តើតារាស៊ីវិល័យ គង់ ច័ន្ទស្រីមុំ ខិតខំថែសម្រស់ដើម្បីអាជីព ឬដើម្បីអ្នកណា?
រាជធានីភ្នំពេញ ៖ ក្នុង១សប្ដាហ៍មានពី២ទៅ៣ដង ដែលកញ្ញាគង់ ចាន់ស្រីមុំ បានទៅពិគ្រោះ និងថែរក្សាសម្រស់ ទាំងផ្ទៃមុខ ស្បែក និងដងខ្លួនជាដើម នៅមជ្ឈមណ្ឌលកែសម្ផស្សមួយក្នុងរាជធានីភ្នំពេញ។
ជាការពិតណាស់គ្រោះថ្នាក់នឹងកើតមានឡើងប្រសិនបើការប្រើប្រាស់ផលិតផលក្រែមលាបស្បែកឲ្យភ្លឺរលោង ឬការបកស្បែកណាមួយ ដែលមិនបានទទួលការពិគ្រោះ ឬពិនិត្យដោយអ្នកឯកទេសត្រឹមត្រូវ។ កន្លងមកនេះ បណ្ដាញសារព័ត៌មានក្នុងស្រុក ក៏បានធ្វើសេចក្ដីរាយការណ៍ថា យ៉ាងហោចមានសុភាពនារីមួយចំនួនបានស្លាប់ដោយសារតែការប្រើ ប្រាស់ផលិតផលក្រែមលាបស្បែកឲ្យស ។ នៅលើវិថីសិល្បៈវិញ គឺសុភាពនារីទាំងឡាយបានចាត់ទុកថា សម្រស់គឺជាប្រភពចម្បង ស្របនិងទេពកោសល្យមាន ទើបធ្វើឲ្យតារាអាចរះក្នុងពិភពសិល្បៈបាន។
ក្នុងចំណោមនោះ កញ្ញាគង់ ច័ន្ទស្រីមុំ បាននិយាយថា «សម្រស់ពិតជាមានសារៈសំខាន់ណាស់នៅក្នុងពិភពសិល្បៈ ។ ប្រសិនបើយើងមានរូបស្រស់ស្អាត គឺយើងធ្វើអ្វីៗហាក់មានទំនុកចិត្តលើខ្លួនឯង ទាំងការដើរសម្បែងបង្ហាញមូដ និងមុខជំនាញជាដើម» ។ ទន្ទឹមគ្នានេះដែរគេសង្កេតឃើញថា កញ្ញា គង់ ចាន់ស្រីមុំ មួយរយៈពេលចុងក្រោយនេះ មានការមមាញឹកច្រើនជាមួយនឹងសិល្បៈ និងជំនួញផ្ទាល់ខ្លួនរបស់នាង។ នាងក៏បានចេញទៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីចូលរួមថត និងសម្ពោធStudio ហើយក្រុមហ៊ុនដែលអញ្ជើញនាងទៅថតនោះមានកិច្ចសហការជាមួយក្រុមហ៊ុនRGBកម្ពុជា។
កញ្ញា គង់ ចាន់ស្រីមុំ ក៏បានអំពាវនាវឲ្យសុភាពនារីទាំងឡាយត្រូវតែមានការប្រុងប្រយ័ត្នចំពោះ ការប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសមួយចំនួនដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពស្បែក ឬអាចឈានដល់ការបាត់បង់ជីវិតក៏មាន ។ ដូច្នេះសុភាពនារីទាំងឡាយគួរតែថែរក្សាសម្រស់ជាមួយអ្នកឯកទេសត្រឹមត្រូវ ៕ ដោយ techno2day