួយបារម្ភទេ»។
បើពួកគេចាត់ទុកការប្រជែងគ្នាជាការលេងកីឡា ទោះចាញ់ ឬឈ្នះ វានៅតែជាមិត្តភក្ដិ ពិតជាមិនអាចស្អប់គ្នាបានទេ។
ដូចយុវជន ប៉ក់ ឧត្តម បានប្រាប់ថា៖ «ខ្ញុំមិនស្អប់យុវជនគណបក្សដទៃទេ។ យើងមានសិទ្ធិជ្រើសរើស និងចូលរួមគណបក្សដែលយើងពេញចិត្តនិងជឿថា គណបក្សអាចជាសសរទ្រូងជួយសង្គមបាន។ ដូចនេះ ហេតុអ្វីខ្ញុំត្រូវតែស្អប់យុវជនដូចគ្នានោះ»?
ប្រភពពី ភ្នំពេញប៉ុស្តិ៍