រកឃើញក្នុង ក្រេមលាប បបូរមាត់ មាន«ជាតិពុល» សម្រាប់សុខភាព
ការសិក្សាស្រាវជ្រាវមួយ នៅសហរដ្ឋអាមេរិក បានលើកមកបង្ហាញពីការរកឃើញជាតិលោហ ធាតុពុលមួយចំនួន នៅក្នុងក្រេមលាបបបូរមាត់ ដែលអាចឈានទៅរកការវិវត្តន៍នៃជម្ងឺមហារីក។ ជាដំណឹងមួយយ៉ាងអាក្រក់ សម្រាប់ពួកអ្នកនាងៗមួយចំនួន ដែលចូលចិត្តតុបតែងខ្លួន មិនដែលលោះពេលណាមួយសោះនោះ។
ក្រេមលាបបបូរមាត់ ជាមួយនឹងសារធាតុធ្វើឲ្យចែងចាំងរលោង។
អ្នកស្រាវជ្រាវពីសកលវិទ្យាល័យ ប៊ើរកឺឡី (Berkeley) ក្នុងរដ្ឋកាលីហ្វ័នី បានធ្វើការវិភាគសារជាតិ ដែលមាននៅក្នុងក្រេមលាបបបូរមាត់ ចំនួន៣២ផលិតផល ដែលមានដាក់លក់នៅតាមហាងលក់ទំនិញធំៗ ឬនៅតាមហាងលក់គ្រឿងសម្អាងនានា និងជាពិសេសទៅលើផលិតផល ដែលសុទ្ធសឹងតែមានឈ្មោះល្បីនោះថែមទៀតផង។
ជាលទ្ធផល ដែលបានចេញមកយ៉ាងច្បាស់ ពី៦០%នៃផលិតផលទាំងនោះ គឺគេរកឃើញមានសារធាតុលោហៈចំនួន៩ ដែលមានជាតិពុល ដូចយ៉ាងជាតិអាលុយមីញ៉ូម ជាតិសំណរ ឬជាតិក្រូមនោះជាដើម។
អ្នកទទួលខុសត្រូវនៃការស្រាវជ្រាវនេះមួយរូប លោកស្រីកាតារីន ហាមម៉ុង (Katharine Hammond) បាននិយាយថា ប្រសិនបើការប្រមូលផ្ដុំលោហធាតុទាំងនោះ មានកម្រិតខ្សោយនៅក្នុងផលិតផល ដែលយកមកសិក្សាវិភាគទាំងនោះក៏ពិតមែន តែលោហធាតុមួយចំនួន បានបង្ហាញនូវកម្រិតប្រតិកម្មរបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ «ទៅថ្ងៃមុខវែងឆ្ងាយតទៅទៀត»។
ការស្រាវជ្រាវនោះថែមទាំងបានរកឃើញទៀតថា ការប្រើប្រាស់ផលិតផលក្រេមលាមបបូរមាត់នេះខ្លាំងជ្រុល វានឹងកាន់តែមានគ្រោះថ្នាក់ ជាពិសេសទៅលើកុមារ៕ដោយ៖ មនោរម្យព័ងអាំងហ្វូ
