ពេជ្រ សោភា ​បូម​​​ឈាម ​​​​ខ្លួន​​​​ឯង ចាក់​​​​ប៉ូវ​​​​​ ស្បែក​​មុខ

7/05/2013 0 Comments A+ a-


ខុសពីតារាល្បីៗដទៃ ដែលចូលចិត្តធ្វើខួបកំណើតឱ្យផ្អើលគេ ហើយហៅភ្ញៀវរាប់រយនាក់នោះ ដោយនាងបែរជារៀបចំស្ងាត់ៗ កាលពីថ្ងៃទី ០៩ មិថុនា មានព័ត៌មានថា អ្នកចម្រៀងរូបនេះ បានបូម
ឈាមខ្លួនឯង មកចាក់ប៉ូវផ្ទៃមុខ ឱ្យស្បែកតឹងណែនស្អាត។ ពេជ្រ សោភា បានទទួលស្គាល់រឿងនេះ តែនាងអះអាងថា មិនបានប្រើវិធីនេះ ដើម្បីពង្រីកដើមទ្រូងទេ...។
អ្នកចម្រៀងពេជ្រ សោភា បានប្រារឰពិធី ខួបកំណើតយ៉ាងស្ងាត់ៗ កាលពីថ្ងៃទី០៩ មិថុនា ដោយមិនខ្ចីរវល់រៀបចំនៅហាងធំ ហៅភ្ញៀវអបអរសាទរ ផឹកស៊ីដូចតារាល្បីៗដទៃទេ។
ពេជ្រ សោភា បាននិយាយទាំងសើចកក្អឹកថា “អ្នកណាថាម៉េចថាចុះ សំខាន់នៅលើខ្លួនឯងទេ ហើយសម្រាប់ខ្ញុំគិតថា បើធ្វើធំ នាំតែខ្មាសគេហ្នឹង។ ឱ្យខ្ញុំទៅធ្វើខួបកំណើតអីអ៊ូអរដូចគេ ខ្ញុំខ្មាសគេណាស់ ព្រោះយើង មិនមែននៅក្មេងឯណា អាយុច្រើនហើយ ចង់អ្នកណាធ្វើអី ធ្វើទៅជារឿងរបស់គេទេ។ ខួបខ្ញុំថ្ងៃទី០៩ មិថុនា ឆ្នាំហ្នឹង អាយុ៣០ឆ្នាំទៅហើយ។ មិនមែនតែឆ្នាំនេះទេ រៀងរាល់ឆ្នាំ ក៏ខ្ញុំមិនដែលធ្វើខួបធំដូចគេដែរ”។
ពេជ្រ សោភា ពិតជាចម្លែកខុសគេមែន សូម្បីតែឡានក៏មិនហ៊ានជិះអាថ្លៃ ស៊េរីទំនើប ដូចគេឡើយ ព្រោះតែខ្លាចគេថា មានប្រុសទិញឱ្យ ហើយឥឡូវធ្វើខួបកំណើត ក៏មិនប្រថុយទៀត ធ្វើឱ្យគេសង្ស័យថា នាងខ្លាចមានការលេចឮថា មានគេចេញលុយឱ្យ ទើបសុខចិត្ត ធ្វើស្ងាត់ៗ។ តារារូបនេះ បានប្រកាន់ជំហរថា វាមិនមែនជាបញ្ហាខ្លាចអស់លុយ ខាតអីទេ តែមកពីរវល់ផង និងមិនទម្លាប់ទៀត ក៏ខ្ជិលទៅ។
ពេជ្រ សោភា បន្ថែមថា “ឆ្នាំហ្នឹងក្រុមអ្នកគាំទ្រខ្ញុំ គាត់ធ្វើឱ្យទេ គឺពួកគាត់ចង់ឱ្យខ្ញុំ ភ្ញាក់ផ្អើល ហើយយើងគ្រាន់តែញ៉ាំអីតិចតួចជាមួយគ្នា ចប់។ ទម្លាប់របស់ខ្ញុំ អត់សូវ ចូលចិត្តសប្បាយអីដូចគេទេ ឱ្យតែក្រុមគ្រួសារខ្ញុំបានសុខ គឺចប់ រឿងផ្ទាល់ខ្លួនឯង ចង់សប្បាយធ្វើខួបធំអី ខ្ញុំមិនអាចទៅរួចទេ”។
ពេជ្រ សោភា ពិតជាខុសពីមាស សុខសោភា មែន ដែលកាលពីឆ្នាំមុន បានចំណាយលុយជិត២ម៉ឺនដុល្លារ ធ្វើខួបគម្រប់អាយុ២៨ឆ្នាំ ឡើងផ្អើលហ្វូងអ្នកសិល្បៈ ហើយក៏មានតារាថ្មីៗ ដូចជា ម៉ាក សែនសូនីតា, គង់ ច័ន្ទស្រីមុំ និងពេជ្រ សុវណ្ណភិជ្ជរ៉ា ហ៊ាន ចំណាយលុយរាប់ម៉ឺនដុល្លារ ធ្វើខួបកំណើតដែរ ដោយ ធ្វើនៅសណ្ឋាគារណាហ្គាវើលដ៍ តែមានការសង្ស័យថា ក្រុមតារាៗទាំងនេះ មានគូស្នេហ៍នៅពីក្រោយ ចេញលុយ តែពួកគេបានប្រកែក។
ដោយឡែក ពេជ្រ សោភា ថ្វីត្បិតតែនាង មិនងាយចំណាយលុយកាក់ផ្តេសផ្តាសមែន ប៉ុន្តែ ថ្មីៗនេះ តារាហង្សមាស ដុះស្លែរូបនេះ បានចំណាយលុយច្រើន ទៅលើការរក្សាសម្រស់ទៅវិញ ដោយមានទាំងគ្រូពេទ្យ ផ្ទាល់ខ្លួន ពិនិត្យសុខភាពផ្ទៃមុខនាងយ៉ាងទៀងទាត់ ដោយនាងបាន ទាំងបូមឈាម យកទៅប៉ូវស្បែកមុខ កុំឱ្យចាស់ និងធ្វើឱ្យស្បែកតឹងស្អាត។ ចំណែកនៅពេលច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី មានកូនជាងច្នៃសម្លៀកបំពាក់ជូនទៀត មើលទៅដូចជាប្រយ័ត្នប្រយែងទៅលើសម្រស់ខ្លាំងណាស់។
ពេជ្រ សោភា បានទទួលស្គាល់ថា ជាការពិត ដែលនាងភ័យខ្លាចចាស់ដែរ ទើបនាងសម្រិតសម្រាំងរក្សាសម្រស់។
តារាហង្សមាស រូបនេះ បានប្រាប់ថា “ខ្ញុំប្រើ ឈាមខ្លួនឯង បូមទៅដាក់នៅស្បែកផ្ទៃមុខ ហើយ មិនប៉ះពាល់សុខភាពអីទេ ព្រោះយើងបានពិគ្រោះ ជាមួយក្រុមគ្រូពេទ្យជំនាញច្បាស់ណាស់ មុននឹង ធ្វើ។ ការជ្រើសរើសវិធីនេះ អាចធ្វើឱ្យស្បែកយើង តឹងណែនល្អ មិនយារធ្លាក់ ហើយក្មេងជាងវ័យ គឺ យើងជាតារាចម្រៀងអ៊ីចឹង ចេះតែប្រយ័ត្នទៅ ព្រោះសម្រស់សំខាន់ណាស់”។
នៅពេលត្រូវសួរថា ពេជ្រ សោភា មានហ៊ាន បូមឈាមទៅប៉ូវពង្រីកដើមទ្រូង ឱ្យរីកណែនធំល្អទេ?តារារូបនេះ បានឆ្លើយមិនបង្អង់ថា “យី! មាន រឿងអីខ្ញុំចាំបាច់ទៅប៉ូវអីកន្លែងហ្នឹង? ចេះតែមានហ្មង!”។
សោភា និយាយថា “ដើមទ្រូងខ្ញុំធំប៉ុនយក្សស្រាប់ទៅហើយ មិនបាច់កែពង្រីក អីទៀតទេ គឺកន្លែងហ្នឹង (សុដន់) គ្រប់គ្រាន់ហើយ”។
ទោះជាពេជ្រ សោភា បានអះអាងថា ដើមទ្រូងនាងធំបែបនេះក្តី តែកន្លងមក នាងមានការស្លៀកពាក់ថ្លៃថ្នូរ មិនហ៊ានសិចស៊ីបញ្ចោញគល់សុដន់ទេ។ ចំណែករឿងស្នេហា នៅឆ្នាំ២០១៣នេះ នាងបានលាក់គូស្នេហ៍ថ្មីជិតឈឹងតែម្តង ៕
ប្រភព អង្គរធំមេឌា