បុរសម្នាក់ជាប់ចោទ គាស់រនាបក្ដារលួច ទ្រព្យសម្បត្ដិ ផ្ទះស្ដ្រីមេម៉ាយ
ខេត្ដព្រះសីហនុ ៖ យុវជនម្នាក់បានធ្វើសកម្មភាពគាស់រនាបក្ដារបន្ទប់ទឹកចូលក្នុងបន្ទប់ស្ដ្រីមេម៉ាយម្នាក់ទាំងកណ្ដាល អធ្រាត្រត្រូវបានក្រុមកម្មករទូកចាប់វាយ ទ្រោមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ។
នគរបាលប៉ុស្ដិ៍នគរបាលសង្កាត់លេខ៤ម្នាក់បានបង្ហើបឱ្យដឹងថា យុវជន ដែលបានចាប់ខ្លួនមានឈ្មោះ ឌី ម៉ាប់ អាយុ២១ឆ្នាំ មានទីលំនៅស្រុកកំពង់ត្រាច ខេត្ដកំពត មុខរបរកម្មករទូក ស្នាក់នៅ បណ្ដោះអាសន្នកន្លែងកើតហេតុខាងលើ។
នគរបាលបញ្ជាក់ថា នៅវេលាយប់ ម៉ោងប្រមាណ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ជនសង្ស័យមានបំណងគាស់រនាបក្ដារ លួចទ្រព្យសម្បត្ដិប្រជាពលរដ្ឋមិនបានសម្រេចនៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដោយជន សង្ស័យបានធ្វើសកម្មភាពចុះទៅក្នុងទឹកសមុទ្ររួចឡើងតាមសសរផ្ទះ ។ បន្ទាប់ មកបានធ្វើសកម្មភាពគាស់ក្ដារបន្ទប់ ទឹកចូលទៅក្នុងបន្ទប់ស្ដ្រីមេម៉ាយដែល ដេកម្នាក់ឯងក្នុងគោលបំណងលួចយក ទ្រព្យសម្បត្ដិ តែសំណាងអាក្រក់ជនសង្ស័យ ជាន់ប៉ះក្ដារនាបមានសភាពពុកផុយក៏ បានលាន់ឬដល់ស្ដ្រីមេម៉ាយ ហើយក៏ ស្រែកឆោឡោធ្វើឱ្យកម្មករទូកដែលដេកក្បែរនោះស្ទុះមកជួយនិងចាប់ឃាត់ខ្លួន បានតែម្ដង ។
ដោយកំហឹងកម្មករទូកមួយចំនួន បានវាយមួយដៃមួយជើងបណ្ដាលឱ្យជនសង្ស័យបែកក្បាលដេ៣ថ្នេរ បន្ទាប់មកក៏ បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនិងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុដើម្បីដេររបួស ។
ជនសង្ស័យឈ្មោះ ឌី ម៉ាប់ បាននិយាយ ថា រូបគេមិនមែនជាចោទេ ហើយក៏មិន បានចូលគាស់ក្ដាបន្ទប់ស្ដ្រីមេម៉ាយនោះដែរគឺរូបគេបានគោះទ្វាស្ដ្រីរូបនោះក្នុង បំណងរកទិញស្រាបៀរផឹក បន្ទាប់ពីរូប គេបានផឹកស៊ីស្រវឹងជាមួយមិត្ដភក្ដិនៅម្ដុំភូមិថ្មី ហើយនៅពេលត្រឡប់មក វិញដេកមិនលក់ក៏ទៅគោះទ្វាអ្នកលក់ (ស្ដ្រីមេម៉ាយ) តែត្រូវកម្មករទូកដូច គ្នាចាប់វាយ ។
ទោះជាជនសង្ស័យបដិសេធយ៉ាងនេះក៏ដោយសមត្ថកិច្ចបន្ដសាកសួរជនសង្ស័យ ដើម្បីស្វែងរកចម្លើយពិតប្រាកដ ៕
- ប្រភពពីនគរវត្ត