ម៉ោង១២អធ្រាត្រ នៅសង្កាត់លេខ១ (ភាគទី៤)
ភាគទី៤
មីងអួនបើកភ្នែកធំៗ គាត់សួរវិញយ៉ាងរហ័ស៖
-តែ…ម៉េចក៏មិនឮអ្នកស្រីនិយាយប្រាប់ខ្ញុំ?
ភីណាចងចិញ្ចើមដោយមិនសប្បាយចិត្ត នាងពោលសួរបន្ត៖
-អញ្ចឹងមីងមានឆ្ងល់ទេ ម៉េចបានខ្ញុំបើកឡានចេញពីផ្ទះទាំងយប់?
អ្នកបម្រើចំណាស់តបដោយអាការអល់អែក៖
-តែអ្នកស្រីថា….(គាត់ទីទើរហើយបញ្ឈប់សម្ដី)
តែភីណាសួរបន្តភ្លាម៖
-អ្នកបងយ៉ាងម៉េច? គាត់ប្រាប់មីងថាម៉េច?
ស្ត្រីចំណាស់ឆ្លើយតបតាមត្រង់៖
-អ្នក….អ្នកស្រីថាយប់នោះនាងតូចមិនចង់គេងផ្ទះ ចចេសចង់ទៅផ្ទះមិត្តភ័ក្ដិ! អ្នកស្រីឃាត់យ៉ាងណាក៏មិនស្ដាប់ ទើបអ្នកនាងតូចបើកឡានទៅទាំងភ្លៀងរហូតដល់កើតគ្រោះថ្នាក់!
ស្រស់ស្រីសែនមួហ្មងក្នុងចិត្ត នាងដឹងថា…គឺបងថ្លៃស្រីមានចេតនានិយាយបំផ្លើសគ្រាន់តែមិនដឹងថាគេមានបំណងអ្វីឲ្យប្រាកដប៉ុណ្ណោះ។ ក្ដីងឿងឆ្ងល់កាន់តែរុកកួនក្នុងចិត្តតរុណីភីណាខ្លាំងជាងមុនទៅទៀត…។ សំខាន់នាងគិតមិនយល់ថា នាងមិនដឹងថាម៉េចក៏បងថ្លៃរបស់ខ្លួនដែលបានធ្លាក់ពីលើជណ្ដើរស្លាប់បាត់ទៅហើយនោះ បែរជារស់ឡើងវិញហើយនិយាយប្រាប់គេឯងផ្ទុយពីការពិតយ៉ាងនេះ?
កំពុងស្ថិតក្នុងអារម្មណ៍ស្មុគស្មាញ…នាងឮអ្នកបម្រើចំណាស់ពោល៖
-នាងតូចសម្ងំសម្រាកឲ្យបានស្រួលទៅ! ខ្ញុំចុះទៅរៀបចំបបរជូនក្រែងអ្នកនាងដល់ពេលពិសាថ្នាំសិន!
ភីណាងក់ក្បាលយឺតៗដោយមិនចេញស្ដី នាងសម្ងំបិទភ្នែករំលែកអារម្មណ៍ស្មុគស្មាញទាំងប៉ុន្មានឲ្យបានធូរស្បើយខ្លះ ប៉ុន្តែរឿងហេតុទាំងប៉ុន្មាន បែរជាសណ្ឋិតជាប់ក្នុងអារម្មណ៍ដកមិនរួចទៅវិញ។
នាងនឹកដល់ពេលដែលនាង និងបងថ្លៃអង្គុយនៅបន្ទប់ទទួលភ្ញៀវ យប់នោះភ្លៀងខ្លាំងសម្បើមណាស់ ប៉ុន្តែទាំងពីរនាក់សុទ្ធតែបានឮដូចៗគ្នាថាមានសម្រិបជើងមនុស្សរត់ជាន់ខាងលើ កាលណោះនាងនិងបងថ្លៃឡើងទៅមើលដោយភិតភ័យ បន្ទាប់មកក៏នាំគ្នារត់ចុះមកខាងក្រោមវិញ ប៉ុន្តែដោយបងថ្លៃស្លៀករ៉ូបរាត្រីវែងពេកក៏ទាក់ជើងដួលរមៀលតាមជណ្ដើររហូតដល់ហូរឈាមតាមច្រមុះមាត់។ ចុងក្រោយនាងបានទាំងស្ទាបដង្ហើមគាត់ ដឹងថាគាត់ផុតដង្ហើមស្លាប់ពិតណាស់! ចុះម៉េចក៏ពេលនេះ បែរជា…?
ភីណាគ្រវីក្បាលបដិសេធមិនទទួលស្គាល់ថាបងថ្លៃរបស់ខ្លួននៅមានជីវិតទេ។ នាងមានការជឿជាក់ប្រាកដក្នុងចិត្តថាគាត់ស្លាប់បាត់ហើយ។ គឺបងថ្លៃនាងបានស្លាប់កាលពីយប់ភ្លៀងធំនោះម្ល៉េះ! អញ្ចឹងចុះ…បងថ្លៃដែលឈរជ្រងោក្នុងថ្ងៃនេះ តើជាអ្នកណាវិញ? មនុស្ស ឬមួយជាខ្មោច? មនុស្សដែលដេកស្ងៀមលែងដកដង្ហើមទៅហើយ ពេលដែលក្រោកឡើងវិញនោះគឺប្រាកដជាខ្មោច មិនមែនមនុស្សធម្មតាដូចគេឯងទៀតឡើយ!
នឹកដល់ត្រង់នេះ ភីណាដូចជាព្រឺសម្បុរខ្ញាកៗ…នាងទទួលអារម្មណ៍ថាភ័យខ្លាចណាស់ គេហដ្ឋានដែលធ្លាប់តែសុខសាន្តកក់ក្ដៅ ប្រែជាមិនគួរឲ្យទុកចិត្តសោះ…នាងស្ទុះក្រោកពីគ្រែទៅរុញទ្វារបិទភ្លាមហើយវិលមកលើគ្រែវិញដណ្ដប់ភួយជិត។ អារម្មណ៍រិះគិតដោយតានតឹងថាតទៅទៀតនេះនាងខ្លួនឯងគួរធ្វើម៉េច បើរឿងបងថ្លៃស្រីរបស់ខ្លួនបាត់បង់ជីវិតទៅហើយគឺជាការពិត ប៉ុន្តែទោះនិយាយចេញគ្មានអ្នកណាព្រមជឿផង?។
កំពុងរិះគិត ត្រចៀកផ្ទៀងស្ដាប់ឮសម្រិបជើងមនុស្សដើរស្រាលៗខាងក្រៅបន្ទប់ ដាស់តរុណីឲ្យទាញអារម្មណ៍មកវិញ។ នាងផ្ទៀងស្ដាប់សូរដឹងថាគឺបងប្រុសឡើងមកដល់ជាន់នេះ ក៏ស្រវាចុះពីគ្រែក្នុងបំណងចេញទៅរកគាត់នឹងអាលពន្យល់ប្រាប់ឲ្យបានច្បាស់លើហេតុការណ៍ទាំងប៉ុន្មានកាលពីយប់ដែលមានភ្លៀងធំនោះ។
ទើបតែឈានចេញពីគ្រែតម្រង់មាត់ទ្វារបន្ទប់បានមួយជំហានប៉ុណ្ណោះ នាងឮសំឡេងបងប្រុសខ្លួននិយាយទូរសព្ទមួយៗទាំងក្នុងអារម្មណ៍មួហ្មងថា៖
-ដុកទ័រ…! លោកមានប្រសាសន៍ថាប្អូនខ្ញុំគ្មានបញ្ហាអ្វីទេ នាងប៉ះទង្គិចបន្តិចបន្តួច! តែម៉េចក៏ពេលត្រឡប់មកដល់ផ្ទះវិញចេញចរិតប្លែកៗនិយាយស្ដីដូចមិនដឹងរឿងសោះ? បើក្បាលនាងមានអីប៉ះពាល់ ដុកទ័រគួរនិយាយប្រាប់ខ្ញុំឲ្យត្រង់?
ភីណាភ្ញាក់។ នាងមិននឹកស្មានថាបងប្រុសនាងមិនត្រឹមតែមិនព្រមស្ដាប់ហេតុពិត ថែមទាំងសង្ស័យថាខួរក្បាលប្អូនស្រីខ្លួនឲ្យមានបញ្ហាទៀត។ នារីមួហ្មងក្នុងចិត្តណាស់ ប៉ុន្តែនាងខំទប់ដោយឈរសំកាំងស្ដាប់ទ្រឹងនៅពីក្រោយខ្នងគាត់។ ភ្លាមនោះនាងឮបងប្រុសខ្លួនពោលបន្ថែម៖
-ដុកទ័រនៅថាមិនអីទៀត? ភីណាមកដល់ផ្ទះវិញមិនទាន់អីផង ទៅជាមើលលែងស្គាល់បងថ្លៃ! និយាយសម្ដីផ្ដេសផ្ដាសគ្មានក្បាលកន្ទុយ! ខ្ញុំយល់ថាខាងមន្ទីរពេទ្យមិនបានពិនិត្យនាងឲ្យត្រឹមត្រូវសោះ! ខ្ញុំនិយាយត្រង់! ខ្ញុំសង្ស័យថាខួរក្បាលប្អូនស្រីខ្ញុំត្រូវប៉ះទង្គិចចំកន្លែងសំខាន់ណាមួយ ឲ្យទៅជាមានបញ្ហាក៏ថាបាន! មនុស្សនៅសុខៗក្លាយជានិយាយស្ដីអត់ដឹងខុសត្រូវ….
ភីណាទទួលអារម្មណ៍ថានាងទ្រាំស្ដាប់តទៅទៀតលែងបានហើយ ទើបស្ទុះវឹងបង្ហាញខ្លួនពីមុខបន្ទប់បងប្រុស ដែលកំពុងឈរកាន់ទូរសព្ទនិយាយនៅឡើយ។
យល់វត្តមានប្អូនស្រី លោកកុសលសម្លឹងហើយខំសម្រួលទឹកមុខលាពេទ្យហើយចុចបិទទូរសព្ទ ងាកនិយាយមកកាន់នាងថ្នមៗ៖
-មិនសម្រាកឲ្យស្រួលសិនទៅ? ប្រញាប់ចេញមកធ្វើអ្វី?
ទោះជាលោកកុសលខិតខំសម្រួលឫកពាយ៉ាងណា ក៏ភីណាមិនបានរសាយកំហឹងបន្តិចឡើយ នាងខឹងណាស់ ខឹងរហូតដល់រលីងរលោងទឹកភ្នែក។ នាងសម្លឹងបងប្រុសថ្មែគ្មានព្រិច។ អស់មួយខណៈដែលអភិជនរៀមច្បងទីទើររកពាក្យលួងនាងមិនបាន ទើបនាងពោលសួរដោយអួលណែនដើមក៖
-បង… បងចាត់ទុកថាខ្ញុំវិកលចរិត ថាខ្ញុំឆ្កួតមែនអត់?
លោកកុសលទីទើរ មិនមានឆ្លើយតបថាយ៉ាងណានៅឡើយ។ ហើយក្រមុំភីណាដើរយឺតៗចូលទៅក្បែរគាត់ នាងយំសស្រាក់ផងនិយាយសួរដាច់ៗផង៖
-មិនទាន់អីផង!….បងមិនទាន់ស្ដាប់ខ្ញុំពន្យល់អីបន្តិចផង… ខ្ញុំគ្រាន់តែមានរបួសបន្តិចបន្តួច នាំគ្នាគិតថាខ្ញុំជាមនុស្សឆ្កួតបាត់បង់សតិទៅហើយ?
លោកកុសលរក្សាការស្ងាត់ស្ងៀម ព្រោះគិតថានាងកំពុងរំជួលចិត្ត។ តែភីណាជ្រួញចិញ្ចើមសឹងដល់គ្នា ហើយយំសស្រាក់ជាងមុនទៅទៀត។ បុរសលូកដៃមកឱបត្រកងស្មានាងហើយលួង៖
-តាំងអារម្មណ៍សិនភីណា!
តែធីតាអភិជនពោលបន្ថែមដោយមុខក្រហមង៉ូវ៖
-តាំងអារម្មណ៍? ខ្ញុំឡប់សតិហើយអ្ហេស៎?! ម៉េចចាំបាច់តាំងស្មារតី? ខ្ញុំភ្លឺស្វាងល្អណាស់! បងទេដែលមិនយល់! គឺគ្រប់គ្នាសុទ្ធតែមិនយល់ ហើយមានះអត់ព្រមស្ដាប់អីសោះ!
លោកកុសលងក់ក្បាលផ្ងក់ៗជាសញ្ញាមិនបដិសេធចំពោះពាក្យសំដីនាង។ គាត់បិទភ្នែកពោលតបមួយៗ៖
-បើគិតថាខ្លួនឯងនៅភ្លឺស្វាងមែន វាល្អណាស់ហើយ! អូនឯងគួរនិយាយស្ដីអីប្រយ័ត្នប្រយែង! នៅនឹងមុខបងវាមិនអីទេ តែនៅមុខគេឯង! អ្នកក្នុងផ្ទះ! បាវព្រាវ! មុខអ្នកបង មុខវិទូគូដណ្ដឹងអូន កុំឲ្យយល់ខុសថាយើងមានស្មារតីមិនល្អ!
ភីណាតបភ្លាមដោយមួហ្មងពេញក្នុងចិត្ត៖
-គឺអ្នកទាំងអស់ទេដែលមិនដឹងការពិត មិនយល់ការពិតហើយមិនព្រមស្ដាប់ការពន្យល់ទៀត? តាមពិតខ្ញុំនិយាយមែន…ប្រពន្ធរបស់បង…គឺ អ្នកបង…អ្នកបង គាត់…គាត់…
នាងក្រមុំមិនទាន់បានបញ្ចប់ប្រយោគផង លោកកុសលពោលកាត់៖
-រឿងអ្នកបងហ្នឹងហើយ! នៅខាងក្រោមមិញអូនឯងនិយាយឡូងៗថាគេស្លាប់? មានដឹងខ្លួនអ្ហេះ? ដឹងថាសំដីនេះជ្រុលជ្រួសហួសហេតុប៉ុណ្ណា? បើជាយើង យើងទទួលយកបានអត់ពាក្យចឹងៗ! អ្នកបងគេមិនខឹង មកពីគេចិត្តទូលាយ យល់ថាបងមានប្អូនស្រីតែម្នាក់! ហើយគេក៏គិតថាយើងទើបនឹងចេញពីពេទ្យមក…!
ភីណាជ្រួលច្រាលក្នុងចិត្តណាស់។ កុំថាឡើយឲ្យបងប្រុសយកចិត្តទុកដាក់ស្ដាប់ខ្លួននោះ សូម្បីតែប្រើគំនិតពិចារណាបន្តិចក៏គាត់មិនធ្វើដែរ ដូច្នេះពេលនេះសោត ទោះជាខ្លួនរៀបរាប់ពីហេតុការណ៍ដែលប្រពន្ធគាត់ដួលស្លាប់ផ្ទាល់នឹងភ្នែក ក៏គាត់ប្រាកដជាមិនព្រមទទួលយក។ សំខាន់គឺស្រីនោះនៅមិននៅស្លាប់ហើយក៏រស់វិញ។ ឲ្យនាងធ្វើម៉េចទៅ? ម្នាក់ៗអាចថាដូចជាបងប្រុសខ្លួនដែរ គឺកំពុងសង្ស័យថាសរសៃប្រសាទនាងមានបញ្ហាដូចគ្នាក៏មិនដឹង?
ខណៈដែលអារម្មណ៍កំពុងស្មុគស្មាញ នាងឮបងប្រុសនិយាយមកទៀត៖
-ចង់ញ៉ាំអី? បងCall ហៅមកពីក្រៅឲ្យក៏បាន!
នាងក្រមុំគ្រវីក្បាលយឺតៗ៖
-អត់ឃ្លានទេ!
លោកកុសលតបដោយសម្លឹងមុខប្អូន៖
-អញ្ចឹង ចូលទៅសម្រាកសិនទៅ កាលណាឃ្លានប្រាប់! បងទៅក្រោមសិនហើយ!
ភីណាសម្លឹងដំណើរបងប្រុសដែលដើរយឺតៗចេញទៅ នាងឮស្នូរដកដង្ហើមធំតានតឹងរបស់គាត់ គឺបង្ហាញភាពស្មុគស្មាញជាងនាងខ្លួនឯងទៅទៀត។ ស្រីស្រស់ដើរយឺតៗទៅកាន់បន្ទប់វិញ បិទទ្វារជាប់រួចឡើងលើគ្រែប្រះខ្នងសម្ងំធ្មេចភ្នែក។ ដោយក្បាលមិនទាន់ជាសះមុខរបួសស្រួលបួលនៅឡើយ ក៏ធ្វើទុក្ខឲ្យឈឺក្បាលជាប់រដឹក។ តែទីបំផុតមាណវីក៏សម្ងំទាល់តែលង់លក់។
ប៉ុន្តែទោះជាលង់លក់ទៅហើយ ក៏អារម្មណ៍ទាំងមូលមិនរសាយចេញពីភាពស្មុគស្មាញងាយទេ។ នាងគេងយល់សប្ដិឃើញបងថ្លៃរបស់ខ្លួន បានធ្លាក់រមៀលពីជណ្ដើរហូរឈាមច្រមុះមាត់ ដេកស្លាប់ច្រងាងកណ្ដាលផ្ទះ រឿងហេតុក្នុងសុបិនដូចគ្នាបេះបិទទៅនឹងហេតុការណ៍ពិតប្រាកដនារាត្រីដែលមានភ្លៀងធំនោះ ធ្វើឲ្យនាងក្រមុំភ័យរន្ធត់លាន់មាត់ស្រែករហូតទាល់តែភ្ញាក់ដឹងខ្លួនសាជាថ្មីហើយញ័រដៃជើងបែកញើសស្អិតកណ្ដាលចំហាយម៉ាស៊ីនត្រជាក់ ស្ទុះស្រវាក្រោកអង្គុយ។
ខណៈដែលមិនទាន់ទាំងបានប្រមូលអារម្មណ៍ដែលភ័យរន្ធត់ឲ្យបាននឹងនវិញស្រួលបួលផង ក៏ស្រាប់តែឮសូរគោះទ្វារយ៉ាងញាប់រួមទាំងឮសំឡេងបងប្រុសនាងប្រកបដោយភាពភិតភ័យ៖
-បើកទ្វារ!…ភីណា…យ៉ាងម៉េចហ្នឹង បើកទ្វារ?
នាងក្រមុំលើកដៃទាំងពីរជ្រោងសក់ទៅក្រោយ ទាញតម្រង់សំលៀកបំពាក់ស្រួលបួលរួចទើបដើរទៅបើកទ្វារ ទ្វាររបើកលេចរូបបងប្រុសនាងប្រកបដោយទឹកមុខព្រួយបារម្ភ ឃើញនាងភ្លាម គាត់ពោលសួរយ៉ាងញាប់៖
-មានរឿងអី?
តរុណីដឹងថាអម្បាញ់មិញ ការយល់សប្ដិឃើញរឿងដ៏ភ័យរន្ធត់ធ្វើឲ្យខ្លួនរបូតមាត់ស្រែករហូតទាល់តែឮដល់អ្នកផ្ទះ ទើបនាងសម្រួលទឹកមុខតបទៅកាន់គាត់វិញដោយហត់គឃូស៖
-អត់ទេ! ខ្ញុំយល់សប្ដិអាក្រក់!
ខណៈនោះស្រាប់តែលេចរូបអ្នកស្រីកុលាបនៅឯមាត់ទ្វារដែរ។ គាត់ញញឹមស្រស់មកកាន់ភីណា។ ប៉ុន្តែនាងក្រមុំវិញសម្លឹងឃើញមុខបងថ្លៃរូបនេះកាលណា នាងបើកភ្នែកធំៗដោយរន្ធត់ចិត្ត ហើយក៏ចេញប្រតិកម្មខ្លាំងៗ៖
-មកធ្វើអី? ចេញ.. ចេញទៅ ចេញភ្លាមទៅ…!
លោកកុសលជ្រួញចិញ្ចើម កាលបើឃើញប្រតិកម្មគួរឲ្យទោមនស្សរបស់នារីជាប្អូនគាត់ពោលដោយមិនសប្បាយចិត្ត៖
-ស្អីគេហ្នឹងភីណា? ក្រែងប្រាប់បងថាស្មារតីភ្លឺស្វាងល្អអ្ហេស៎? បងថ្លៃឯង គេមកមើលឯងល្អជាទេតើ!
នាងក្រមុំតបដោយអារម្មណ៍ច្របូកច្របល់ជ្រួលច្រាលពេញក្នុងចិត្ត៖
-ខ្ញុំមិនចង់ឃើញមុខទេ!…ខ្ញុំឃើញមុខទៀត ខ្ញុំឃើញមុខទៀតច្បាស់ជាឆ្កួតមែនទែនមិនខាន ចេញ ចេញទៅ!
លោកកុសលធ្វើហ៊ឹះ ដើរចេញដោយមួហ្មង ក្រសែភ្នែកចុងក្រោយរបស់ភីណាប្រទះទៅនឹងស្នាមញញឹមលើបបូរមាត់បងថ្លៃស្រីដែលនាងយល់ថាស្នាមញញឹមនោះត្រជាក់ស្រេង គ្មានលក្ខណៈជាស្នាមញញឹមរបស់មនុស្សធម្មតាសោះ ធ្វើឲ្យនាងក្រមុំទទួលអារម្មណ៍ព្រឺអស់សារពាង្គកាយ ក៏រុញទ្វារបន្ទប់បិទគ្រាំក្រោមការទុចដំណើរង៉ក់ដោយហួសចិត្តរបស់អភិជនជាបង។
នាងស្ទុះឡើងមកលើគ្រែដណ្ដប់ភួយជិត ទាំងបេះដូងលោតញាប់រន្ថើន។ មាត់នៅតែរអ៊ូពាក្យដដែលៗដោយបែកញើសសស្រាក់ជោកខ្លួន៖
-គាត់មិនមែនមនុស្សទេ មិនមែនទេ គាត់ស្លាប់ហើយ គាត់ស្លាប់បាត់ហើយ មិនមែនមនុស្សរស់ទេ!
នាងឱបដៃទប់ស្កាត់ក្ដីរំជួលចិត្ត កណ្ដាលចំហាយម៉ាស៊ីនត្រជាក់ដែលត្រជាក់ស្រឹបដូចកំពុងស្ថិតនៅកណ្ដាលភ្នំទឹកកក ស្រស់ស្រីយល់ថាបរិយាកាសជុំវិញខ្លួនកាន់តែគួរឲ្យហេងហាងទ្វេឡើង។
នាឡិកាប៉ោលលើជញ្ជាំងវាយ១២អន្លូង…អធ្រាត្របានចូលមកដល់។
ភីណាសម្លឹងជុំវិញខ្លួនដោយញ័ររន្ធត់ នាងស្រវាទូរសព្ទដៃដែលផ្ដេកចោលក្បែរខ្លួន ចុចលេខទៅរកវិទូគូដណ្ដឹងដែលតែងតែឈឺឆ្អាលចំពោះនាង។
កណ្ដាលយប់ស្ងាត់ សំឡេងរបស់អ្នកកំលោះវិទូលាន់មកពីចុងម្ខាងរបៀបងោកងុយ៖
-អាឡូ!…អ្នកណានិយាយ?
ស្រស់ស្រីភីណាប្រញាប់ឆ្លើយ៖
-វិទូ….អូនណា៎! បងកំពុងធ្វើអី ឆាប់និយាយលេងជាមួយអូនទៅ និយាយលេងជាមួយអូនមក! អូនអផ្សុកណាស់ និយាយទៅ និយាយអីក៏បានដែរ។
សំឡេងវិទូសើចខិកពីចុងម្ខាង គេពោលសួរ៖
-ម៉េចហ្នឹង? អត់គិតគេងយកកម្លាំងទេ? កណ្ដាលអធ្រាត្រហើយណា៎! និយាយលេង?
ភីណាតបដោយភ័យព្រួយ៖
-អត់ទេវិទូ អូនគេងអត់លក់! បន្ទប់អូនស្ងាត់ណាស់ បើមិននិយាយលេងជាមួយបងឯងទេ! ខ្លាចខ្លាំងណាស់ អូនទ្រាំមិនបានទេ! បងដឹងអត់ថាផ្ទះអូនគួរឲ្យខ្លាចណាស់! គួរឲ្យខ្លាចមែន!
វិទូស្ងាបហ៊មៗដោយងងុយគេង។ តែនរៈខំឆ្លើយតបចំពោះការស្នើសុំរបស់នាង៖
-និយាយអីឥឡូវ! និយាយមកបងនៅស្ដាប់…តែបងបិទភ្នែកនិយាយទេណា៎!
-តែអូនគេងអត់លក់ពិតមែន!
-ចុះបងមានថាអី! បងនៅនិយាយជាមួយទេតើ…(នាយប៉ូលិសស្ដីបណ្ដើរស្ងាបបណ្ដើរ)
ភីណាតបដោយមិនសប្បាយចិត្ត៖
-អញ្ចឹងបងសម្រាន្តចុះ! ខ្ញុំលែងរំខានហើយ!
វិទូបន្លឺបន្ថែមមកកាន់នាងដោយអាការងោកងុយ៖
-អូខេ! ព្រឹកស្អែកទៅលេងអូន!
-ចា៎!
នាងបិទទូរសព្ទដោយទឹកមុខមិនសប្បាយចិត្ត…ប្រះខ្លួនគេង ប៉ុន្តែប្រឹងបិទភ្នែកយ៉ាងណាក៏មិនលក់សោះ ឯពោះក៏ចាប់ផ្ដើមឃ្លានហើយដែរ ត្រូវដល់ពេលលេបថ្នាំទៀត នាងធ្វើម៉េចហ៊ានចេញពីបន្ទប់ចុះទៅផ្ទះបាយរកចំណីទៅ។
ស្រីក្រឡេកទៅឃើញបើកប្រអប់នំដែលមានស្រាប់លើតុសរសេរក្បែរនោះ ក៏ក្រោកទៅលើកមកកំដរពោះ។ ញ៉ាំនំអស់ច្រើនហើយដែរ ឃើញថាបានគ្រាន់បើជាងមុន មិនជាឃ្លានណាស់ណាទេ ប៉ុន្តែភ្នែកឯណេះវិញរឹតតែស្វាងចែស។ កណ្ដាលរាត្រីស្ងាត់សូន្យ ឮតែសូរសំឡេងសត្វរាត្រីចរបន្តគ្នាយំពីក្នុងសួនផ្កា និងភាពងងឹតសព្វទី សភាពភ័យខ្លាចសណ្ឋិតចូលមកក្នុងរាងកាយសាជាថ្មី ។
នាងក្រមុំនឹកដល់រឿងចម្លែករបស់បងថ្លៃខ្លួនដែល នឹកឃើញកាលណាព្រឺព្រួចកាលណោះ នាងនៅតែចិញ្ចឹមចិត្តថាមិនមែនជាមនុស្សទៀតទេ ព្រោះនាងបានឃើញគាត់ស្លាប់ផ្ទាល់នឹងភ្នែក។
នាងស្រវាថ្នាំក្បែរកូនតុដំណេកមករើលេប។ មិនយូរប៉ុន្មានជាតិថ្នាំជ្រាប នាងដឹងថាត្របកភ្នែកខ្លួនចាប់ផ្ដើមទន់ …
សូមរង់ចាំតាមដានអានភាគបន្តនៅថ្ងៃសុក្រស្អែកនេះ